ការផ្តល់ថាមពលប្រកបដោយបរិយាបន្ន និងនិរន្តរភាពដល់ភូមិដាច់ស្រយាលនៅកម្ពុជា

20 March 2022

Solar installation in a rural community, ©ManuthButh/UNDPCambodia/2022

នៅសល់រយៈពេលមិនដល់ប្រាំបីឆ្នាំនោះទេ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ដោយវឌ្ឍនភាពនៃការអនុវត្តគោលដៅទាំងនេះនៅទូទាំងពិភពលោកមានការយឺតជាងការគ្រោងទុក បណ្តាអ្នកដឹកនាំនៅលើពិភពលោកបានជួបប្រជុំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីពីរឆ្នាំមុន និងបានស្នើសុំឱ្យមាន “ទសវត្សរ៍នៃសកម្មភាព” ដោយមានគោលដៅកៀរគរហិរញ្ញប្បទាន ពង្រឹងការអនុវត្តថ្នាក់ជាតិ និងពង្រឹងស្ថាប័នដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០ ទៅតាមការគ្រោងទុក។

ការទទួលបានថាមពល គឺជាកិច្ចការដ៏ងាយស្រួលមួយ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយភាពក្រីក្រ ពង្រីកកាលានុវត្តភាព និងពង្រឹងសុខមាលភាព ផលិតភាព និងស្តង់ដារនៃការរស់នៅ។ នេះគឺជាមូលហេតុដែល គោលដៅអភិវឌ្ឍន៍ទី៧ ធានាឲ្យមានការទទួលបានថាមពលទំនើប មានតម្លៃសមរម្យ អាចទុកចិត្តបាន និងមាននិរន្តរភាព សម្រាប់គ្រប់គ្នា និងនៅគ្រប់ទីកន្លែង។ កាលពីឆ្នាំមុន  អ្នកដឹកនាំជាង ១៣០ នាក់នៅលើពិភពលោក រួមទាំង ប្រមុខរដ្ឋ និងរដ្ឋាភិបាល រដ្ឋមន្រ្តី នាយកប្រតិបត្តិនៃបណ្តាអង្គភាពនានារបស់អង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនឯកជន និងតំណាងភាគីពាក់ព័ន្ធដទៃទៀត បានចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីថាមពល នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សារដោះស្រាយបញ្ហានានាពាក់ពន័ន្ធនឹងគោលដៅអភិវឌ្ឍន៍មួយនេះជាពិសេស។ នៅពេលបញ្ចប់កិច្ចប្រជុំនេះ គណៈប្រតិភូបានបង្ហាញផែនទីបង្ហាញផ្លូវជាសកលមួយ ដើម្បីពន្លឿនសកម្មភាពគោលដៅអភិវឌ្ឍន៍ប្រកបដោយដីរភាពទី៧ និងបានប្រកាសអំពីគោលដៅថ្មីៗប្រកបដោយមហិច្ឆិតា រួមជាមួយទឹកប្រាក់ជាង ៤០០ពាន់លានដុល្លារអាមេរិកនៅក្នុងផ្នែកហិរញ្ញវត្ថុ និងការវិនិយោគថ្មីៗ ដែលមានគោលដៅសម្រេចឱ្យបាននូវការទទួលបានថាមពលជាសកល និងការមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ផែនទីបង្ហាញផ្លូវនេះក៏ទាមទារឱ្យមានកិច្ចសហការជាអន្តរជាតិដើម្បីផ្តល់អាទិភាព និងកៀរគរហិរញ្ញវត្ថុនៅក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីពន្លឿនការផ្លាស់ប្តូរប្រភពថាមពល។ ពួកគេបានទទួលស្គាល់ថា ការតភ្ជាប់បណ្តាញអគ្គិសនីដល់ភូមិដាច់ស្រយាលមានការពិបាក ប៉ុន្តែអាចសម្រេចបានតាមរយៈការ​វិនិយោគនៅក្នុងវិស័យសាធារណៈ និងតាមរយៈការងាកចេញពីការឧបត្ថម្ភធនដល់វិស័យផូស៊ីលឥន្ធនៈ។ ពួកគេបានរំពឹងទុកថា ការគាំទ្រជាសាធារណៈកាន់តែខ្លាំងក្លានឹងអាចជម្រុញដល់ការវិនិយោគរបស់វិស័យឯកជនដោយពុំមានហានិភ័យ។

ប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់អំពីគុណតម្លៃនៃការទទួលបានថាមពល និងមានវឌ្ឍនភាពយ៉ាងខ្លាំងក្លានៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ដោយធនាគារពិភពលោក (World Bank) បានចាត់ទុកកម្ពុជា ជាប្រទេសមួយក្នុងចំណោម “ប្រទេសផ្គត់ផ្គង់អគ្គិសនីលឿនបំផុតនៅលើពិភពលោក”។ នេះជាលទ្្ធផលបន្ទាប់ពីកម្ពុជា បានពង្រីកការទទួលបានថាមពលរបស់ខ្លួនពី ៦,៦% នៅឆ្នាំ២០០០ ទៅ ៩៧,៥% ត្រឹមចុងឆ្នាំ២០២១។ យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា នៅសល់ភូមិចំនួន ៣៥០ ដែលគ្មានអគ្គិសនីប្រើប្រាស់ នៅដើមឆ្នាំ២០២២។ ដើម្បីផ្តល់ពន្លឺអគ្គិសនីដល់ភូមិដាច់ស្រយាល (ដែលសំដៅលើដំណាក់ចុងក្រោយនៃដំណើរការពង្រីកបណ្តាញអគ្គិសនី) រាជរដ្ឋាភិបាលមានផែនការបន្ទាន់ ក្នុងការតភ្ជាប់ខ្សែបណ្តាញអគ្គិសនីជាតិទៅកាន់ភូមិចំនួន ១៧០ ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំក្រោយ។ ប៉ុន្តែ នៅមានភូមិចំនួន ១៨០ទៀត គ្មានអគ្គិសនីប្រើប្រាស់ ដែលភាគច្រើនជាលំនៅឋានរបស់ជនងាយរងគ្រោះបំផុតដូចជា៖ ជនជាតិដើមភាគតិច មនុស្សវ័យចំណាស់ និងប្រជាជនដែលត្រូវបានបំលាស់ទី។ ការទំនាក់ទំនងទៅកាន់ពួកគេមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះសហគមន៍ទាំងនេះស្ថិតនៅរាយប៉ាយ និងនៅដាច់ស្រយាល ដោយមិនអាចទៅដល់តាមផ្លូវគោកបាននោះទេ ដោយភាគចក្រើននៅក្នុងតំបន់បណ្តែតទឹក។ លើសពីនេះទៀត ការតភ្ជាប់សហគមន៍ទៅនឹងបណ្តាញអគ្គិសនីជាតិ តាមធម្មតា គឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះការទទួលបានអគ្គិសនីដែលទុកចិត្តបាន និងមានតម្លៃសមរម្យ នៅតែជាបញ្ហាប្រឈម។ ជិតពីរភាគបីនៃគ្រួសារដែលបានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីហើយ បានជួបប្រទះនឹងកង្វះខាតអគ្គិសនីជាញឹកញាប់។ ដូច្នេះ នៅក្នុងគោលនយោបាយផ្គត់ផ្គង់អគ្គិសនីនៅតាមជនបទ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយសម្រាប់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលនៅសល់ និងបង្កើនការទុកចិត្តបាននៃអគ្គិសនី សម្រាប់ភូមិដែលបានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីរួចរាល់ហើយ។  

ធាតុសំខាន់ៗនៃដំណោះស្រាយ

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងឆ្លើយតបនឹងការស្នើសុំនេះ។ ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២២-២៥ របស់ UNDP បានរួមបញ្ចូលការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រប្រជាជន ៥០០ លាននាក់នៅទូទាំងពិភពលោកឱ្យទទួលបានថាមពលស្អាត ត្រឹមឆ្នាំ២០២៥ “ការមិនទុកនរណាម្នាក់ចោល”។ យើងត្រូវការម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីគាំទ្រដល់កម្លាំងជំរុញនេះ និងលើកកម្ពស់អភិក្រមដែលធានាចំពោះការទទួលបានថាមពលដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន៖ ការផ្ទេរដំណោះស្រាយថ្មីៗ និងអាចសម្រេចបាន សម្រាប់ការទទួលបានថាមពល ដែលបំពេញតាមតម្រូវការខុសៗគ្នា និងតម្រូវការអគ្គិសនី។ អគ្គិសនីកម្ពុជា (EDC) តាមរយៈមូលនិធិផ្គត់ផ្គង់អគ្គិសនីតាមទីជនបទរបស់ខ្លួន បានជួយដល់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្ទះ ដើម្បីទទួលបានថាមពលនៅតាមសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់។ UNDP កំពុងបំពេញបន្ថែមលើកិច្ចប្រឹងប្រែងទាំងនេះ តាមរយៈការដំឡើងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលផ្តល់ដំណោះស្រាយដែលអាចសម្រេចបានដល់ការបង្កើនលទ្ធភាពក្នុងការទទួលបានអគ្គិសនី និងកាត់បន្ថយបញ្ហាប្រឈមផ្នែកបច្ចេកទេសនៃប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្ទះដែលមានបន្ទុកថាមពល(អាគុយ)​​មានអាយុខ្លី នៅខណៈពេលនៃការបំពេញតាមតម្រូវការអគ្គិសនីខុសៗគ្នាជាច្រើនដូចជា៖ អគ្គិសនីសម្រាប់ចម្អិនម្ហូប កម្តៅ កិន។ល។ បណ្តាញអគ្គិសនីខ្នាតតូចក៏មានភាពងាយស្រួលក្នុងការថែទាំ និងថែរក្សាផងដែរ ដោយសារ ភាពជឿនលឿននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចមាត្រដ្ឋាន

ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងស្ថាប័ននៅតាមមូលដ្ឋាន ដែលយល់ច្បាស់អំពីសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់ ដើម្បីកសាងទំនុកចិត្តរបស់សហគមន៍ និងស្វែងយល់អំពីទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គម។ NGOs និងស្ថាប័ននៅតាមមូលដ្ឋាន មានតួនាទីយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ថាមពលដើម្បីផលិតភាព និងធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។ UNDP បានធ្វើជាដៃគូជាមួយអង្គការសហការអន្តជាតិកម្ពុជា (ICC) ដែលជាអង្គការក្នុងមូលដ្ឋានមួយ នៅខេត្តរតនគិរី ដែលបានជួយកសាងទំនុកចិត្តរបស់សហគមន៍ និងបានពន្លឿនការអនុវត្តគម្រោង

ធ្វើការជាមួយសហគមន៍តាំងដំណាក់កាលដំបូង ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការធ្វើប្រតិបត្តិការ និងថែទាំប្រព័ន្ធមិនតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋ ពីព្រោះវាមិនងាយស្រួលនោះទេ ក្នុងការទំនាក់ទំនងទៅកាន់សហគមន៍មួយចំនួនក្នុងចំណោមសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់ទាំងនេះ ក្នុងករណីមានបញ្ហាបច្ចេកទេស។ ដោយការទទួលបានថាមពលមមានផលប៉ះពាល់វិជ្ជមានដោយផ្ទាល់ចំពោះសុខភាព សុខុមាលភាព និងកាលានុវត្តភាពរបស់ស្រ្តី ដូច្នេះត្រូវការការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណាក់កាលទ និងនៅក្នុងការសម្រេចចិត្តនានា។ ​រួមមានដូចជាការសម្រេចចិត្តលើការកំណត់យន្តការគ្រប់គ្រង និងការកំណត់តម្លៃអគ្គិសនីសមរម្យ ដែលគ្របដណ្តប់លើថ្លៃថែទាំ និងធានាចំពោះការតភ្ជាប់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់គ្រួសារទាំងអស់នៅក្នុងភូមិ ដោយផ្អែកលើគោលការណ៍បរិយាបន្ន និងមិនទុកនរណាម្នាក់ចោល។

ធ្វើការជាមួយអង្គភាពវិស័យឯកជននានា ដូចជា សហគ្រាសអគ្គិសនីជនបទ (REEs) ជាដើម។  REEs ផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់ខ្នងផ្ទះចំនួន ៣៩ ភាគរយ ទូទាំងប្រទេសកម្ពុជា។ ពួកគេក៏មានតួនាទីដ៏សំខាន់ក្នុងការពង្រីកការចែកចាយអគ្គិសនីទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ REEs រួមបញ្ចូលការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលគ្មានអគ្គិសនីប្រើប្រាស់ ជាផ្នែកមួយនៃគំរូអាជីវកម្មរបស់ពួកគេ តាមរយៈការប្រើប្រាស់បណ្តាញអគ្គិសនីខ្នាតតូច។ យើងចាំបាច់ពិនិត្យមើលឡើងវិញលើមូលនិធិអគ្គិសនីជនបទ ដើម្បីពង្រីកវិសាលភាពក្នុងការផ្តល់ហិរញ្ញប្បទានដល់ការផ្គត់ផ្គង់អគ្គិសនី ដល់តំបន់មិនទាន់តភ្ជាប់ខ្សែបណ្តាញអគ្គិសនីរដ្ឋ ពីព្រោះមូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលមានសកម្មភាពមួយភាគធំត្រូវបានសម្រេចហើយ។

ការឆ្លើយតបនឹងការស្នើសុំ

រាជរដ្ឋាភិបាលជប៉ុន បានឆ្លើយតបនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ ដោយប្រកាសអំពីជំនួយហិរញ្ញវត្ថុសម្រាប់គំនិតផ្តួចផ្តើមថ្មីមួយហៅថា ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ ដែលរួមបញ្ចូលទាំងការដំឡើងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការបណ្តុះបណ្តាលសហគមន៍ក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគេអាចថែទាំបណ្តាញអគ្គសនីរបស់ពួកគេដោយខ្លួនឯង។ គម្រោងនេះនឹងអនុវត្តដោយ UNDP និងក្រសួងរ៉ែ និងថាមពល ដោយផ្តល់អត្ថប្រយោជន៍ដល់ ១៣០០ ខ្នងផ្ទះ ពង្រឹងគុណភាពជីវិតរបស់ប្រជាជនប្រហែល ៦០០០ នាក់ ដែលទទួលបានថាមពលស្អាតដោយផ្ទាល់ មានតម្លៃសមរម្យ និងអាចទុកចិត្តបាន។ វាក៏រួមបញ្ចូលការពង្រីកគំរូអាជីវកម្មដែលមាននិរន្តររភាពនាពេលបច្ចុប្បន្ន រួមទាំងបណ្តាញខ្នាតតូចដែលគ្រប់គ្រងដោយសហគមន៍ និងដំណើរការដោយ REEs ផងដែរ។

ប្រភពអគ្គិសនីដែលអាចទុកចិត្តបាន មាននិរន្តរភាព និងមានតម្លៃសមរម្យ គឺជាកត្តាអនុគ្រោះមួយសម្រាប់វឌ្ឍនភាព និងការកាត់បន្ថយភាពក្រីក្រ។ ប្រព័ន្ធថាមពលផ្តល់ការគាំទ្រដល់គ្រប់វិស័យទាំងអស់ ចាប់ពីវិស័យវេជ្ជសាស្រ្ត និងវិស័យអប់រំ រហូតដល់វិស័យកសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង និងបច្ចេកវិទ្យាជាដើម។ អាស្រ័យហេតុនេះ សង្គមរស់នៅទំនើបៗពឹងផ្អែកយ៉ាងខ្លាំងក្លាលើសេវាថាមពលដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន ដើម្បីបំពេញមុខងារបានយ៉ាងរលូន និងអភិវឌ្ឍប្រកបដោយសមធម៌។ ដូច្នេះ UNDP ត្រៀមខ្លួនជាស្រេច និងប្តេជ្ញាចិត្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីពង្រីកភាពជោគជ័យក្នុងការធានាឱ្យទទួលបានថាមពលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

អត្ថបទដោយ៖
ឯ.ឧ. ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
ឯ.ឧ. Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា
លោកស្រី Alissar Chaker អ្នកតំណាងនៃ UNDP កម្ពុជា

The English Op-ed on the Phnom Penh Post | The Khmer Op-ed on the Phnom Penh Post