ការការពារជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា និងការលើកកម្ពស់ការប្រមូល និងការបែងចែក ផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ ប្រកបដោយនិរន្តរភាព សមធម៌ និងសមភាព
ការសម្រុករករ៉ែមាសសម័យថ្មី៖ ការការទាញយកអត្ថប្រយោជន៍ពីធនធានជីវសាស្ត្រ
3 August 2022
អត្ថបទនេះត្រូវបានចេញផ្សាយដំបូងជាភាសាអង់គ្លេស នៅលើគេហទំព័រ UNDP Ecosystems & Biodiversity។
ការទាញយកអត្ថប្រយោជន៍ពីធនធានជីវសាស្ត្រ (Bioprospecting) សម្រាប់ជីវៈចម្រុះ
វិស័យថាមពល កសិកម្ម ទេសចរណ៍ ព្រមទាំងវិស័យធំៗដទៃទៀត ដូចជាការរៀបចំផែនការអភិវឌ្ឍន៍ជាដើម សុទ្ធតែកំពុងឆ្លងកាត់ការផ្លាស់ប្តូរ និងរបត់សំខាន់ៗ ឆ្ពោះទៅរកការវិនិយោគដែលកាន់តែផ្តល់ផលវិជ្ជមានដល់ធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខមនុស្ស និងភាពធន់ទៅនឹងអាកាសធាតុ។
ការដើរស្វែងរករ៉ែ ដែលដើមឡើយត្រូវបានគេគិតថាជាការងាររបស់អ្នករុករករ៉ែ ដែលជាការងារដ៏ពិបាក ហើយមិនដឹងថានឹងបានទទួលផលមកវិញផងនោះ កំពុងឆ្លងកាត់បរិវត្តកម្មបៃតងស្រដៀងគ្នានេះដែរ។
បច្ចុប្បន្ននេះ ចៀសជាងស្វែងរកលោហធាតុ និងធនធានរ៉ែ ការស្វែងរកអត្ថប្រយោជន៍ពីធនធានជីវសាស្ត្រ សំដៅលើការស្វែងរកពពួកសត្វ និងរុក្ខជាតិ ដើម្បីទាញយកធនធាតុពន្ធុរបស់វាមកប្រើប្រាស់ក្នុងឧស្សាហកម្មផលិតឱសថ និងឧស្សាហកម្មគីមី-ជីវសាស្ត្រ និងសម្រាប់ផលិតផលិតផលដែលអាចផ្តល់នូវភាពចំណេញខាងពាណិជ្ជកម្មជាច្រើនប្រភេទ។
ការស្វែងរកអត្ថប្រយោជន៍ពីធនធានជីវសាស្ត្រនេះ នាំឱ្យមានការផ្តល់នូវការព្យាបាលបែបថ្មីសម្រាប់ជំងឺគ្រុនចាញ់ របេង អេដស៍ និងមហារីកជាដើម ដែលជាការគូសបញ្ជាក់ជាថ្មីម្តងទៀតពីការពឹងផ្អែកទៅវិញទៅមករវាងប្រព័ន្ធអេកូឡូស៊ី និងសុខភាព និងសុខមាលភាពមនុស្ស។
ការស្វែងរកអត្ថប្រយោជន៍ពីធនធានជីវសាស្ត្រ ត្រូវធ្វើឡើងដោយប្រើប្រាស់អភិក្រមប្រកបដោយនិរន្តរភាព ដើម្បីនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមសម្រាប់សហគមន៍ក្រីក្រ។ ប្រសិនបើពុំទទួលបានអត្ថប្រយោជន៍ទាំងនេះទេ ពួកគេប្រាកដជាប្រើប្រាស់ធនធានដីធ្លី ធនធានបរិស្ថាន ឬយន្តការទប់ទល់បែបអវិជ្ជមានដទៃទៀត ដែលពុំមាននិរន្តរភាព ដូចជាការធ្វើចំណាកស្រុក ដើម្បីគោលបំណងសេដ្ឋកិច្ចជាដើម។
ប្រភពមាសធម្មជាតិដ៏សម្បូរបែប
ជីវៈចម្រុះធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងធនធានពន្ធុដែលពាក់ព័ន្ធរបស់វា បានទាក់ទាញការស្វែងរកប្រយោជន៍ពាណិជ្ជកម្មពីធនធានជីវសាស្ត្រ។ ជីវៈចម្រុះរបស់កម្ពុជា មានប្រភេទរុក្ខជាតិឱសថជាច្រើនដែលគេស្កាល់ថាជារុក្ខជាតិដែលមានដើមកំណើតក្នុងប្រទេសនេះ។
មានរុក្ខជាតិឱសថល្បីៗជាច្រើនប្រភេទដែលមានដើមកំណើតនៅកម្ពុជា។ ប្រភេទរុក្ខជាតិទាំងនេះ មានដូចជា៖ មើមថ្នាំចិន (ជារុក្ខជាតិឱសថក្នុងអំបូរ Zingiberaceae ដែលមានគ្រប់រដូវ) រំដេងព្រៃ (Alpinia conchigera), រំមៀតព្រៃ (Curcuma sp.), ក្រវាញ (Amomum kravanh), ម្រះព្រៅភ្នំ (Dysoxylum lourieri), ដៃខ្លា (Gardenia angkorensis), ទេពពង្រូ (Cinnamomum cambodianum) និងវល្លិ៍រំមៀត (Coscinium usitatum)។ រុក្ខជាតិដែលមានដើមកំណើតកម្ពុជាផ្សេងទៀត ដូចជា វល្លិ៍រំមៀតជាដើម (Coscinium sp.) ក៏ត្រូវបានរកឃើញនៅក្នុងអាស៊ីផងដែរ។
ភាពសម្បូរបែបផ្នែកជីវសាស្ត្ររបស់កម្ពុជាកំពុងទទួលរងការគំរាមកំហែង
ខណៈពេលកម្ពុជាបន្កគ្រប់គ្រងអន្តរកាលរបស់ខ្លួន ពីសេដ្ឋកិច្ចដែលប្រជាពលរដ្ឋពឹងលើវិស័យកសិកម្ម សម្រាប់ចិញ្ចឹមជីវិត ទៅជាសេដ្ឋកិច្ចបែបកសិឧស្សាហកម្ម ធនធានជីវសាស្ត្ររបស់ប្រទេសនេះ កាន់តែទទួលរងការគំរាមកំហែង។
ការគំរាមកំហែងទាំងនេះ រួមមាន ការប្រជែងលើការប្រើប្រាស់ដីធ្លី សម្រាប់ការធ្វើកសិកម្ម ការអភិវឌ្ឍទីក្រុងនិងហេដ្ឋរចនាសម្ព័ន្ធ ការទាញយកប្រយោជន៍ដ៏លើសលុបពីរុក្ខជាតិ ព្រៃ និងសត្វ សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ ការប្រមូលអនុផលព្រៃឈើហួសប្រមាណ និងការប្រែប្រួលអាកាសធាតុ ជាដើម។ល។
នាពេលបច្ចុប្បន្ននេះ រុក្ខជាតិឱសថជាច្រើនរបស់ប្រទេសនេះ កំពុងប្រឈមនឹងការដាច់ពូជ និងលែងមានក្នុងបរិមាណគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាជនក្នុងស្រុក។ រុក្ខជាតិឱសថសរុបចំនួន ៣២៤ ប្រភេទ ដែលមានដើមកំណើតនៅកម្ពុជា ត្រូវបានគេចាត់ទុកថាអាចនឹងទទួលរងការគំរាមកំហែង ឬអាចងាយរងគ្រោះ ក្នុងរយៈពេលវែង។
រុក្ខជាតិទាំងនេះ មានពពួករុក្ខជាតិចំនួន ៣ ដែលមានឈ្មោះនៅក្នុងអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិនៃពពួកសត្វ និងរុក្ខជាតិព្រៃដែលទទួលរងគ្រោះថ្នាក់ ហើយរុក្ខជាតិចំនួន ២១ ប្រភេទទៀត ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រហម នៃអង្គការសម្ព័ន្ធអភិរក្សធម្មជាតិអន្តរជាតិ (IUCN) (ប្រភព)។ រុក្ខជាតិមួយចំនួនដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ត្រូវបានដកហូតរហូតដល់កម្រិតដែលវាលែងមានទៀតនៅប៉ែកពាយព្យនៃកម្ពុជា ជាពិសេស ពីតំបន់ភ្នំក្រវាញ និងតំបន់ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ)។
តំបន់ខ្ពង់រាប និងតំបន់ភ្នំនៅកម្ពុជា ក៏ជាតំបន់ដែលប្រជាពលរដ្ឋមានចំណេះដឹងជាប្រពៃណីពាក់ព័ន្ធជាច្រើន អំពីការអភិរក្សធម្មជាតិ សុខភាព និងសុខមាលភាព ការធ្វើកសិកម្មប្រកបដោយចីរភាព ព្រមទាំងរបៀបប្រើប្រាស់ និងគ្រប់គ្រងរុក្ខជាតិ និងសត្វជាដើម។
មានប្រជាជនរស់នៅប្រមាណ ១,៧ លាននាក់ (១១,៦៨% នៃចំនួនប្រជាជនសរុបនៃប្រទេសនេះ) នៅតំបន់នេះ ដែលក្នុងនោះជាង ២00.000 នាក់ គឺជាក្រុមជនជាតិដើមភាគតិច ដែលរស់នៅតំបន់នេះរាប់សតវត្សរ៍មកហើយ ដោយពួកគេរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងបរិស្ថានធម្មជាតិ។
ក្នុងករណីជាច្រើន សហគមន៍ទាំងនេះបានរស់នៅឯកាពីគេ ឬមានទំនាក់ទំនងតិចតួចបំផុតជាមួយនឹងក្រុមដទៃទៀត ហើយពួកគេបានបង្កើតនូវបទដ្ឋាននិងវិធានវប្បធម៌ដ៏ស្មុគស្មាញសម្រាប់គ្រប់គ្រងចក្ខុវិស័យរបស់ពួកគេអំពីពិភពលោក ជំនឿគោរពអារក្ខអ្នកតារបស់ពួកគេ និងការប្រកបរបរចិញ្ចឹមជីវិតដោយឈរលើគោលការណ៍រួមរស់ជាមួយនឹងបរិស្ថានធម្មជាតិប្រកបដោយចីរភាព។
សហគមន៍ទាំងនេះ គឺជាអ្នករក្សាទុកឃ្លាំងចំណេះដឹងទាំងនេះ មានការប្រែប្រួលទៅតាមតំបន់ភូមិសាស្ត្រ ក្រុមជនជាតិដើមភាគតិច និងក្រុមជនជាតិភាគតិចដទៃទៀត។
ការបាត់បង់ចំណេះដឹងជាប្រពៃណីពាក់ព័ន្ធដ៏មានតម្លៃ អំពីការប្រើប្រាស់ និងការការពារធនធានពន្ធុ នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិរក្សធនធានជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព ដែលចុងក្រោយនាំឱ្យមានការបាត់បង់ដំណោះស្រាយ និងអត្ថប្រយោជន៍ដែលបានពីធម្មជាតិ (ផ្នែកហិរញ្ញវត្ថុផង និងផ្នែកអត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុផង) សម្រាប់សហគមន៍មូលដ្ឋាន និងជនជាតិដើម និងចុងក្រោយបង្កការបាត់បង់អត្ថប្រយោជន៍ទាំងនេះ សម្រាប់ប្រទេស និងសហគមន៍ ទូទាំងសកលលោក។
កម្លាំងចលករដែលនាំឱ្យមានការផ្លាស់ប្តូរថ្មី
អនុភាពនៃនវានុវត្តន៍ ដែលយកចំណេះដឹងជាប្រពៃណីពាក់ព័ន្ធទៅប្រើប្រាស់រួមគ្នាជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបែបទំនើប នាំឱ្យមានការបំប្លែងធនធានពន្ធុ ទៅជាឱសថ ចំណីអាហារ និងផលិតផលដទៃទៀត ដែលមានសារៈសំខាន់ និងចាំបាច់បំផុត សម្រាប់អត្ថិភាពរបស់មនុស្ស។
ជាការពិត គេអាចនិយាយបានថា ទាំងធនធានពន្ធុ ទាំងនវានុវត្តន៍ សុទ្ធតែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាពនិងកំណើនសេដ្ឋកិច្ច មានទំនាក់ទំនងជាមួយគ្នាយ៉ាងជាក់ច្បាស់។
កាលពីពេលថ្មីៗនេះ ស្ថាប័នស្រាវជ្រាវ ក្រុមហ៊ុនផលិតឱសថឯកជន និងអង្គការក្រៅរដ្ឋាភិបាល បានទទួលស្គាល់ពីសារៈសំខាន់នៃការអភិរក្ស និងការប្រើប្រាស់ចំណេះដឹងនេះ។ ទោះជាយ៉ាងនេះក្តី អត្ថប្រយោជន៍ដែលទទួលបាន ជារឿយៗ ពុំត្រូវបានចែករំលែកជាមួយសហគមន៍ឡើយ។
ការការពារធនធានពន្ធុ និងការធានាឱ្យមានការប្រមូល និងការបែងចែកផលប្រយោជន៍ តម្រូវឱ្យមានការកសាងសមត្ថភាពស្ថាប័ន និងការយល់ដឹងរបស់តួអង្គពាក់ព័ន្ធ ដូចជាស្ថាប័នសាធារណៈ (និយ័តករ) និងវិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ សហគមន៍មូលដ្ឋាន និងជនជាតិដើម (អ្នកប្រើប្រាស់) ។
ពិធីសារណាហ្គូយ៉ា ដែលជាកិច្ចព្រមព្រៀងបំពេញបន្ថែមនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ បង្កើតនូវវេទិកាសម្រាប់ចែករំលែកផលប្រយោជន៍ប្រកបដោយសមភាព និងសមធម៌ ដែលជួយសម្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់សហគមន៍មូលដ្ឋាន និងជនជាតិដើម និងការបន្ត អភិរក្សមូលធនធម្មជាតិរបស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
[នៅកម្ពុជា ក៏មានលិខិតតូបករណ៍ច្បាប់ដែលកំណត់ពីការប្រមូលលធនធានរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើម និងការបែងចែកផលប្រយោជន៍ផងដែរ។ ទោះជាយ៉ាងនេះក្តី ការអនុវត្តលិខិតតូកបករណ៍នេះ នៅមានទាន់បានធ្វើនៅឡើយ ដោយមិនទាន់មានការចេញលិខិតអនុញ្ញាតជាផ្លូវការអ្វីនោះឡើយ ហើយកិច្ចសន្យាស្តីពី ABS ក៏ពុំទាន់ត្រូវបានអនុម័តដោយអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ជាតិដែរ។ ជាលទ្ធផល មិនទាន់មានការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជនណានោះឡើយ បន្ទាប់ពីពិធិសារណាហ្គូយ៉ា ស្តីពី ABS បានចូលជាធរមាននៅកម្ពុជារួចមកហើយ។]
ចាប់តាំងពីឆ្នាំ ២០១១ មក កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ដោយមានការគាំទ្រថវិកាពីមូលនិធិអនុវត្តពិធីសារណាហ្គូយ៉ា (NPIF) និងកម្មវិធីបរិស្ថានសកល (GEF) បាននឹងកំពុងគាំទ្រដល់រដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងវិស័យឯកជន ដើម្បីរៀបចំក្របខណ្ឌ ABS នៅថ្នាក់ជាតិ កសាងសមត្ថភាព និងទាញប្រយោជន៍ពីសក្តានុពលនៃធនធានពន្ធុ។
ការគាំទ្រនេះ កំពុងត្រូវបានប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីៗសម្រាប់វិស័យកសិកម្ម ការការពារដំណាំ ការផលិតឱសថ ផលិតផលថែទាំខ្លួន និងផលិតផលអាហារ/ភេសជ្ជៈក្នុងប្រទេសជាង ៤០។
នៅកម្ពុជា អង្គការ UNDP និងក្រសួងបរិស្ថានកំពុងអនុវត្តគម្រោង “រៀបចំបង្កើតក្របខណ្ឌការងារសម្រាប់ការអនុវត្តពិធីសារណាហ្គូយ៉ានៅកម្ពុជា”។
ជាមួយនឹងថវិកាគាំទ្រពីកម្មវិធីបរិស្ថានសកល (GEF) គម្រោងនេះ កំពុងកសាងបរិយាកាសអំណោយផល ដើម្បីពង្រឹងសមត្ថភាពច្បាប់ និងសមត្ថភាពស្ថាប័ននៅក្នុងប្រទេសនេះ ដោយផ្តោតលើការប្រមូល និងការបែងចែកផលប្រយោជន៍នៃធនធានពន្ធុ និងការអភិរក្សចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ។
ក្របខណ្ឌ ABS ជាតិ និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តក្របខណ្ឌនេះ ត្រូវបានរៀបចំរួចរាល់ រួមនឹងគំរូសម្រាប់ការស្វែងរកអត្ថប្រយោជន៍ពីការកែច្នៃធនធានជីវសាស្ត្រ (bioprospecting) ក្របខណ្ឌតាមដាន និងវាយតម្លៃសម្រាប់តាមដានការអនុវត្តធនធានពន្ធុ និងយន្តការហិរញ្ញវត្ថុសម្រាប់បែងចែកផលប្រយោជន៍ ដែលទទួលបានពីកិច្ចព្រមព្រៀង ABS និងប្រព័ន្ធផ្តល់លិខិតអនុញ្ញាតតាមបែបបទរដ្ឋបាលរបស់ ABS ដើម្បីកសាងមូលដ្ឋានរឹងមាំឱ្យអ្នកផ្តល់ និងអ្នកប្រើប្រាស់ធនធានពន្ធុកាន់តែមានភាពប្រាកដប្រជា និងតម្លាភាពផ្នែកច្បាប់៕
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគម្រោង ABS នៅកម្ពុជា នៅទីនេះ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគម្រោង ABS ជាសកល នៅទីនេះ។