ចាំបាច់ត្រូវមានការចាត់វិធានការជាបន្ទាន់ ដើម្បីឆ្លើយតបនឹងបញ្ហាសំរាមប្លាស្ទិកក្នុងសមុទ្រ

9 December 2020

នៅទូទាំងសកលលោក ប្លាស្ទិក ១៣ លានតោន ត្រូវបានប៉ាន់ប្រមាណថាបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ។ ថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលរងការផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះបានលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ដោយប្លាស្ទិក។ បើតាម របាយការណ៍នានា បច្ចុប្បន្ននេះ មានកម្ទេចកម្ទីប្លាស្ទិកតូចៗនៅក្នុងពោះត្រីប្រមាណ ៩០% ក្នុងចំណោមត្រីទាំងអស់។ សារធាតុគីមីពុលទាំងនេះកើនឡើងរឹតតែច្រើនក្នុងខ្សែចង្វាក់ចំណីអាហារ ហើយចុងក្រោយចូលមកក្នុងរាងកាយរបស់មនុស្ស។

សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រ មានប្រភពពីទន្លេធំៗចំនួន ១០ រួមមាន ទន្លេយង់សេ ទន្លេលឿង ទន្លេហៃ ទន្លេភើល ទន្លេអាមួរ ទន្លេមេគង្គ ទន្លេឥណ្ឌុស និងទន្លេហ្គាំងហ្គីសដេតានៅអាស៊ី និងពីទន្លេនីហ្សេ និងទន្លេនីលនៅអាហ្វ្រ៊ិក។ ទន្លេទាំងនេះ ហូរកាត់តំបន់ដែលមានមនុស្សរស់នៅច្រើន ក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចមួយចំនួន ដែលមិនត្រឹមតែខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រមូល និងកែច្នៃសំរាមប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានការយល់ដឹងពីបរិស្ថាននៅមានកម្រិតទៀតផង។  

បញ្ហាការបំពុលប្លាស្ទិកក្នុងសមុទ្រ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការកើនឡើងនូវការ ផលិត និងការប្រើប្រាស់ប្លាស្ទិក។ នៅទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបដែលត្រូវបានផលិត កើនឡើងដល់ ៨,៣ ពាន់ម៉ែត្រគូប។ ប្លាស្ទិកជាសម្ភារដែលមានតម្លៃថោក ងាយស្រួលប្រើប្រាស់ និងធន់បានយូរ ហើយវាបានធ្វើការផ្លាស់ប្ដូរទាំងស្រុងនូវរបៀបរស់នៅរបស់យើង ក៏ដូចជាប្រតិបត្តិការរបស់  អាជីវកម្មនានា។

ការផ្លាស់ប្តូរបែបនេះ ក៏ជាអ្វីដែលគេសង្កេតឃើញនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ កាលពី ៣០ ឆ្នាំមុន ប្លាស្ទិកមិនជាសម្បូរគ្រប់ទិសទីដូចបច្ចុប្បន្ននេះឡើយ។ ពលរដ្ឋយួរកន្ត្រកធ្វើពីឫស្សីទៅផ្សារ ដើម្បីទិញផ្លែឈើ និងបន្លែ ដែលអ្នកលក់ខ្ចប់ដោយស្លឹកឈូក ឬស្លឹកចេក។ បច្ចុប្បន្ន សម្ភារៈដែលងាយរលាយក្នុងដីទាំងនេះ ស្ទើរតែជំនួសទាំងស្រុងដោយថង់ប្លាស្ទិក ទុយោជ័រ កញ្ចប់ចំណីអាហារ និងដប ជាដើម។

បច្ចុប្បន្ន នៅទីក្រុងភ្នំពេញ សំណល់ប្លាស្ទិកមានចំនួនជាង ២០% នៃសំណល់សរុបនៅក្នុងទីក្រុង (៣.៦០០ តោន) ក្នុងមួយថ្ងៃៗ ដែលនេះជាការដាក់សម្ពាធដ៏សម្បើមមកលើសេវាគ្រប់​គ្រងសំណល់។ នៅទីប្រជុំជន សំណល់ប្លាស្ទិកដែលត្រូវបានគេចោលខុសច្បាប់ បង្កឱ្យមានការកកស្ទះផ្លូវទឹក ប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹក និងបង្កើនហានិភ័យទឹកជំនន់។

នៅតំបន់ដែលពុំមានសេវាប្រមូលសំណល់ ជារឿយៗ សំណល់ប្លាស្ទិកត្រូវបានគេដុតនៅទីចំហ ឬចោលនៅកន្លែងចោលសំរាមមិនមានការគ្រប់គ្រង ទុកចោលតាមផ្លូវ ឬចោលទៅក្នុងប្រព័ន្ធផ្លូវទឹក ដែលធ្វើឱ្យវាហូរចូលទៅដល់សមុទ្រ។ ការដុតសំណល់ប្លាស្ទិកមិនមានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ នាំឱ្យមានការបំភាយសារធាតុគីមីគ្រោះថ្នាក់ ឬសារធាតុពុល ដែលបង្កហានិភ័យធ្ងន់​ធ្ងរដល់សុខភាពសាធារណៈ ព្រមទាំងធ្វើឱ្យមានកំណើកម្តៅផែនដីផងដែរ។

ដោយឡែកនៅតំបន់ឆ្នេរវិញ សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងច្រើនមកលើឧស្សាហកម្មទេសចរណ៍។ សំណល់ប្លាស្ទិកមានបរិមាណស្មើនឹង ៨០% នៃកម្ទេចកម្ទីដែលគេរកឃើញនៅតាមឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័ណភាពឆ្នេរ។

កំណើនបរិមាណសំណល់ប្លាស្ទិកដ៏ច្រើនបែបនេះ ព្រមទាំងបញ្ហាប្រឈម ដែលបង្កឡើងដោយសារសំណល់ប្លាស្ទិក មិនមែនជាបញ្ហាដែលកើតមានតែ ចំពោះព្រះរាជាណាចក្រកម្ពុជានោះឡើយ តាមពិត គេសង្កេតឃើញមានស្ថានភាពស្រដៀងគ្នានេះនៅតាមប្រទេសផ្សេងៗទៀត និងនៅអាស៊ីផងដែរ។ នៅតាមប្រទេសទាំងនោះ មានប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើនចោលសំណល់ប្លាស្ទិកនៅជិត ឬទៅក្នុងប្រព័ន្ធផ្លូវទឹក ដោយអ្នកទាំងនោះប្រហែលជាមិនដឹងពីផលប៉ះពាល់ និងបញ្ហានៃសំណល់ទាំងនេះមកលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងខ្សែចង្វាក់ចំណីអាហារ រាប់បញ្ចូលទាំងខ្លួនយើងទាំងអស់គ្នាផងដែរ។

តើយើងអាចធ្វើអ្វីខ្លះបាន?

ចាប់តាំងពីឆ្នាំ ២០១៨ មក រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តតាមក្របខ័ណ្ឌ 4Rs (បដិសេធមិនប្រើប្រាស់(Refuse) កាត់បន្ថយ(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើងវិញ( Recycle)) ដើម្បីឆ្លើយតបចំពោះបញ្ហាបំពុលដោយប្លាស្ទិក។

            មានការរៀបចំ និងអនុវត្តសកម្មភាពជាច្រើន ដើម្បីសម្រេចគោលដៅនេះ ឧទាហរណ៍ ការដាក់ចេញនូវវិធានការបែប «ផ្ដល់រង្វាន់ និងពិន័យ (carrot-and-stick)» ជាច្រើន ដូចជា ការអប់រំ ការផ្ដល់ការលើកទឹកចិត្ត និងការពង្រឹងការអនុវត្តច្បាប់ ជាដើម។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវថ្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិក តាមផ្សារទំនើប និងហាងទំនិញធំៗ។ ការយកថ្លៃបន្ថែមបែបនេះបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាង ៥០% នៅតាមផ្សារទំនើបធំៗ។ ថវិកាដែលប្រមូលបានពីការយកថ្លៃបន្ថែមនេះ ត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ដល់គំនិតផ្ដួចផ្ដើមបៃតងទូទាំងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្ដួចផ្ដើមទាំងនេះ រួមមានការដំឡើងប្រព័ន្ធទឹកស្អាត និងផ្ទាំងសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យ នៅតាមសាលារៀនសាធារណៈ ដើម្បីជួយឱ្យសាលារៀន និងទីធ្លាសាធារណៈ កាន់តែមានការគិតគូរដល់បរិស្ថាន។

            បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត អំពីថង់ប្លាស្ទិកដែលប្រើតែ ១ ដងហើយចោល។ លើសពីនេះ ក៏មានការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពស្ដីពីសេដ្ឋកិច្ចចក្រាផងដែរ ជាមួយការគាំទ្រពីប្រទេសស៊ុយអែត និង UNDP ដែលនេះជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយនានា ក្នុងន័យលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្ត 4Rs។

            ក្នុងពេលជាមួយគ្នានេះដែរ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដ៏ធំមួយទៀត រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងសមត្ថភាពបច្ចេកទេស និងសមត្ថភាពស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំណល់ តាមរយៈការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ។ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់​គ្រងសំណល់រឹងជូនរដ្ឋបាលថ្នាក់ក្រោមជាតិ​ និងបានរៀបចំនូវគោលនយោបាយក្របខ័ណ្ឌ និងគោលការណ៍ណែនាំបច្ចេកទេសជាច្រើន ដើម្បីជួយសម្រួលដល់ការបំពេញមុខងារនេះ។ ក្រសួងក៏បានផ្ដល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអាចបំពេញមុខងារថ្មីៗទាំងនេះឱ្យបានពេញលេញ ដូចជា ផ្ដល់បរិក្ខារសម្រាប់គ្រប់គ្រងសំណល់ ឧទាហរណ៍ ឡដុតសំណល់ខ្នាតតូច រថយន្តដឹកសំរាម ធុងសំរាមជាដើម និងបានផ្ដល់ការបណ្ដុះបណ្ដាលដល់អភិបាលស្រុក និងមេឃុំអំពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់។

            បន្ថែមលើគំនិតផ្ដួចផ្ដើមទាំងនេះ ការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកទាមទារឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធបន្ថែមទៀត មិនត្រឹមតែនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ថែមទាំងតម្រូវឱ្យមានការផ្លាស់ប្ដូរក្នុងវដ្តទាំងមូលនៃប្លាស្ទិក ចាប់ពីការផលិតរហូតដល់ការនាំចូល និងការប្រើប្រាស់ រហូតដល់ការបោះចោល ឬការកែច្នៃទៀតផង។

            ព្រះរាជាណាចក្រកម្ពុជា មិនមែនជាប្រទេសដែលផលិតផលិតផលប្លាស្ទិកចម្បងនោះឡើយ ហើយផលិតផលប្លាស្ទិកភាគច្រើន គឺត្រូវបាននាំចូល។ ក្នុងពេលជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាក៏ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឬបច្ចេកវិទ្យាជឿនលឿនសម្រាប់គ្រប់គ្រង និងកែច្នៃសំណល់នោះដែរ។ ខណៈពេលដែលបរិមាណសំណល់ប្លាស្ទិកបន្តកើនឡើង បច្ចុប្បន្ននេះ ការកាត់បន្ថយបរិមាណថង់ប្លាស្ទិក គឺជារឿង ដែលចាំបាច់ត្រូវធ្វើជាបន្ទាន់នៅព្រះរាជាណាចក្រកម្ពុជា និងចាំបាច់ត្រូវបង្កើតនូវបរិយាកាសមួយដែលជួយសម្រួលឱ្យមានការគ្រប់គ្រង កែច្នៃ និងទាញយកសំណល់ទាំងនេះមកប្រើប្រាស់ឡើងវិញ។

            ទី ១ ត្រូវតែមានការគ្រប់គ្រងការនាំចូល និងការលក់ប្លាស្ទិកដែលប្រើបានតែ ១​ ដង។ ឧស្សាហកម្មធំៗដែលកំពុងប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែ ១ ដង ដូចជា ដបប្លាស្ទិក ជាដើម ចាំបាច់ត្រូវរចនាផលិតផលរបស់ខ្លួន ដើម្បីងាយស្រួលកែច្នៃយកមកប្រើប្រាស់ឡើងវិញ និងជួយគាំទ្រដល់សកម្មភាពកែច្នៃ ដូចជា តាមរយៈគម្រោងពង្រីកការទទួលខុសត្រូវរបស់អ្នកផលិតជាដើម។ អាជីវកម្ម និងប្រជាពលរដ្ឋ ចាំបាច់ត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែ ១ ដង និងអនុវត្តជម្រើសដែលមាននិរន្តរភាព។ គេចាំបាច់ត្រូវញែកសំណល់ប្លាស្ទិកពីសំណល់ដទៃទៀត ដើម្បីអាចឱ្យគេយកសំណល់ទាំងនេះទៅប្រើប្រាស់ឡើងវិញ កែច្នៃយកទៅប្រើប្រាស់បន្ត ឬបំប្លែងជាថាមពល។ ការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តគំនិតផ្ដួចផ្ដើមរួមគ្នា និងសហប្រតិបត្តិការជាមួយនឹងប្រទេសអភិវឌ្ឍន៍ និងដៃគូអភិវឌ្ឍន៍ ក៏ជាកត្តាដ៏សំខាន់ ដើម្បីកសាង និងលើកកម្ពស់ឧស្សាហកម្មកែច្នៃសំណល់នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

            បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយក្នុងទឹកប្រាក់ ៣ លានដុល្លារអាមេរិក ជាមួយនឹង UNDP ដើម្បីអនុវត្តគម្រោងថ្មីមួយ ដែលគាំទ្រដល់ «ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា»។ គំនិតផ្ដួចផ្ដើមនេះនឹងត្រូវអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវការបំពុលដែលបង្កឡើងដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs។ គម្រោងនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងគាំទ្រដល់ការកាត់បន្ថយសំណល់ ប្លាស្ទិក ព្រមទាំងជំរុញឱ្យមានការអនុវត្តគំនិតផ្ដួចផ្ដើមកែច្នៃសំណល់ប្លាស្ទិក។

តាមរយៈការប្រមូលផ្ដុំតួអង្គពាក់ព័ន្ធសំខាន់ៗឱ្យរួមសហការជាមួយគ្នា គេអាចចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅព្រះរាជាណាចក្រកម្ពុជា និងក្នុងពិភពលោក និងធានាឱ្យមានការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ សម្រាប់មនុស្សជំនាន់ក្រោយ។

ដោយ៖

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា

លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា