ដោយលោកស្រី Alissar Chaker អ្នកតំណាង យូអិនឌីភី ប្រចាំកម្ពុជា
ថាមពលកកើតឡើងវិញ ដើម្បីលើកស្ទួយអត្ថប្រយោជន៍សេដ្ឋកិច្ច
10 November 2021
សន្ទុះនៃការប្រើប្រាស់ថាមពលកកើតឡើងវិញដ៏ឆាប់រហ័ស នៅជុំវិញពិភពលោក កើតឡើងដោយសារកត្តាចាំបាច់ជាច្រើននៃផ្នែកសង្គមសេដ្ឋកិច្ច និងបរិស្ថាន ដូចជា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើនសន្តិសុខថាមពល ការលើកកម្ពស់លទ្ធភាពទទួលបានថាមពល និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាដើម។ កម្លាំងជំរុញទាំងអស់នេះអាចហៅថា ជាការខិតខំឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះផលប៉ះពាល់អវិជ្ជមានមកលើមនុស្ស និងផែនដី ក៏ត្រូវបានកាត់បន្ថយឱ្យនៅតិចជាអប្បបរមា ទន្ទឹមគ្នានឹងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច។
របាយការណ៍ពិសេសរបស់ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) នៃអង្គការសហប្រជាជាតិ ស្តីពីប្រភពថាមពលកកើតឡើងវិញ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (SRREN)[1] បែងចែកកត្តាជំរុញ កាលានុវត្តភាព និងអត្ថប្រយោជន៍សំខាន់ៗនៃថាមពលកកើតឡើងវិញជាប្រភេទៗ ដូចជា បរិស្ថាន (ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយផលប៉ះពាល់មកលើបរិស្ថាន និងសុខភាព) ការទទួលបានថាមពល សន្តិសុខថាមពល (ភាពចម្រុះនៃប្រភពផ្គត់ផ្គង់ឥន្ទនៈ ការនាំចូលឥន្ទនៈ ជញ្ជីងពាណិជ្ជកម្ម) និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច (ការបង្កើតការងារ មុខរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍជនបទ)។
កម្ពុជា គឺជាប្រទេសមួយ ដែលច្បាមយកថាមពលកកើតឡើងវិញយ៉ាងលឿន ដោយបានបង្កើនការផលិត ថាមពលកកើតឡើងវិញ ពីគម្រោងសាកល្បង ១០ មេហ្កាវ៉ាត់ ក្នុងឆ្នាំ ២០១៧ ដល់ ៣៧២មេហ្កាវ៉ាត់ត្រឹមចុងឆ្នាំ ២០២១ ហើយគេរំពឹងថាការផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ បញ្ចូលទៅក្នុងបណ្តាញអគ្គិសនីរបស់រដ្ឋ នឹង កើនឡើងសរុបដល់ ១ ៨១៥ មេហ្កាវ៉ាត់ ត្រឹមឆ្នាំ ២០៣០។
សមិទ្ធផលដែលសម្រេចបានផ្នែកអគ្គិសនីភាវូបនីយកម្មជនបទនៅកម្ពុជា ប្រាប់ពីរឿងរ៉ាវដ៏អស្ចារ្យ មួយអំពីកត្តាជំរុញ កាលានុវត្តភាព និងអត្ថប្រយោជន៍សំខាន់ៗនៃថាមពលស្អាត ដែលអាចផ្តល់ជាគំរូសម្រាប់ប្រទេសជាច្រើនក្នុងពិភពលោក។ រឿងនេះបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការទទួលបានអគ្គិសនីប្រើប្រាស់ ក្នុងការរំដោះប្រជាជនពីភាពក្រីក្រី និងពន្លឿនវឌ្ឍនភាពសង្គមសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០០០ មិនដល់ ៧% នៃតំបន់ជនបទនៅកម្ពុជា មានអគ្គិសនីប្រើប្រាស់ ដែលតំបន់ទាំងនោះមានប្រជាជនជាង ៧៥% រស់នៅ។ ត្រឹមឆ្នាំ ២០២០ ចំនួននេះកើនឡើងដល់ ៩៧% ដោយមានភូមិជាង ១៣ ៧00 មានអគ្គិសនីប្រើប្រាស់។ មានភូមិប្រហែលជា ៣៧០ ប៉ុណ្ណោះដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ហើយភូមិភាគច្រើនក្នុងចំណោមភូមិទាំងនេះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»។ ថាមពលពន្លឺព្រះអាទិត្យអាចផ្លាស់ប្តូរជីវិតរបស់កសិករនៅតាមភូមិដាច់ស្រយាលបំផុតរបស់កម្ពុជា។ ខណៈពេលដែលបណ្តាញអគ្គិសនីរដ្ឋមិនទាន់បានទៅដល់ «ភូមិដែលពិបាកទៅដល់ទាំងនេះ» បណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូចបាននិងកំពុងផ្តល់នូវដំណោះស្រាយថាមពលដែលអាចជឿទុកចិត្តបាន ក្នុងតម្លៃមួយសមរម្យ។ នេះបង្ហាញពីសារៈសំខាន់នៃការចូលរួមសហការពីវិស័យឯកជននៅកម្ពុជា ដើម្បីធានាឱ្យមានការទទួលបានថាមពលស្អាតក្នុងតម្លៃសមរម្យ។
និន្នាការនៃតម្រូវការអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាលំដាប់ ស្របនឹងកំណើនសេដ្ឋកិច្ច ដែលតម្រូវការនេះបន្តកើនឡើង ៦% នៅឆ្នាំ ២០២០ កំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ នេះទាមទារឱ្យមានការយកចិត្តទុកដាក់ ព្រោះកម្ពុជាមានតម្លៃអគ្គិសនីខ្ពស់ បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់អាស៊ាន។ លើសពីនេះ ក្នុងឆ្នាំ ២០១៩ តំបន់ភាគច្រើននៅកម្ពុជាជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំជារៀងរាល់ថ្ងៃ ដោយសារតែអាកាសធាតុស្ងួតដែលអូសបន្លាយពេលវែង។ តម្រូវការអគ្គិសនីនៅកម្ពុជា នៅពុំទាន់អាចបំពេញបានឡើយ ដែលធ្វើឱ្យអាជីវកម្មនានា និងសហគមន៍ត្រូវរងផលប៉ះពាល់។ គេក៏រំពឹងថា ស្ថានភាពដូចគ្នានេះអាចនឹងកើតឡើងកាលពីឆ្នាំ ២០២០ ដែរ ប៉ុន្តែដោយសារតែការថមថយសកម្មភាពសេដ្ឋកិច្ច ព្រោះតែជំងឺកូវីដ-១៩ និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ហានិភ័យនៃការដាច់ចរន្តអគ្គិសនីត្រូវបានកាត់បន្ថយ។ ការពឹងអាស្រ័យខ្លាំងលើថាមពលវារីអគ្គិសនី ដែលមិនមានភាពទៀងទាត់ នៅពេលដែលអាកាសធាតុប្រែប្រួល (ពោលគឺគ្រោះរាំងស្ងួត ដែលបន្តកើតឡើងម្តងហើយម្តងទៀត) ការនាំចូលអគ្គិសនី និងកិច្ចព្រមព្រៀងទិញអគ្គិសនីក្នុងបរិមាណថេរ ក៏ដូចជា ការឡើងចុះនៃតម្លៃឥន្ទនៈហ្វូស៊ីលសម្រាប់ប្រើប្រាស់ក្នុងការផលិតអគ្គិសនី គឺជាការគំរាមកំហែងដ៏ធំដល់សន្តិសុខថាមពល។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ លាតត្រដាងឱ្យឃើញពីភាពងាយរងគ្រោះនៃការផ្គត់ផ្គង់អគ្គិសនី ព្រោះតែតម្លៃឥន្ទនៈហ្វូស៊ីលខ្ពស់ និងលទ្ធភាពចំណាយរបស់អ្នកប្រើប្រាស់ ដែលធ្វើឱ្យគ្រួសារក្រីក្រត្រូវរងការចាញ់ប្រៀប។
ចាំបាច់ត្រូវមានជម្រើសដំណោះស្រាយផ្សេងៗ ហើយដំណោះស្រាយទាំងនេះពិតជាមានរួចស្រេចទៅហើយ។ ការច្បាមយកដំណោះស្រាយដែលចំណាយតិច ដូចជាថាមពលពន្លឺព្រះអាទិត្យជាដើម នឹងលើកកម្ពស់សន្តិសុខថាមពល ក៏ដូចជាបង្កើនការទទួលបានថាមពល និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច។ សហគមន៍អាជីវកម្មបានកត់សម្គាល់សញ្ញាទាំងនេះ ហើយកំពុងបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ក្នុងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ក្នុងដំណើរការផលិតកម្ម ដូចដែលបានលើកឡើងដោយបណ្តាញក្រុមហ៊ុន RE100[2] ដើម្បីកាត់កងចំណាយអគ្គិសនី ដែលមានតម្លៃខ្ពស់ធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់នេះ។
កម្ពុជាបានសម្រេចនូវកិច្ចព្រមព្រៀងទិញថាមពលពន្លឺព្រះអាទិត្យ (PPA) ក្នុងតម្លៃទាបបំផុត មិនធ្លាប់មាននៅក្នុងតំបន់ ក្នុងតម្លៃ ៣,៨៧ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង តាមរយៈការដេញថ្លៃ ដែលជាការបង្ហាញថា ថាមពលពន្លឺព្រះអាទិត្យអាចផ្តល់នូវតម្លៃប្រកួតប្រជែងថ្លៃដើមទាបបំផុត សម្រាប់ការផ្គត់ផ្គង់អគ្គិសនីបែបថ្មីនៅក្នុងប្រទេស។ ជាការពិត ជម្រើសនេះបានក្លាយជាជម្រើសដែលអស់ថ្លៃដើមទាបបំផុតសម្រាប់កម្ពុជា បើតាមការវិភាគដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ ហេតុផលដែលជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ត្រូវបានលើកឡើងដំបូងក្នុងរបាយការណ៍របស់វិស័យឯកជន ដែលបានប៉ាន់ប្រមាណនៅឆ្នាំ២០១៧ ថា កាលានុវត្ថភាពអាជីវកម្មលើការពង្រីកថាមពលកកើតឡើងវិញនៅអាស៊ី អាចផ្តល់នូវតម្លៃបន្ថែម ៣០០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០៣០ (គណៈកម្មាធិការធុរកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០១៧)[3]។
បណ្តាញអគ្គិសនីរដ្ឋជាច្រើននៅទូទាំងពិភពលោក កំពុងទទួលយករហូតដល់ ៣០% នៃថាមពលកកើតឡើងវិញ ទៅក្នុងល្បាយផលិតអគ្គិសនីរបស់ខ្លួន។ នេះគឺជាអ្វីដែលអាចសម្រេចបាននៅកម្ពុជា តាមរយៈការធ្វើបច្ចុប្បន្នភាពកូដបណ្តាញអគ្គិសនីជាតិ ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករបណ្តាញអគ្គិសនីអាចគ្រប់គ្រងការប្តូរប្រភពផលិតអគ្គិសនីផ្សេងៗគ្នា។ លើសពីនេះ កម្ពុជាមានភាពអំណោយផលបន្ថែមផងដែរត្រង់ថា បណ្តាញអគ្គិសនីជាតិរបស់ខ្លួនត្រូវបានតភ្ជាប់ទៅវិញទៅមកជាមួយនឹងបណ្តាញអគ្គិសនីជាតិរបស់ប្រទេសថៃ និងវៀតណាម។ ការតភ្ជាប់ទៅវិញទៅមកនៃបណ្តាញអគ្គិសនីបែបនេះជួយ បង្កើនភាពចម្រុះនៃបន្ទុកប្រើប្រាស់អគ្គិសនី ធ្វើឱ្យប្រសើរឡើងនៃមេគុណបន្ទុកប្រើប្រាស់អគ្គិសនី ប្រមូលផ្តុំប្រភពអគ្គិសនីបម្រុង បង្កើនភាពអាចជឿទុកចិត្តបាន និងភាពឋិតថេរជារួម និងអនុញ្ញាតឱ្យមានភាពបត់បែនខ្ពស់នៃបណ្តាញអគ្គិសនី ដើម្បីបន្ថែមភាគរយថាមពលកកើតឡើងវិញឱ្យរឹតតែខ្ពស់ ជាពិសេស ថាមពលពន្លឺព្រះអាទិត្យ។
ជាការចាំបាច់ដែលក្រសួងពាក់ព័ន្ធត្រូវរៀបចំយុទ្ធសាស្ត្ររួម ស្តីពីការប្រើប្រាស់ធនធានថាមពលក្នុងស្រុកឱ្យបានល្អបំផុត និងផ្តល់អាទិភាពដល់ការប្រើប្រាស់ធនធានថាមពលពីប្រភពក្នុងស្រុក។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយមានព័ត៌មានសម្រាប់សន្តិសុខថាមពល និងការបែងចែកឡើងវិញនៃកំណើនផលិតផលក្នុងស្រុកសរុប ដែលបានពីសេដ្ឋកិច្ចបៃតង។ ការបំពេញតួនាទីកាន់តែច្រើនជាងមុននៃសហគ្រាសអគ្គិសនីជនបទ ពោលគឺមិនត្រឹមតែជាអ្នកចែកចាយ ប៉ុន្តែជាអ្នកផលិតអគ្គិសនីផងដែរនោះ ក៏អាចផ្តល់នូវមាគ៌ាប្រកបដោយនិរន្តរភាព សម្រាប់វិស័យថាមពលនៅកម្ពុជាផងដែរ។
ក្រៅតែពីទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច កម្ពុជាបានកែសម្រួលការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបានបន្ថែមចំណុចដៅកាន់តែមានមហិច្ឆតាជាងមុននៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (ឬហៅកាត់ថា NDC)។ ការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គឺជាឱកាស ដើម្បីឆ្លើយតបចំពោះការប្តេជ្ញាចិត្តទាំងនេះ តាមរយៈការខិតខំសម្រេចចំណុចដៅនៃការបង្កើនភាគរយថាមពលកកើតឡើងវិញ ក្នុងល្បាយថាមពលជាតិ ចាប់ពី ២៥% ឡើងទៅ ដែលរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០៣០ បើធៀបនឹងទិន្នន័យដើមគ្រានាពេលបច្ចុប្បន្ន។ តាមរយៈការបង្កើនភាគរយថាមពលកកើតឡើងក្នុងល្បាយថាមពលជាតិ កម្ពុជាមានសក្តានុពលក្នុងការបង្ហាញឱ្យឃើញពីរឿងដ៏អស្ចារ្យមួយអំពី ឧត្តមភាពប្រៀប និងអត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង នៃការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់កសាងសេដ្ឋកិច្ចដែលមានការបញ្ចេញកាបូនទាប និងជំរុញវឌ្ឍនភាពសម្រាប់ប្រជាជន និងភពផែនដី។
English: https://bit.ly/2YxswBn
Media:
ThmeyThmey: https://bit.ly/3mZViUy
Khmer Times: https://www.khmertimeskh.com/50963808/renewable-energy-to-enhance-economic-benefits/
-----------------------------------------------------------------------------------------------------------------
[1] https://www.uncclearn.org/wp-content/uploads/library/ipcc15.pdf
[2] RE100 គឺជាគំនិតផ្តួចផ្តើមសកលរបស់ក្រុមហ៊ុន ដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ដែលប្តេជ្ញាប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ១០០% នៅក្នុងផលិតកម្មរបស់ខ្លួនត្រឹមឆ្នាំ ២០៥០ ដោយមានការដាក់ចេញនូវជំហានអន្តរកាលជាបន្តបន្ទាប់ ដូចជាយ៉ាងហោចណាស់ ៦0% ត្រឹមឆ្នាំ ២០៣០, និង ៩0% ត្រឹមឆ្នាំ ២០៤០ ជាដើម។ ក្រុមហ៊ុនទាំងនេះ រួមមាន H&M, Adidas, Puma, Gap, Nike, ។ល។ ក្រុមហ៊ុនទាំងនេះកំពុងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្ថែមថាមពលកកើតឡើងវិញទៅក្នុងល្បាយថាមពលចម្រុះរបស់ខ្លួន។