កម្ពុជាមានឱកាសដ៏ល្អឯក ក្នុងការកំណត់ឡើងវិញនូវកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន លើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការគិតគូរដល់បរិស្ថានជាងមុន។
ផ្លាស់ប្តូរភាពមិនប្រាកដប្រជាឱ្យទៅជាឱកាស៖ ពង្រឹងការអភិវឌ្ឍមនុស្សនៅកម្ពុជា
30 September 2022
អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងជាភាសាអង់គ្លេស នៅលើសារព័ត៌មាន Asia Times, Cambodia Investment Review, The Cambodia Daily និង Khmer Times។
ជាង ២ ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាជាមធ្យមជិត ៨% ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចឆាប់រហ័សជាងគេ នៅក្នុងសកលលោក។ មានការសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដូចជា ការកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យកាន់តែប្រសើរនូវសេវាសុខភាព និងការលើកកម្ពស់ការអប់រំ។
ទោះជាយ៉ាងនេះក្តី គម្លាតសង្គម និងសេដ្ឋកិច្ចនៅតែបន្តមាន ហើយនៅក្នុងករណីមួយចំនួន រឹតតែរីកធំទៅៗ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ធនាគារពិភពលោក ប៉ាន់ប្រមាណថា ជាង ១៨% នៃប្រជាជនសរុប រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដោយមនុស្សម្នាក់មានថវិកាត្រឹមតែ ២,៧០ ដុល្លារក្នុងមួយថ្ងៃ។ នៅក្នុងសន្ទស្សន៍វិសមភាពសកល (Global Inequality Index) ឆ្នាំ ២០២០ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ និងជាប់ចំណាត់ថ្នាក់ទី ១១១ ក្នុងចំណោមប្រទេសចំនួន ១៥៨ ដែលត្រូវបានសិក្សា។
វិស័យការងារ និងមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែជាវិស័យប្រកបរបរឈានមុខគេ ដែលប្រជាជនកម្ពុជាជាង ៩០% ស្ថិតក្នុងវិស័យនេះ ហើយពួកគេពុំទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធសុខាភិបាល និងរបបសន្តិសុខសង្គមឡើយ។ ខណៈពេលដែលបញ្ហានេះ មិនមែនជារឿងចម្លែកឡើយ នៅក្នុងសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ី វាបង្កើនបន្ថែមភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមទាំងធ្វើឱ្យប្រជាជនកាន់តែលំបាកក្នុងការប្រឈមនឹងផលប៉ះពាល់នៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការចំណាយកាន់តែខ្ពស់សម្រាប់ជីវភាពរស់នៅ ឬវិបត្តិគ្រោះមហន្តរាយធម្មជាតិនានា។
ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ ភាពងាយរងគ្រោះទាំងនេះ អាចបង្អន់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារឡើងវិញ។ គេរំពឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) របស់ប្រទេសនេះ នឹងថយចុះ ៤,៩% នៅឆ្នាំនេះ ធៀបនឹងការប៉ាន់ប្រមាណ ៥,៥% ដោយសារផលប៉ះពាល់ដោយប្រយោលនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
កម្ពុជាបានបាត់បង់លទ្ធផលនៃការអភិវឌ្ឍមនុស្ស ជិត ៣ ឆ្នាំ ក្នុងឆ្នាំ ២០២០ និង ២០២១ ដែលនេះជាការបាត់បង់ដែលពុំធ្លាប់កើតមានឡើយ ចាប់តាំងពីក្រោយការបញ្ចប់សង្គ្រាមស៊ីវិល។ ហេតុផលធំមួយដែលនាំឱ្យមានការថយចុះនេះ គឺដោយសារការបាត់បង់ការទទួលបានការអប់រំ ដោយសារការបិទទ្វារសាលារៀនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ដូចនេះ បើទោះបីជាប្រទេសនេះមានការផ្តល់សេវាចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស និងអត្រាការផ្តល់វ៉ាក់សាំងខ្ពស់ ព្រមទាំងមានការផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចសង្គមដល់ប្រជាជន ក្នុងអំឡុងពេលមានការរាតត្បាតក៏ដោយ ក៏ប្រទេសនេះត្រូវតែធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយ និងការវិនិយោគដ៏រឹងមាំ ដើម្បីជំរុញ និងទ្រទ្រង់ការស្តារឡើងវិញ។
កម្រិតនៃភាពមិនអាចព្យាករបាន កាន់តែធ្វើឱ្យប្រទេសជុំវិញពិភពលោកមានការលំបាកក្នុងការប្រមើលមើលហានិភ័យ និងកំណត់យកគោលនយោបាយ និងកម្មវិធីដែលត្រឹមត្រូវ ដើម្បីទប់ទល់នឹងផលប៉ះពាល់ និងធ្វើដំណើរបន្តទៅមុខទៀត។ ការឡើងថ្លៃទំនិញ និងការរំខានដល់ខ្សែសង្វាក់តម្លៃ កំណើននូវអសន្តិសុខស្បៀង និងការបាត់របរចិញ្ចឹមជីវិត ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងកម្រិតដ៏យឺត គម្លាតកាន់តែខ្លាំងនៃវិសមភាព និងវិបត្តិបំណុល ដែលរួមផ្សំនឹងគ្រោះអាកាសធាតុ និងជម្លោះភូមិសាស្ត្រនយោបាយ កំពុងតែជំរុញឱ្យប្រទេស និងសហគមន៍នានាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងភាពមិនប្រាកដប្រជា។ វាតម្រូវឱ្យមានឧបករណ៍ និងសមត្ថភាពថ្មីៗ ដើម្បីប្រមើលមើល និងឆ្លើយតបទៅនឹងវិបត្តិនានា ដើម្បីគាំពារប្រជាជនងាយរងគ្រោះជាងគេ។
ការវិនិយោគលើសមត្ថភាពរបស់ប្រជាជន តាមរយៈការផ្តល់ឱ្យនូវសេវាថែទាំសុខភាព និងការអប់រំជាសកល ជាមួយនឹងរចនាសម្ព័ន្ធថ្លៃសេវា ដែលអនុញ្ញាត្តឱ្យសេវាសំខាន់ៗទាំងនេះមានតម្លៃសមរម្យសម្រាប់ទាំងអស់គ្នាប្រើប្រាស់ និងទទួលបាន នឹងផ្តល់នូវផលត្រឡប់វិញយ៉ាងប្រសើរ។ ប្រទេសដែលវិនិយោគលើវិស័យសុខាភិបាល និងអប់រំ បានស្តារឡើងវិញលឿនជាងគេ។ ប្រាក់ចំណូលមូលដ្ឋានគោលដៅ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះជាងគេ ត្រូវបានបង្ហាញថាបានជួយកាត់បន្ថយវិសមភាព និងបង្កើនភាពធន់។
ការចាប់ផ្តើមយ៉ាងឆាប់រហ័សនូវការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើនលទ្ធភាពទទួលបានសេវា និងព័ត៌មាន ដោយមានការយកចិត្តទុកដាក់ជាក់លាក់ក្នុងការភ្ជិតគម្លាតឌីជីថល ក៏ជួយកាត់បន្ថយវិសមភាព និងគម្លាតសមត្ថភាពនៅក្នុងសង្គមផងដែរ។ នេះក៏ជាការពិតសម្រាប់កម្ពុជា សម្រាប់ពង្រឹងភាពអង់អាចដល់យុវជន ជាពិសេសស្ត្រី និងបុរសងាយរងគ្រោះ ជនមានពិការភាព ជនជាតិដើមភាគតិច និងប្រជាជនក្រីក្រជាងគេនៅក្នុងសង្គម។
កម្ពុជាមានឱកាសដ៏ល្អឯក ក្នុងការកំណត់ឡើងវិញនូវកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន លើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការគិតគូរដល់បរិស្ថានជាងមុន។ ប្រទេសនេះបាន អនុម័តរបៀបវារៈអាកាសធាតុប្រកបដោយមហិច្ឆិតា ហើយកំពុងយល់ដឹងកាន់តែច្បាស់ពីឱកាសដែលពាក់ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
វិស័យឧស្សាហកម្ម ទេសចរណ៍ សំណង់ និងដឹកជញ្ជូន គឺជាវិស័យដែលនឹងទទួលបានអត្ថប្រយោជន៍ពីការងាកទៅរកការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងបច្ចេកវិទ្យាស្អាត។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងស្ថាប័ន និងការលើកទឹកចិត្ត ហើយអនុម័តលើផែនការល្បាយថាមពលដែលល្អបំផុត និងរចនាសម្ព័ន្ធតម្លៃដ៏ល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខថាមពល និងលទ្ធភាពទទួលបានថាមពលប្រកបដោយសមធម៌ សម្រាប់ប្រជាជនគ្រប់រូប។
ខណៈពេលដែលកម្ពុជាមានគោលដៅប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ការក្លាយខ្លួនជាប្រទេសឈានមុខគេក្នុងតំបន់ផ្នែកសេដ្ឋកិច្ចបៃតង អាចពង្រឹងការប្រកួតប្រជែងរបស់ប្រទេសនេះ ក្នុងទីផ្សារអន្តរជាតិ និងទាក់ទាញការវិនិយោគពីវិស័យឯកជន។ ការរំពឹងថាកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅដើមឆ្នាំ ២០២៤ នឹងនាំមកនូវការបញ្ចប់នៃប្រព័ន្ធអនុគ្រោះ (ពន្ធ) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការទទួលបានមូលនិធិជាក់លាក់ដែលផ្តល់ជូនដល់ប្រទេសដែលមានការអភិវឌ្ឍទាប និងការថយចុះនៃហិរញ្ញប្បទានសហប្រតិបត្តិការ។
សមាសភាពហិរញ្ញប្បទានអភិវឌ្ឍន៍ដែលមាននៅក្នុងប្រទេសនឹងផ្លាស់ប្តូរផងដែរ ក៏ដូចជាតម្រូវការក្នុងការស្វែងរក និងបន្តភាពច្នៃប្រឌិតថ្មីៗ ភាពជាដៃគូរវាងសាធារណៈ និងឯកជន និងដំណោះស្រាយហិរញ្ញវត្ថុផ្អែកលើទីផ្សារ ដែលជំរុញ និងគាំទ្រដល់គន្លងកំណើនសេដ្ឋកិច្ចបៃតង និងប្រកបដោយសមធម៌។
កម្ពុជាមិនស្ថិតលើដំណើរផ្លូវនេះតែឯងនោះឡើយ។ ដោយផ្អែកលើបណ្តាញជំនាញសាកលដ៏ធំ និងបទពិសោធន៍ដ៏យូរអង្វែងរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក UNDP មានឆន្ទៈពង្រីកការគាំទ្ររបស់ខ្លួន និងប្រើប្រាស់ភាពជាដៃគូដែលខ្លួនមាន ដើម្បីជួយឱ្យកម្ពុជាត្រៀមខ្លួនសម្រាប់អន្តរកាលដ៏រលូនទៅកាន់ការអភិវឌ្ឍមនុស្សកាន់តែប្រសើរ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលកាន់តែខ្ពស់។
ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានផ្លាស់ប្តូរជីវិត និងមុខរបរចិញ្ចឹមជីវិតរបស់យើង រួមទាំងអភិបាលកិច្ចសង្គម។ ការរាតត្បាតជាសកលក៏ធ្វើឱ្យផលនៃការអភិវឌ្ឍដែលសម្រេចបានទូទាំងសកលលោកកន្លងមក ត្រូវរលុបបាត់ទៅវិញ និងបង្ហាញឱ្យឃើញពីភាពចាំបាច់ និងឱកាស បង្កើនការវិនិយោគឱ្យបានទ្វេរដងលើការអភិវឌ្ឍមនុស្ស ដើម្បីពង្រឹងភាពអង់អាចរបស់ប្រជាជន ក្នុងការធ្វើជាម្ចាស់ការលើជីវិត និងជីវភាពរបស់ខ្លួន និងដើម្បីគិតសារជាថ្មីលើគោលគំនិត និងការវាស់វែងវឌ្ឍនភាព។
អត្ថបទដោយ៖
លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា យូអិនឌីភី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
លោកស្រី Alissar Chaker អ្នកតំណាង យូអិនឌីភី ប្រចាំកម្ពុជា