រាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៖ សហគ្រិនខ្មែរ (KE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយក្នុងគោលបំណងពន្លឿនការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(eCommerce) និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។
ភាពជាដៃគូថ្មីរវាង KE និង UNDP នឹងគាំទ្រឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដើម្បីធ្វើជាកត្តាលីករ ជួយឱ្យ SMEs អាចពង្រីកសកម្មភាពអាជីវកម្មតាមប្រព័ន្ធអនឡាញ ផ្ដល់សេវាកម្មថ្មីៗ និងស្វែងរក កាលានុវត្តភាពសម្រាប់ធ្វើពាណិជ្ជកម្មអន្តរជាតិ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ UNDP និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានរួមគ្នាផ្តួចផ្តើមកិច្ចសហការណ៍មួយ ដែលជាផ្នែកមួយនៃសមាសភាគសំខាន់ៗក្នុងគម្រោងពន្លឿនការ ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើន កាលានុវត្តភាពពាណិជ្ជកម្មក្នុងស្រុក និងលើឆាកអន្តរជាតិសម្រាប់ SMEs តាមរយៈទីផ្សារឌីជីថល និងបង្កើតការងារថ្មីជាង ១០០០ កន្លែងឱ្យបានត្រឹមឆ្នាំ២០២២។ នៅក្នុងគំនិតផ្ដួចផ្ដើមរួមគ្នានេះ សហគ្រាសខ្នាតតូច និងមធ្យមចំនួន ១២៥ នឹងទទួលបានជំនួយហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលអំពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈហិរញ្ញប្បទានរួមគ្នាពីក្រសួងពាណិជ្ជកម្ម ក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) រដ្ឋាភិបាលអូស្ត្រាលី និង UNDP។
ជាមួយនឹងភាពជាដៃគូថ្មី និងការទទួលបានមូលនិធិបន្ថែមពី KE គេរំពឹងថា គម្រោងនេះនឹងអាចពង្រីកការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ៥០ បន្ថែមទៀត តាមរយៈសកម្មភាពចំនួនពីររបស់គម្រោង។ សកម្មភាពទាំងនេះរួមមាន កម្មវិធីបណ្ដុះគំនិតធុរកិច្ច (ផ្ដល់ការបំពាក់បំប៉នដល់ SMEs នូវជំនាញដែលចាំបាច់ និងការគាំទ្រដើម្បីឱ្យអាជីវកម្មទាំងនេះបានត្រៀមខ្លួនរួចរាល់) និងកម្មវិធីផ្ដល់ជំនួយខ្នាតតូច (គាំទ្រដល់ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធឌីជីថល)។ ភាពជាដៃគូនេះនឹងពង្រឹងសមត្ថភាព ក្នុងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដែលមានស្រាប់ តាមរយៈការប្រមូលផ្ដុំបណ្ដាញសហគមន៍ក្នុងស្រុក និងអ្នកជំនាញអន្តរជាតិឱ្យចូលរួមសហការគ្នា។ ភាពជាដៃគូនេះ ក៏លើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធី បែបនវានុវត្តន៍សម្រាប់ប្រព័ន្ធអេកូស៊ីស្ទែមនៃអាជីវកម្មទាំងមូល តាមរយៈការគាំទ្រពីវិស័យឯកជន និង ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដើម្បីជួយដល់សហគ្រាសតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ «ផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩បានបង្កឱ្យមានផលលំបាកជាច្រើនដល់សហគ្រាសខ្នាតតូចនិងមធ្យម ប៉ុន្តែនេះក៏ជាឱកាសដល់អ្នកស្ថាបនាប្រព័ន្ធអេកូឡូស៊ី និងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការរៀបចំ យុទ្ធសាស្រ្តដើម្បីជំរុញឱ្យសហគ្រាសខ្នាតតូចនិងមធ្យមមានស្ថេរភាពនិងមានការរីកចម្រើន។ ដើម្បីឆ្លើយ តបទៅកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយជំងឺកូវីដ-១៩ SMEs ដែលមានលក្ខណៈសម្បត្តិប្រកប ដោយសក្ដានុពលនឹងមានឱកាសផ្សេងៗដើម្បីទទួលបានជំនួយហិរញ្ញប្បទានពី KE តាមរយៈគម្រោង នេះ។ រចនាសម្ព័ននៃគម្រោងនេះផ្តល់នូវយន្តការដែលមានប្រសិទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទាន និងការ បណ្តុះបណ្តាលដល់ SMEs ឱ្យឈានទៅក្នុងវិស័យឌីជីថល។ ការធ្វើអន្តរាគមន៍បែបនេះ គឺជាការចូល រួមចំណែកក្នុងការពន្លឿននៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល។»
ចំណុចគួរឱ្យកត់សម្គាល់ ភាពជាដៃគូនេះក៏ពង្រឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង KE និង UNDP នៅក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ដូចជាតាមរយៈកម្មវិធី Bluetribe Programme ជាដើម សំដៅធ្វើឱ្យកាន់តែប្រសើរនូវប្រព័ន្ធអេកូស៊ីស្ទែម សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យជាអាទិភាពនានា។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «UNDP រួមគ្នាជាមួយនឹងក្រសួងពាណិជ្ជកម្មមានឆន្ទៈក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ KE ក្នុងការបន្តពង្រឹងអន្តរកាលសេដ្ឋកិច្ច ឆ្ពោះទៅប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ការគាំទ្រនេះផ្ដល់ឱ្យសហគ្រាសខ្នាតតូចបំផុត និងសហគ្រាសខ្នាតតូច នូវកាលានុវត្តដើម្បីរីកចម្រើនកាន់តែលឿន បង្កើតការងារ និងវិបុលភាពបន្ថែមទៀត ដោយអនុវត្តសកម្មភាពទាំងនេះជាមួយនឹងវិធានការការពារជំងឺកូវីដ-១៩។»
សម្រាប់សំណួរសារព័ត៌មាន សូមទាក់ទង
Mr. Samruol Im, Head of Communications at UNDP Cambodia via samruol.im@undp.org
Mr. Sunsatya Chea, Entrepreneurship Development Manager at Khmer Enterprise via ed@khmerenterprise.info