លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា

6 September 2022

លោកស្រី Kanni Wignaraja

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ – លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២

ក្នុងអំឡុងពេលបំពេញបេសកកម្មពេញមួយសប្តាហ៍នេះ លោកស្រី Wignaraja នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងពីវិស័យឯកជន និងសង្គមស៊ីវិល ដើម្បីពិភាក្សាពីការងារ និងការរួមចំណែករបស់ UNDP ដល់ការសម្រេចអាទិភាពនៃការអភិវឌ្ឍជាតិ និងការពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ លោកស្រីក៏នឹងដឹកនាំកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ចំនួនពីរ ក្រោមប្រធានបទ ពន្លឿនរបៀបវារៈអាកាសធាតុរបស់កម្ពុជា៖ អព្យាក្រឹតភាពកាបូន ភាពធន់នៃវិស័យថាមពល និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅថ្ងៃទី ៩ ខែកញ្ញា និងប្រធានបទ គំរូនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅកម្ពុជា៖ ការកាត់បន្ថយភាពក្រីក្រ កិច្ចគាំពារសង្គម និងការកសាងភាពធន់  នៅថ្ងៃទី ១២ ខែកញ្ញា។

កម្មវិធីទស្សនកិច្ចរបស់លោកស្រី Wignaraja ក៏រួមមានដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបង ជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីសង្កេតមើលគម្រោងបោសសម្អាតមីន និងអប់រំពីគ្រោះថ្នាក់មីន ក៏ដូចជាជជែកពិភាក្សាជាមួយសហគមន៍មូលដ្ឋានដែលរស់នៅលើ ឬនៅជិតដីដែលបោសសម្អាតមីនរួចផងដែរ។  លោកស្រីក៏នឹងធ្វើទស្សនកិច្ចទៅខេត្តកំពង់ធំ ដើម្បីសង្កេតមើលការងារបន្ស៊ាំទៅនឹងអាកាសធាតុ និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ ប្រកបដោយនិរន្តរភាព។

UNDP បាន និងកំពុងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាចាប់តាំងពីឆ្នាំ ១៩៥៨ មក ហើយបានបន្តវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៩៤។ UNDP ធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងកំណើនបៃតងប្រកបដោយបរិយាបន្ន និងភាពធន់ និងពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រឹមឆ្នាំ ២០៣០ ដោយមិនទុកនរណាម្នាក់ចោល។ 

***

កំណត់សម្គាល់ចំពោះនិពន្ធនាយក

អំពីលោកស្រី Kanni Wignaraja 

ឧបការីអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ឧបការីប្រធាន UNDP និងនាយិកាការិយាល័យ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

លោកស្រី Kanni Wignaraja ចាប់ផ្តើមតួនាទីជាឧបការីប្រធាន UNDP និងនាយិកាការិយាល័យ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។ កន្លងមក លោកស្រី Wignaraja ធ្លាប់កាន់តួនាទីជាឧបការីប្រធានស្តីទី និងជានាយិកាការិយាល័យសេវាគ្រប់គ្រងរបស់ UNDP និងជាទីប្រឹក្សាពិសេសរបស់ប្រធាន UNDP ជាតួនាទីដែលលោកស្រីបំពេញរហូតដល់ឆ្នាំ ២០១៩ បន្ទាប់ពីបំពេញតួនាទីជាប្រធានការិយាល័យសម្របសម្រួលប្រតិបត្តិការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។

លោកស្រី Wignaraja មានបទពិសោធន៍ជាង ២៥ ឆ្នាំជាមួយនឹងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងមានចំណេះដឹងស៊ីជម្រៅពីតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពីការងារនៅកម្រិតសកល តំបន់ និងប្រទេសរបស់ UNDP ផ្នែកគោលនយោបាយ កម្មវិធី ការគ្រប់គ្រង និងប្រតិបត្តិការ។    

មុនពេលចូលរួមបំពេញការងារឱ្យអង្គការសហប្រជាជាតិ លោកស្រី Wignaraja ធ្វើការឱ្យមូលនិធិ Ford នៅទីក្រុងញូវយ៉ក។ លោកស្រីបានរួមចំណែកដល់ការសរសេរឯកសារ អត្ថបទ និងសនិ្នសីទជាច្រើនក្នុងវិស័យគោលនយោបាយសាធារណៈ កំណែទម្រង់ស្ថាប័ន ការអភិវឌ្ឍសមត្ថភាព សិទ្ធិមនុស្ស និងភាពជាអ្នកដឹកនាំ។ លោកស្រី Wignaraja មានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ (សេដ្ឋកិច្ចអភិវឌ្ឍន៍) ពីសាកលវិទ្យាល័យ Princeton និងបរិញ្ញាបត្រសេដ្ឋកិច្ចពីមហាវិទ្យាល័យ Bryn Mawr។