វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ និងការឆ្លើយតបទៅនឹងការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភអាជ្ញា

សេចក្តីថ្លែងការណ៍ដោយ លោកស្រី Alissar Chaker អ្នកតំណាង យូអិនឌីភី ប្រចាំកម្ពុជា

26 December 2022
©Phallin Heang/Ministry of Environment
  • ការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភអាជ្ញា គឺជាការប្រព្រឹត្តមិនត្រឹមត្រូវដ៏ធ្ងន់ធ្ងរ និងជាការរំលោភបំពានលើសេចក្តីថ្លៃថ្នូរ និងការគោរពរបស់មនុស្ស។
  • អំពើទាំងនេះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ​ ព្រមទាំងសមត្ថភាពរបស់គាត់ក្នុងការប្រកបការងារ និងការទំនាក់ទំនងរបស់គាត់ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ។
  • អំពើទាំងនេះក៏មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកន្លែងធ្វើការ ដោយសារតែការបាត់បង់ផលិតភាព និងគុណភាពការងារ។ វប្បធម៌អាក្រក់នៅកន្លែងធ្វើការបែបនេះនឹងបណ្តាលឲ្យប៉ះពាល់ដល់ការតាំងចិត្តធ្វើការងារ និងគុណភាពការងាររបស់បុគ្គលិក​ ក៏ដូចជាការកើនឡើងនូវអវត្តមានការងារ និងការលារឈប់។ល។
  • ផលប៉ះពាល់ទាំងនេះ គឺជាការខាតបង់ខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាក់ស្ដែង ការសិក្សាស្រាវជ្រាវ កាលពីឆ្នាំ ២០១៧ បានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ចនៃការបៀតបៀនផ្លូវភេទ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៨៩ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
  • ក៏ដូចអង្គការសហប្រជាជាតិទាំងមូលដែរ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអនុវត្តគោលការណ៍ មិនមានការអត់ឱនលើករណីបៀតបៀនផ្លូវភេទ ការរើសអើង និងការរំលោភអាជ្ញា ក្នុងទម្រង់ណាមួយ ដែលកើតឡើងក្នុងស្ថាប័នរបស់ខ្លួន ក្នុងចំណោមដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនឹងការអនុវត្តគម្រោងរបស់ UNDP ក្នុងស្ថាប័នភាគីដែលផ្គត់ផ្គង់ទំនិញ និងសេវា អ្នកសហការ ឬដៃគូផ្សេងទៀត ក៏ដូចជានៅក្នុងសហគមន៍ដែលយើងធ្វើការជាមួយ។
  • UNDP ប្តេជ្ញាផ្តល់ធនធានរៀនសូត្រសមរម្យ ដើម្បីធានាបាននូវការយល់ដឹង ការទប់ស្កាត់ និងឆ្លើយតបឱ្យបានគ្រប់គ្រាន់ ក្នុងករណីការប្រព្រឹត្តខុសឆ្គងទាំងនោះកើតមាន។
  • ដូច្នេះការផ្សព្វផ្សាយចំណេះដឹង និងការបណ្តុះបណ្តាលនឹងត្រូវបានរៀបចំជាទៀងទាត់សម្រាប់បុគ្គលិក ទីប្រឹក្សា អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្តរបស់យើង។ ហើយកាលពីសប្តាហ៍មុន UNDP ក៏បានចាប់ផ្តើមនូវការបណ្តុះបណ្តាលសម្រាប់ដៃគូអនុវត្តគម្រោង ស្តីពីការទប់ស្កាត់ និងការឆ្លើយតបទៅនឹងការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភអាជ្ញា ជាភាសាខ្មែរ។
  • យើងមានគោលបំណងរៀបចំឲ្យមានវគ្គទាំងនេះជាប្រចាំ ដែលជាផ្នែកមួយនៃការវាយតម្លៃប៉ាន់ប្រមានហានិភ័យ និងការខិតខំជាបន្តបន្ទាប់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងការទប់ស្កាត់ការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភអាជ្ញា ដើម្បីធានានូវការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដោយផ្ដល់ឱកាសដល់ពួកគេដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ និងផ្តល់ភាពអង់អាចដល់ពួកគេដើម្បីសម្រេចបានលទ្ធផលដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់ប្រជាជន។

សូមអរគុណ។