ការបើកបររថយន្ត ឬម៉ូតូគឺជាអ្វីដែលមនុស្សជាច្រើនអាចធ្វើបានដើម្បីធ្វើដំណើរ ប៉ុន្តែវាជាអ្វីដែលខ្ញុំមិនអាចធ្វើបាន។
ក្នុងនាមខ្ញុំជាជនមានពិការភាពមួយរូប ក៏ដូចជាជនមានពិការភាពផ្សេងៗទៀត សិទ្ធិសេរីភាពក្នុងការធ្វើដំណើរត្រូវបានរឹតត្បិតដោយហេតុថាមិនមានសមត្ថភាពប្រើប្រាស់យានជំនិះកែច្នៃ ដោយពុំមានច្បាប់ណាមួយបានចែងជាក់លាក់នៅឡើយ។ ពីមុន ច្បាប់ស្តីពីការផ្តល់ប័ណ្ណបើកបរមិនបានរាប់បញ្ចូលជនមានពិការភាពនោះទេ។
វត្តមានបច្ចេកវិទ្យា និងការបង្កើតថ្មីបានជិះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យពិការភាព ដោយជួយឲ្យជនមានពិការភាពមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើបើកបរយានយន្តរបស់ពួកគេផ្ទាល់ក្រោយពីបានកែច្នៃរួច និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាជំនួយ។ ប៉ុន្តែនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនដែលមានពិការភាពពុំមានសមត្ថភាពផ្លូវច្បាប់ដើម្បីទទួលបានប័ណ្ណបើកបរទេ ។
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២០ វាក៏ត្រូវបានផ្លាស់ប្តូរ។ អន្តរប្រកាសក្រសួង ស្តីពីការផ្តល់ប័ណ្ណបើកបរសម្រាប់ជនមានពិការភាព ត្រូវបានប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ។ ប្រកាសនេះផ្តល់ឱកាសដល់ជនមានពិការភាពដើម្បីធ្វើការស្នើសុំប្រលងយកប័ណ្ណបើកបរ បន្ទាប់ពីយានជំនិះកែច្នៃរបស់ពួកគេត្រូវបានទទួលស្គាល់ដោយក្រសួងសាធារណៈការ និងដឹកជញ្ចូន ថាមានសុវត្ថិភាព។
ប្រកាសថ្មីនេះ ការពារសិទ្ធិស្របច្បាប់របស់ជនមានពិការភាពក្នុងការប្រើប្រាស់យានជំនិះកែច្នៃរបស់ពួកគេបានដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពនានាក្នុងសង្គមដូចរូបខ្ញុំ តាមរយៈការប្រើប្រាស់ម៉ូតូកែច្នៃរបស់ខ្ញុំអញ្ចឹងដែរ។
ខ្ញុំបាទឈ្មោះ រស្មី ។ ខ្ញុំបានធំដឹងក្តីឡើងជាមួយនឹងពិការភាពនៅក្នុងខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា។ ច្រើនឆ្នាំកន្លងមកនេះ ខ្ញុំធ្លាប់ត្រូវបានគេបង្អាប់ រើសអើង បំបាក់ទឹកចិត្ត មិនរាប់រក និងធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តនៅក្នុងសហគមន៍ និងសាលារៀន។ ពួកគេនិយាយថា ខ្ញុំមិនអាចបើកបរបានទេ ហើយតែងតែត្រូវការជំនួយពីអ្នកដទៃនៅពេលទៅណាមកណា។
ដោយឡែកជីវិតរបស់ខ្ញុំដែលធ្លាប់តែពឹងផ្អែកលើអ្នកដទៃដោយសារតែមានឧបសគ្គក្នុងការធ្វើដំណើរដែលខ្ញុំធ្លាប់បានជួបប្រទះ រួមផ្សំនឹងពិការភាពដែលខ្ញុំមានដែលរារាំងខ្ញុំមិនឲ្យធ្វើដំណើរទៅទីណាឆ្ងាយបាន។ ប៉ុន្តែ វាជាអព្ភូតហេតុមួយសម្រាប់ខ្ញុំ នៅពេលដែលខ្ញុំបានកែច្ចៃម៉ូតូហើយវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង។
ទីបំផុត ខ្ញុំអាចធ្វើដំណើរបានដោយគ្មានឧបសគ្គអ្វីទៀតទេ។ ពេលខ្ញុំមានម៉ូតូកែច្នៃនេះ វាបានជួយឲ្យខ្ញុំមានទាំងកម្លាំងចិត្ត និងទំនុកចិត្ត ហើយវាជួយឲ្យខ្ញុំអាចបន្តការសិក្សានៅឯសកលវិទ្យាល័យបានទៀតផង។ ជាលទ្ធផល ម៉ូតូកែច្នៃរបស់ខ្ញុំនេះ បានជួយឲ្យខ្ញុំសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្ញុំក្នុងការសិក្សា កិច្ចការសប្បុរសធម៌ ការងារស្ម័គ្រចិត្ត ការចុះវឹកហាត់ការងារ កីឡា និងសកម្មភាពលំហែកម្សាន្តនានា និងឱកាសការងារផ្សេងៗទៀតផង។ វាជាការពិតណាស់ សកម្មភាព ក៏ដូចជាឱកាសទាំងអស់នោះ បានជួយឲ្យខ្ញុំទទួលបានការងាររបស់ខ្ញុំសព្វថ្ងៃនេះដែលខ្ញុំកំពុងតែបម្រើការងារក្នុងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ហើយវាជាការងារដែលខ្ញុំស្រលាញ់ពេញចិត្តខ្លាំង ព្រោះខ្ញុំមានតួនាទីចូលរួមគាំទ្រដល់វិស័យពិការភាពនៅព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្នុងនាមខ្ញុំជាជនមានពិការភាព ខ្ញុំមានបទពិសោធន៍ផ្ទាល់ក្នុងការទទួលបានអត្ថប្រយោជន៍សម្រាប់ជនមានពិការភាព បន្ទាប់ពីការលុបបំបាត់នៃរបាំងរារាំងសិទ្ធិក្នុងការបើកបរតាមរយៈប្រកាសថ្មីមួយនេះ។ វាធ្វើឲ្យសិទ្ធិសេរីភាពជាមូលដ្ឋានរបស់យើងក្លាយជាការពិត និងជាកិច្ចការច្បាប់មួយដ៏សំខាន់ស្របទៅតាមច្បាប់ស្តីពីកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។
បច្ចុប្បន្ននេះ ជនមានពិការភាពដែលបាននិងកំពុងតែប្រើប្រាស់យានជំនិះកែច្ចៃ រួមបញ្ចូលទាំងរូបខ្ញុំផងដែរ អាចធ្វើការដាក់ពាក្យប្រលងស្នើសុំប័ណ្ណបើកបរដូចអ្នកដែលមិនមានពិការភាពអញ្ចឹងដែរ។ ជាចុងក្រោយ ពួកយើងដែលជាអ្នកមានពិការភាព នឹងអាចត្រូវបានទទួលស្គាល់ថាជាអ្នកបើកបរស្របច្បាប់ផងដែរ។
សរសេរដោយ ផន រស្មី