ហិរញ្ញប្បទានលើដំណោះស្រាយបញ្ហាអាកាសធាតុក្នុងវិស័យព្រៃឈើ តាមរយៈទីផ្សារកាបូន៖ ករណីប្រទេសកម្ពុជា

4 July 2022

©️Manuth Buth/UNDP Cambodia

អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងជាភាសាអង់គ្លេសនៅលើគេហទំព័រ កម្មវិធីអាកាសធាតុ និងព្រៃឈើរបស់ UNDP និងគេហទំព័រ យូអិនឌីភី ប្រចាំកម្ពុជា

    កម្ពុជាបានដាក់ចេញនូវមាគ៌ាដ៏ច្បាស់លាស់ សម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន។ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្ដីពីការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) ក្នុងឆ្នាំ ២០២០ កម្ពុជាបានដាក់យុទ្ធសាស្រ្តរយៈពេលវែងស្ដីពីអព្យាក្រឹតភាពកាបូន (LTS4CN) ដែលជាយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាខ្ពស់ ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ កម្ពុជាបានក្លាយជាប្រទេសទី ១ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានយុទ្ធសាស្រ្តបែបនេះ ជាមួយនឹងការកំណត់ចំណុចដៅសម្រាប់ឆ្នាំ ២០៥០។ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើកន្លងមកឱ្យបាន ៥០% ត្រឹមឆ្នាំ ២០៣០ មានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវចំណុចដៅនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលត្រូវបានដាក់ចេញនៅកម្ពុជា ស្មើនឹងជិត ៦០% នៃចំណុចដៅជារួមនៅក្នុង NDC របស់កម្ពុជា។ ត្រឹមឆ្នាំ ២០៥០ កម្ពុជារំពឹងថាវិស័យព្រៃឈើនឹងក្លាយជាអាងកាបូនដ៏មានសារៈសំខាន់។ 

    ការអនុវត្ត NDC របស់កម្ពុជា ត្រូវការទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០ ហើយការសម្រេចតាមចំណុចដៅឆ្នាំ ២០៥០ ត្រូវការកំណើននៃការវិនិយោគពីវិស័យសាធារណៈ និងវិស័យឯកជនពីប្រមាណ ៥០០ លានដុល្លារ ដល់ ២,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការអនុវត្តនេះរាប់បញ្ចូលទាំងការការអនុវត្តផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តយុទ្ធសាស្រ្តរេដបូកជាតិ ដើម្បីសម្រេចឱ្យបាននូវការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រកបដោយមហិច្ឆតាក្នុងវិស័យព្រៃឈើ ក្នុងតម្លៃចំណាយប៉ាន់ស្មានប្រមាណ ១៨៥,៧ លានដុល្លារ ត្រឹមឆ្នាំ ២០៣១។ តម្រូវការចាំបាច់សម្រាប់ការទទួលបានហិរញ្ញប្បទានដែលមានកាកើនឡើងគួរឱ្យកត់សម្គាល់ ដើម្បីជួយសម្រេចគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ត្រូវបានស្ដែងចេញឱ្យឃើញយ៉ាងច្បាស់ ជាមួយនឹងការបញ្ចប់ការរៀបចំសៀវភៅណែនាំស្តីពីវិធានទីក្រុងប៉ារីស (Paris Rulebook) ក្នុងសន្និសីទកំពូលនៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP 26) នៅទីក្រុងក្លាស់ហ្គូវ(Glasgow) ដែលទីផ្សារកាបូនអន្តរជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ធ្វើការកៀរគរតម្រូវការវិនិយោគចំាបាច់បំផុតទាំងនេះ។

    ចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ការផលិត និងការលក់ឥណទានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើរបស់កម្ពុជា រកចំណូលបានប្រមាណ ១២ លានដុល្លារ។ កម្ពុជាបាន និងកំពុងអនុវត្តវិធានការជាជំហានៗជាច្រើន ដើម្បីធានានិរន្តរភាព និងពង្រីកប្រភពហិរញ្ញប្បទានកាបូនដ៏សំខាន់មួយនេះ។ ក្នុងចំណោមវិធានការទាំងនេះ កម្ពុជាកំពុងរៀបចំនូវប្រព័ន្ធបដិបត្តិរេដបូក (nested system) មួយ ក្នុងគោលបំណងធ្វើសុខដុមនីយកម្មរាល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាំងអស់នៅក្នុងប្រទេស នៅតាមកម្រិត និងតាមតំបន់នានា។ គោលដៅសំខាន់មួយ គឺធានាសុចរិតភាពបរិស្ថាន ពោលគឺតម្លាភាព និងគណនេយ្យភាព តាមរយៈការបញ្ចៀសការរាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នស្ទួនគ្នា។ ប្រព័ន្ធនេះពង្រឹងបន្ថែមលើការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការធ្វើស្ថាប័ននីយកម្ម និងការធ្វើបញ្ញត្តិកម្មរេដបូក និងការរៀបចំយន្តការ ដើម្បីបង្កភាពងាយស្រួលដល់ការចូលរួមរបស់កម្ពុជាក្នុងទីផ្សារកាបូន។

    ជាការពិត រាជរដ្ឋាភិបាលបានដឹងពីបញ្ហាប្រឈមក្នុងការធានាសុចរិតភាពនៅក្នុងទីផ្សារស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំមុនមក កម្ពុជាបានចូលរួមក្នុងតួនាទីជាអ្នកសង្កេតការណ៍ក្នុងគំនិតផ្ដួចផ្ដើមទីផ្សារកាបូនស្ម័គ្រចិត្ត (VCMI) ដើម្បីរៀបចំគោលការណ៍ណែនាំស្ដីពីការប្រើប្រាស់ និងការទាមទារឥណទានកាបូនដែលមានគុណភាពខ្ពស់។  កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងនាមជាដៃគូ នៅក្នុងគំនិតផ្ដួចផ្ដើមនេះ ទទួលស្គាល់ថាទីផ្សារកាបូនស្ម័គ្រចិត្ត គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីកៀរគរហិរញ្ញប្បទានអាកាសធាតុ នៅពេលដែលទីផ្សារទាំងនេះមានដំណើរការស្របតាមគោលការណ៍ និងការការពារសុវត្ថិភាពបរិស្ថាននិងសង្គមរបស់ UNFCCC និងត្រូវបានកែសម្រួលឱ្យស្របតាមបរិបទរបស់ជាតិ។

    ក្រោយការចរចានៅក្នុងកិច្ចប្រជុំ COP26 ជាពិសេស ចំណុចចរចាដែលត្រូវបានឯកភាពគ្នាក្រោមមាត្រា ៦.២ សក្ដានុពលសំខាន់ៗថ្មីៗ បានបើកទ្វារឱ្យកម្ពុជាទទួលបានហិរញ្ញប្បទានអាកាសធាតុពីបណ្ដាញអ្នកផ្តល់ជំនួយ និងអ្នកទិញឥណទានកាបូនដែលមានសក្ដានុពលនៅក្នុងពិភពលោក។ ដើម្បីច្បាមប្រយោជន៍ពីឱកាសទាំងនេះ កម្ពុជាកំពុងមានសន្ទុះឈានទៅមុខក្នុងការរៀបចំ៖ (១) ស្ថាប័នគ្រប់គ្រងដែលជួយសម្រួល និងផ្តល់ការលើកទឹកចិត្តដល់ការរៀបចំនិងអនុវត្តគម្រោងកាបូននៅតាមទីតាំងជាក់លាក់ (២) អភិក្រមរេដបូកថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិដែលជាឧបករណ៍ដ៏សំខាន់ សម្រាប់បញ្ឈប់ការបាត់បង់ព្រៃឈើ និង (៣) មានការចូលរួមដោយផ្ទាល់ពីសហគមន៍។ ការរៀបចំអភិបាលកិច្ចទាំងនេះ អាចបង្កើតនូវបរិយាកាសធុរកិច្ចសមស្រប ព្រមទាំងអាចជំរុញការវិនិយោគពីវិស័យឯកជនប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់កម្រិតខ្ពស់ ដើម្បីឈានទៅសម្រេចគោលដៅបញ្ចេញកាបូនស្មើសូន្យ (net zero) ដែលក្នុងពេលដំណាលគ្នា ជួយសម្រេចគោលដៅនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជាផងដែរ។

    ដើម្បីគាំទ្រដល់ដំណើរការនេះ កម្មវិធីអាកាសធាតុ និងព្រៃឈើរបស់ UNDP កំពុងផ្តល់ជំនួយបច្ចេកទេសដល់ការអនុវត្តការវាយតម្លៃលើការប្រើប្រាស់ដីធ្លី បម្រែបម្រួលនៃការប្រើប្រាស់ដីធ្លី និងព្រៃឈើ (LULUCF) និងឧបករណ៍ NDC (PLANT) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ PLANT គឺជាប្រព័ន្ធទិន្នន័យសកម្មមួយ  ដែលប្រមូលផ្ដុំទិន្នន័យស្ដីពីការបញ្ចេញឧស្ម័នពីវិស័យ LULUCF ជាតិ។ តាមរយៈការរៀបចំជាប្រព័ន្ធទិន្នន័យជាតិ ការបង្ហាញទិន្នន័យក្នុងទម្រង់ជារូបភាព និងការចែករំលែកទិន្នន័យជាតិជាសាធារណៈ ឧបករណ៍នេះផ្ដល់លទ្ធភាពឱ្យប្រទេសដែលមានព្រៃឈើអាចធ្វើការវាយតម្លៃពីធាតុផ្សំសំខាន់ៗ និងធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានត្រឹមត្រូវ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមទស្សនៈវិស័យ LULUCF។ ប្រព័ន្ធទិន្នន័យ PLANT ទទួលបានទិន្នន័យពីប្រទេសដែលអនុវត្តកម្មវិធីរេដបូកចំនួន ៥៦ (រួមទាំងកម្ពុជាផងដែរ) និងពីយុត្តាធិការចំនួន ១៦ ហើយកំពុងត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃលើជម្រើសនានា និងគាំទ្រដល់ការសម្រេចចិត្តស្ដីពីការអនុវត្ត NDC របស់ប្រទេសទាំងនោះ។ 

    កាន់តែទូលាយជាងនេះទៀត ដោយមានការគាំទ្រពី UNDP តាមរយៈគំនិតផ្ដួចផ្ដើមពី UNDP នៅកម្រិតសកល ដូចជា កម្មវិធី កិច្ចសន្យាអាកាសធាតុ (Climate Promise) និងបណ្ដាញហិរញ្ញប្បទានអាកាសធាតុ (Climate Finance Network) កម្ពុជាកំពុងធ្វើការពិចារណាជាលក្ខណៈយុទ្ធសាស្ត្រស្តីពីរបៀបដែលទីផ្សារកាបូនអន្តរជាតិទាំងអនុលោមភាព និងស្ម័គ្រចិត្ត អាចផ្ដល់នូវកាលានុវត្តភាពសម្រាប់ធ្វើការកៀរគរការវិនិយោគក្នុងវិស័យជាអាទិភាព ដូចជា វិស័យព្រៃឈើ និងវិស័យប្រើប្រាស់ដី ស្របតាម NDC ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និង LTS4CN របស់ខ្លួន។ ជាជំហានដំបូង សិក្ខាសាលារួមគ្នាមួយត្រូវបានរៀបចំឡើងក្នុងខែមីនា ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពដៃគូបច្ចេកទេស និងដៃគូជាន់ខ្ពស់ថ្នាក់ជាតិស្តីពីទីផ្សារកាបូន។ សិក្ខាសាលានេះបង្ហាញពីទិដ្ឋភាពរួមនៃទីផ្សារកាបូន ក៏ដូចជា បង្ហាញលម្អិតបន្ថែមទៀតអំពីមាត្រា ៦ នៃអនុសញ្ញា UNFCCC  និងពិនិត្យលើតម្រូវការចាំបាច់ក្នុងការកែសម្រួលឱ្យស្របតាម NDC និង LTS4CN  របស់កម្ពុជា។ ជាផ្នែកនៃសិក្ខាសាលានេះ មានការប្រមូលអាទិភាព និងធាតុចូលដំបូងៗ ដើម្បីឈានទៅធ្វើការប៉ាន់ប្រមាណពីសក្ដានុពលនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុសម្រាប់វិស័យនានា ដែលត្រូវបានបញ្ចូលក្នុង NDC និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលកម្ពុជាអាចមានសម្រាប់លក់នៅក្នុងទីផ្សារកាបូន។ 

    ជាជំហានបន្ទាប់ កម្ពុជាកំពុងរិះរកវិធីចូលរួមក្នុងមាត្រា ៦ និងទីផ្សារកាបូនស្ម័គ្រចិត្ត និងពីរបៀបកំណត់សកម្មភាពដែលអាចអនុវត្តបានលឿន និងដែលមានសុចរិតភាពខ្ពស់ សំដៅគាំទ្រ និងផ្តល់ហិរញ្ញប្បទានដល់ការអនុវត្ត NDC របស់ខ្លួន។ UNDP ត្រៀមខ្លួន និងប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការនេះ។

 

អត្ថបទដោយ៖

ក្រុមការងារ កម្មវិធីអាកាសធាតុ និងព្រៃឈើរបស់ UNDP និងយូអិនឌីភី ប្រចាំកម្ពុជា