វចនានុក្រមអាកាសធាតុ៖ ប្រើប្រាស់ភាសាអាកាសធាតុឱ្យបានស្ទាត់ជំនាញ
4 July 2024
សូមអានឯកសារជាភាសាអង់គ្លេសនៅទីនេះ និងទាញយកវចនានុក្រមអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដែលកំណត់ជោគវាសនាយើងទាំងអស់គ្នា។ ជារៀងរាល់ថ្ងៃ មានមនុស្សកាន់តែច្រើន កំពុងចូលរួមអនុវត្តសកម្មភាពអាកាសធាតុ។
អ្នកដែលធ្វើការនៅក្នុងវិស័យនេះយូរមកហើយ យល់ច្បាស់ពីវាក្យសព្ទ និងទស្សនទានជាច្រើនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ ប្រសិនបើអ្នកទើបតែចូលរួមនៅក្នុងការពិភាក្សាអំពីបញ្ហានេះជាលើកដំបូង វាអាចជាកាលំបាកក្នុងការស្វែងយល់ពីអ្វីៗគ្រប់បែបយ៉ាងក្នុងពេលតែមួយ។
ដោយហេតុនេះហើយ ទើបយើងបានរៀបចំនូវឯកសារធនធានអំពីវាក្យសព្ទ និងទស្សនទានស្តីពីការប្រែប្រួលអាកាសធាតុនេះឡើង។ ប្រសិនបើអ្នកលំបាកយល់ការសន្ទនាអំពីអាកាសធាតុ វចនានុក្រមអាកាសធាតុនេះ គឺសម្រាប់អ្នក។
យើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកអានវចនានុក្រមនេះ កត់ចំណាំពាក្យពេចន៍សំខាន់ៗ និងប្រើវានៅក្នុងការងារអនុវត្តសកម្មភាពអាកាសធាតុ។ ហើយយើងសន្យាថានឹងធ្វើបច្ចុប្បន្នភាពវចនានុក្រមនេះឱ្យបានទៀងទាត់ តាមរយៈការបញ្ចូលវាក្យសព្ទថ្មីៗ ដើម្បីចូលរួមជំរុញឱ្យមានការអនុវត្តសកម្មភាពអាកាសធាតុរួមគ្នា។
កំណត់សំគាល់៖ នេះគឺជាការបកប្រែក្រៅផ្លូវការ ពីវចនានុក្រមអាកាសធាតុជាភាសាអង់គ្លេស ផលិតដោយយូអិនឌីភី។
ធាតុអាកាស (Weather) សំដៅលើលក្ខខណ្ឌបរិយាកាសនៅពេលណាមួយ នៅទីតាំងណាមួយ ដូចជាសីតុណ្ហភាព សំណើម កំណកអាកាស ពពក ខ្យល់ និងភាពអាចមើលឃើញជាដើម។ លក្ខខណ្ឌធាតុអាកាសមិនមែនកើតឡើងដោយឯកឯងនោះឡើយ វាមានផលសាយភាយតៗគ្នា។ ធាតុអាកាសនៅក្នុងតំបន់មួយ មានឥទ្ធិពលលើធាតុអាកាសនៅតំបន់ឆ្ងាយពីវារាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ។
អាកាសធាតុ (Climate) សំដៅលើនិន្នាការធាតុអាកាសគិតជាមធ្យមនៅក្នុងតំបន់ជាក់លាក់ណាមួយ ក្នុងរយៈពេលវែង ជាធម្មតាចាប់ពី ៣០ ឆ្នាំឡើងទៅ ដែលតំណាងឱ្យស្ថានភាពជារួមនៃប្រព័ន្ធអាកាសធាតុ។
សកម្មភាពមនុស្សនៅក្នុងយុគឧស្សាហកម្ម ជាពិសេសនៅក្នុងសតវត្សរ៍ចុងក្រោយនេះ កំពុងធ្វើឱ្យមានការប្រែប្រួលដល់អាកាសធាតុនៃភពផែនដីរបស់យើងគួរឱ្យកត់សម្គាល់ តាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏សែនគ្រោះថ្នាក់។
ឧស្ម័នផ្ទះកញ្ចក់ គឺជាឧស្ម័នដែលចាប់យកកម្តៅភាយពីព្រះអាទិត្យមកក្នុងបរិយាកាសនៃភពរបស់យើង ដែលធ្វើឱ្យបរិយាកាសបន្តមានកម្តៅ។ ចាប់តាំងពីយុគឧស្សាហកម្មមក សកម្មភាពរបស់មនុស្ស នាំឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតមួយដ៏គ្រោះថ្នាក់ ដែលបង្កឱ្យមានការឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ។
ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗដែលបំភាយចេញពីសកម្មភាពរបស់មនុស្ស មានដូចជាឧស្ម័នកាបូនិក មេតាន នីត្រូសែនអុកស៊ីត និងឧស្ម័នដែលមានជាតិស្ពាន់ធ័រប្រើប្រាស់សម្រាប់ cooling និងទូរទឹកកក។ ឧស្ម័នកាបូនិក គឺជាឧស្ម័នផ្ទះកញ្ចក់ចម្បងមួយបែប កើតចេញពីសកម្មភាពរបស់មនុស្ស ជាពិសេស ចេញពីការដុតឥន្ធនៈហ្វូស៊ីល ការបាត់បង់ព្រៃឈើ និងបម្រែបម្រួលនៃរបៀបប្រើប្រាស់ដីធ្លី។ ការពឹងអាស្រ័យលើឥន្ធនៈហ្វូស៊ីល នាំឱ្យកំហាប់ឧស្ម័នកាបូនិកនៅក្នុងបរិយាកាសកើនឡើង ៥០ ភាគរយ ក្នុងរយៈពេល ២០០ ឆ្នាំចុងក្រោយនេះ។ ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់មួយទៀត ដែលរួមចំណែក ២៥ ភាគរយ ដល់ការឡើងកម្តៅផែនដី។ ឧស្ម័នមេតានត្រូវបានបំភាយក្នុងអំឡុងពេលនៃការដកហូត និងដឹកជញ្ជូនធ្យូងថ្ម ឧស្ម័ន និងប្រេងឥន្ធនៈ និងបំភាយចេញពីទីលានចាក់សំរាម និងសកម្មភាពកសិកម្ម។
ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលបង្កជាមហន្តរាយ រដ្ឋាភិបាលនៅគ្រប់បណ្តាប្រទេស ត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានច្រើន នាពេលបច្ចុប្បន្ននេះ និងនៅក្នុងទសវត្សរ៍ខាងមុខ និងត្រូវទប់ការឡើងកម្តៅផែនដីឱ្យស្ថិតក្រោមកម្រិត ១,៥ អង្សាសេ ដែលជាកម្រិតមួយដ៏គ្រោះថ្នាក់។
ការឡើងកម្តៅផែនដី សំដៅលើការកើនឡើងសីតុណ្ហភាពលើផ្ទៃដីគិតជាមធ្យមរបស់ផែនដី ដែលកើតឡើងនៅពេលដែលកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសមានការកើនឡើង។ ឧស្ម័នទាំងនេះស្រូបយកកាំរស្មីព្រះអាទិត្យ និងចាប់យកកម្តៅបានកាន់តែច្រើន ដែលធ្វើឱ្យភពផែនដីនេះកាន់តែក្តៅ។ ការដុតឥន្ធនៈហ្វូស៊ីល ការកាប់ទន្ទ្រានព្រៃឈើ និងការចិញ្ចឹមសត្វពាហនៈ គឺជាសកម្មភាពមួយចំនួនដែលបំភាយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកដល់ការឡើងកម្តៅផែនដី។
ការប្រែប្រួលអាកាសធាតុ សំដៅលើការប្រែប្រួលអាកាសធាតុផែនដីក្នុងរយៈពេលវែង ដែលធ្វើឱ្យបរិយាកាសទឹកសមុទ្រ និងដីមានកម្តៅខ្លាំងជាងមុន។ ការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់ដល់តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ដល់ជីវិត និងជីវៈចម្រុះ និងប៉ះពាល់ដល់សុខភាព។ ការប្រែប្រួលអាកាសធាតុក៏បង្កឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែច្រើនជាងមុន ដូចជាព្យុះហេរីខេន (hurricanes) ទឹកជំនន់ រលកកម្តៅ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និង/ឬកាន់តែញឹកញាប់ និងនាំឱ្យកម្ពស់ទឹកសមុទ្រមានការកើនឡើង និងមានការបាក់ឆ្នេរដោយសារតែទឹកសមុទ្រឡើងកម្តៅ ការរលាយផ្ទាំងទឹកកក និងការបាត់បង់ផ្ទាំងទឹកកកជាដើម។
វិបត្តិអាកាសធាតុ សំដៅលើបញ្ហាធ្ងន់ធ្ងរដែលកំពុងបង្កឡើង ឬទំនងជានឹងអាចបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុរបស់ភពផែនដី ដូចជា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងសញ្ញាគ្រោះថ្នាក់ ការឡើងកម្រិតជាតិអាស៊ីដក្នុងទឹកសមុទ្រ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការបាត់បង់ជីវៈចម្រុះ បញ្ហាអសន្តិសុខស្បៀង និងទឹក ហានិភ័យសុខភាព ការរំខានដល់សកម្មភាពសេដ្ឋកិច្ច ការបាត់បង់ទីលំនៅ និងជម្លោះហិង្សាជាដើម។
ចាប់តាំងពីទសវត្សរ៍១៨០០មក សកម្មភាពមនុស្សធ្វើឱ្យសីតុណ្ហភាពជាមធ្យមរបស់ផែនដី កើនឡើងប្រហែលជា ១,២ អង្សាសេ – ក្នុងនោះ ជាង ២ ភាគ ៣ នៃការឡើងកម្តៅនេះ កើតឡើងចាប់តាំងពីឆ្នាំ១៩៧៥មក។ ការឡើងកម្តៅនេះបង្កឱ្យមានការខូចខាតយ៉ាងច្រើនដល់សង្គមមនុស្ស និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ នៅតាមតំបន់ជាច្រើននៅក្នុងពិភពលោក។ មនុស្សជាង ៣ ពាន់លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលងាយរងផលប៉ះពាល់ខ្លំាងដោយសារវិបត្តិអាកាសធាតុ ដែលក្នុងនោះប្រទេសដែលមានចំណូលទាប ជាក្រុមប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងច្រើនលើសលុប។
អ្នកវិទ្យាសាស្ត្ររំពឹងថា ការឡើងកម្តៅលើសពី ១,៥ អង្សាសេ នឹងនាំឱ្យមានចំណុចរបត់ប្រកបដោយគ្រោះថ្នាក់ជាច្រើន ដែលនាំឱ្យមានការផ្លាស់ប្តូរជាច្រើន ដែលមិនអាចបកក្រោយវិញបាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។ ដោយហេតុនេះហើយ ទើបរដ្ឋាភិបាលត្រូវចាត់វិធានការជាបន្ទាន់នាពេលនេះ ដើម្បីកាត់បន្ថយជាគំហុកនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងត្រួសត្រាយផ្លូវ ដើម្បីឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធ (net zero) ក្នុងទសវត្សរ៍ខាងមុននេះ និងការវិនិយោគលើការបន្សាំទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជីវៈសហគមន៍ ដែលផែនដីកំពុងពឹងអាស្រ័យលើ។
ផលតបតៗគ្នានៃអាកាសធាតុ កើតឡើងនៅពេលដែលការបម្រែបម្រួលផ្នែកណាមួយនៃអាកាសធាតុ ធ្វើឱ្យមានបម្រែបម្រួលផ្នែកផ្សេងៗទៀតជាបន្តបន្ទាប់តៗគ្នា។ ចុងក្រោយ ផលតបតៗគ្នានេះអាចនាំទៅដល់ចំណុចរបត់មួយ មានន័យថាបម្រែបម្រួលនៃប្រព័ន្ធអាកាសធាតុ កាន់តែធ្ងន់ធ្ងរ និងមិនអាចប្រែត្រឡប់ថយក្រោយវិញបានឡើយ។
បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ ដឹងពីផលតបតគ្នាធ្ងន់ធ្ងរមួយចំនួន ដែលកំពុងជំរុញឱ្យមានការឡើងកម្តៅផែនដី។ ឧទាហរណ៍ ខណៈពេលដែលសមុទ្រទឹកកកនៅតំបន់អាក់ទិកចាប់ផ្ដើមរលាយ ទឹកសមុទ្រដែលមានសភាពងងឹត (darker) ស្រូបកម្ដៅរឹតតែច្រើន ដែលធ្វើឱ្យដំណើរការឡើងកម្ដៅកើតមានកាន់តែឆាប់រហ័ស ធ្វើឱ្យទឹកកកកាន់តែឆាប់រលាយ។ ស្រដៀងគ្នានេះដែរ ពេលភ្លើងឆេះព្រៃ វាក៏បំភាយឧស្ម័នផ្ទះកញ្ចក់ ដែលនាំឱ្យមានការឡើងកម្ដៅ និងនាំឱ្យមានភ្លើងឆេះព្រៃបន្ថែមទៀត។ ផលតបផ្សេងទៀត រួមមានការរលាយនៃកំណកអចិន្ត្រៃយ៍ ការរិចរឹលនៃព្រៃឈើ និងការកើតមាននៅសត្វល្អិតក្នុងបរិមាណដ៏ច្រើនជាដើម។
ចំណុចរបត់ សំដៅលើកម្រិតមួយ ដែលការប្រែប្រួលមួយចំនួនបង្កឡើងដោយសារការឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុលែងអាចត្រឡប់ថយក្រោយវិញបាន បើទោះជាមានអន្តរាគមន៍នាពេលអនាគតក្នុងការកាត់បន្ថយសីតុណ្ហភាពសកលជាមធ្យមបានជោគជ័យក៏ដោយ។ បម្រែបម្រួលទាំងនេះអាចនាំឱ្យមាន ផលប៉ះពាល់គ្រោះថ្នាក់ភ្លាមៗ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាគតនៃមនុស្សជាតិ និងភពផែនដី។
ខណៈពេលដែលពិភពលោកកាន់តែក្តៅទៅ ចំណុចរបត់ទំនងជានឹងលេចចេញជារូបរាងកាន់តែច្រើន។ ចំណុចរបត់មួយ គឺការបាក់ផ្ទាំងទឹកកកនៅតំបន់ហ្គ្រីនលែន និងអង់តាក់ទិកភាគខាងលិច ដែលអាចបង្កឱ្យមានការឡើងកម្ពស់ទឹកសមុទ្រយ៉ាងខ្លាំង និងបង្កការគំរាមកំហែងដល់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឆ្នេរ។ ចំណុចរបត់មួយទៀត គឺការរលាយនៃផ្ទាំងទឹកកកអចិន្ត្រៃយ៍នៅតំបន់ទុនដ្រា (Tundra regions) ដែលនឹងនាំឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិមាណដ៏ច្រើន ជាហេតុនាំឱ្យការឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុកើតឡើងរឹតតែឆាប់រហ័ស។ ព្រឹត្តិការណ៍ដែលធ្វើឱ្យផ្កាថ្មឡើងពណ៌សក្នុងទ្រង់ទ្រាយធំ (Mass coral bleaching events) និងការបំផ្លិចបំផ្លាញព្រៃទឹកភ្លៀង គឺជាចំណុចរបត់ធំៗពីរផ្សេងទៀត ដែលបង្កផលប៉ះពាល់យ៉ាងធំធេង មកលើជីវៈចម្រុះ និងសង្គមមនុស្ស។
ក្រោមកិច្ចព្រមព្រៀងប៉ារីស ប្រទេសនានាត្រូវចាត់វិធានការដែលចាំបាច់ ដើម្បីបញ្ចៀសការប្រែប្រួលអាកាសធាតុដ៏សែនគ្រោះថ្នាក់ តាមរយៈការកាត់បន្ថយការឡើងកម្តៅផែនដីឱ្យស្ថិតនៅក្រោម ២ អង្សាសេ និងត្រូវខិតខំប្រឹងប្រែង ដើម្បីកំហិតការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ។ ប៉ុន្តែទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ សេណារីយ៉ូនៅថ្ងៃអនាគត បង្ហាញឱ្យឃើញថាពួកយើងមិនអាចកំហិតការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ។ ការប្រែប្រួលអាកាសធាតុខុសប្រក្រតី សំដៅលើរយៈពេលដែលកម្ដៅកើនឡើងលើសពី ១,៥ អង្សាសេ មុននឹងថយចុះមកវិញ។ រយៈពេលនេះប្រហែលជាកើតឡើងនៅចំកណ្តាលសតវត្សរ៍នេះ ប៉ុន្តែមានសញ្ញាគួរឱ្យបារម្ភថ្មីៗបង្ហាញថា វាអាចកើតឡើងកាន់តែលឿនជាងនេះទៅទៀត។
នៅពេលដែលរយៈពេលអាកាសធាតុប្រែប្រួលខុសប្រក្រតីកាន់តែយូរ ពិភពលោកកាន់តែជួបគ្រោះថ្នាក់។ នៅពេលដែលសីតុណ្ហភាពក្នុងសកលលោកកាន់តែឡើងខ្ពស់ និងអូសបន្លាយពេលកាន់តែយូរ វានឹងបង្កផលប៉ះពាល់ដ៏អន្តរាយ ដែលមិនអាចស្រោចស្រង់វិញបានលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ជីវៈចម្រុះ និងសហគមន៍មនុស្ស ជាពិសេសនៅតំបន់ស្ងួតហួតហែង តំបន់ឆ្នេរ និងទីតាំងងាយរងគ្រោះដទៃទៀត។ ការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបានច្រើនបំផុតនៅក្នុងទសវត្សរ៍នេះ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីកំហិតរយៈពេល និងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុខុសប្រក្រតីបែបនេះ។
ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ សំដៅលើសកម្មភាពដែលធ្វើឡើងដោយរដ្ឋាភិបាល សហគ្រាស ឬមនុស្ស ដើម្បីកាត់បន្ថយ ឬទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធ្វើឱ្យប្រសើរនូវអាងស្រូបកាបូន ដើម្បីដកហូតឧស្ម័នទាំងនេះចេញពីបរិយាកាស។
ការកាត់បន្ថយ ឬការទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ អាចធ្វើទៅបានតាមរយៈការធ្វើអន្តរកាលទៅរកប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប ឬមិនបញ្ចេញកាបូន ការជំរុញឱ្យមានការធ្វើកសិកម្ម និងការប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និងការផ្លាស់ប្តូរគំរូផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាឥរិយាបថដែលពាក់ព័ន្ធនឹងរបបអាហារ។ ការធ្វើឱ្យកាន់តែប្រសើរនូវអាងស្រូបកាបូន អាចសម្រេចទៅបានតាមរយៈ ការស្ដារព្រៃឈើ តំបន់ដីសើម និងវាលភក់ រក្សាសុខភាពដី និងការពារប្រព័ន្ធអេកូឡូស៊ីដីគោក និងសមុទ្រ។
ដើម្បីឱ្យសកម្មភាពកាត់បន្ថយទទួលបានជោគជ័យ ជាការសំខាន់ណាស់ដែលប្រទេសនានាត្រូវកសាងបរិយាកាសសម្រាប់ផ្តល់ការគាំទ្រដល់ការអនុវត្តសកម្មភាពទាំងនេះ ដូចជាតាមរយៈការដាក់ចេញច្បាប់គោលនយោបាយ និងការវិនិយោគជាដើម។
តើអ្នកដឹងទេ៖ ដើម្បីកំហិតការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ ដែលជាគោលដៅដ៏សំខាន់ ដែលត្រូវបានដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងប៉ារីស ពិភពលោកត្រូវអនុវត្តសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៤៥ ភាគរយ មុនឆ្នាំ ២០៣០ និងសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នសុទ្ធស្មើសូន្យ (net-zero) ត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។
ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅលើសកម្មភាពដែលជួយកាត់បន្ថយភាពងាយរងគ្រោះ ចំពោះ ផលប៉ះពាល់ដែលកំពុងកើតមាន ឬដែលគេរំពឹងថានឹងកើតមាន ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងមុខសញ្ញាគ្រោះថ្នាក់ ការឡើងកម្ពស់ទឹកសមុទ្រ ការបាត់បង់ជីវៈចម្រុះ ឬបញ្ហាអសន្តិសុខស្បៀង និងទឹកជាដើម។
សូម្បីតែនៅក្នុងចំណាកដែលវិជ្ជមានខ្លាំង ពោលគឺចំណាកដែលយើងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានយ៉ាងលឿនក្នុងបរិមាណដ៏ច្រើន ការប្រែប្រួលអាកាសធាតុនឹងបន្តបង្កផលប៉ះពាល់ដល់ពិភពលោករបស់យើងជាច្រើនទសវត្សរ៍ទៅមុខទៀត ដ្បិតថាមពលនានាត្រូវបានចាប់ជាប់នៅក្នុងប្រព័ន្ធនេះរួចទៅហើយ។ នេះមានន័យថា ចាំបាច់ត្រូវមានការអនុវត្តវិធានការបន្សាំជាទូទៅ ដើម្បីកំហិតផលប៉ះពាល់ទាំងនេះ និងការពារសុវត្ថិភាពមនុស្ស និងធម្មជាតិ។
វិធានការបន្សាំជាច្រើន ចាំបាច់ត្រូវអនុវត្តនៅតាមមូលដ្ឋាន ដូច្នេះ សហគមន៍ទាំងនៅជនបទ ទាំងនៅទីក្រុងសុទ្ធតែមានតួនាទីសំខាន់។ វិធានការទាំងនេះ មានដូចជា ការដាំពូជដំណាំដែលធន់នឹងគ្រោះរាំងស្ងួត និង
ការធ្វើកសិកម្មស្តារឡើងវិញ (regenerative agriculture) ការកែលម្អ ការស្តុកទុក និងការប្រើប្រាស់ទឹក
ការគ្រប់គ្រងដី ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងការកសាងប្រព័ន្ធការពារឱ្យបានរឹងមាំ ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាទឹកជំនន់ និងរលកកម្ដៅជាដើម។
ទោះជាយ៉ាងនេះក្ដី ការបន្សាំចាំបាច់ត្រូវមានការជំរុញនៅថ្នាក់ជាតិ និងអន្តរជាតិ។ បន្ថែមលើការរៀបចំគោលនយោបាយដែលចាំបាច់ ដើម្បីតម្រង់ទិសដល់ការបន្សាំ រដ្ឋាភិបាលចាំបាច់ត្រូវតែពិនិត្យមើលវិធានការទ្រង់ទ្រាយធំ ដូចជាការពង្រឹង ឬការផ្លាស់ប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធពីតំបន់ឆ្នេរ ដែលរងផលប៉ះពាល់ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចទប់ទល់នឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ការកែលម្អប្រព័ន្ធជូនដំណឹងជាមុន និងការពង្រឹងការទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយ ការបង្កើតយន្តការធានារ៉ាប់រងសមស្របតាមព្រឹត្តិការណ៍ពាក់ព័ន្ធអាកាសធាតុ និងការរៀបចំផ្តល់ការការពារថ្មីៗបន្ថែមទៀតដល់សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។
ភាពធន់នឹងអាកាសធាតុ គឺជាការសមត្ថភាពរបស់សហគមន៍ ឬប្រព័ន្ធអេកូឡូស៊ីដែលអាចឆ្លើយតប និងគ្រប់គ្រង ផលប៉ះពាល់ ដែលបង្កឡើងដោយបញ្ហាអាកាសធាតុ។ វាជាសមត្ថភាពកាត់បន្ថយការខូចខាតឱ្យនៅតិចជាអប្បបរមា ព្រមទាំងការស្ដារឡើងវិញ ក៏ដូចជាធ្វើបរិវត្តកម្មដែលចាំបាច់ បន្ទាប់ពីវិបត្តិអាកាសធាតុដែលកើតមានឡើង។
ដើម្បីការពារសង្គម សកម្មភាពសេដ្ឋកិច្ច និងបរិស្ថានបានល្អ ប្រជាជន សហគមន៍ រដ្ឋាភិបាលចាំបាច់ត្រូវទទួលបានការបំពាក់បំប៉នសមត្ថភាព ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលមិនអាចបញ្ចៀស បាន។ ការបំពាក់បំប៉ននេះអាចថាធ្វើឡើង តាមរយៈការបណ្ដុះបណ្ដាលឱ្យប្រជាជនទទួលបានជំនាញថ្មីៗ និងធ្វើពិពិធកម្មប្រភពចំណូលសម្រាប់គ្រួសាររបស់ពួកគេ កសាងសមត្ថភាពឆ្លើយតប និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែរឹងមាំ ពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានអំពីអាកាសធាតុ និងជូនដំណឹងជាមុន និងរៀបចំផែនការរយៈពេលវែងជាដើម។
ចុងក្រោយ សង្គមដែលធន់នឹងអាកាសធាតុពិតប្រាកដ គឺជាសង្គមដែលមានការបញ្ចេញកាបូនទាប ព្រោះថាការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានជាគំហុក គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់ ធ្ងន់ធ្ងរដែលកើតឡើងដោយសារអាកាសធាតុនាពេលអនាគត។ សង្គមបែបនេះ ក៏ជាសង្គមដែលឈរលើគោលការណ៍សមធម៌ និងយុត្តិធម៌អាកាសធាតុ ពោលគឺជាសង្គមដែលផ្តល់ការគាំទ្រជាអាទិភាពដល់ប្រជាជន និងសហគមន៍ដែលប្រឈមនឹងផលប៉ះពាល់នៃអាកាសធាតុជាងគេ ឬដែលមានសមត្ថភាពតិចជាងគេក្នុង
ការទប់ទល់ជាមួយនឹងផលប៉ះពាល់អាកាសធាតុ។
ដានកាបូន គឺជារង្វាស់ សម្រាប់វាស់វែងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ដោយមនុស្ស ស្ថាប័ន ផលិតផល ឬសកម្មភាពណាមួយ។ ដានកាបូនកាន់តែធំ មានន័យថាមានការបញ្ចេញឧស្ម័នកាបូនិក និងមេតានកាន់តែច្រើន ដូច្នេះក៏រួមចំណែកកាន់តែច្រើនដល់វិបត្តិអាកាសធាតុផងដែរ។
ការវាស់វែងដានកាបូនរបស់មនុស្សម្នាក់ ឬស្ថាប័នណាមួយ តម្រូវឱ្យមានការពិនិត្យលើការបញ្ចេញឧស្ម័នដោយផ្ទាល់ ដែលកើតចេញពីការដុតឥន្ធនៈហ្វូស៊ីលសម្រាប់ផលិតជាថាមពល ផ្គត់ផ្គង់កម្ដៅ ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស និងការបញ្ចេញឧស្ម័នដោយប្រយោលពីការផលិត និងការចោលម្ហូបអាហារ ទំនិញដែលត្រូវបានផលិត និងសេវាកម្ម ដែលមនុស្ស ឬស្ថាប័ននោះប្រើប្រាស់។
គេអាចកាត់បន្ថយដានកាបូន តាមរយៈការងាកទៅរកប្រភពថាមពលដែលបញ្ចេញកាបូនទាប ដូចជាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យជាដើម បង្កើនប្រសិទ្ធភាពថាមពល ពង្រឹងគោលនយោបាយ និងការធ្វើនិយ័តកម្មលើឧស្សាហកម្ម ផ្លាស់ប្ដូរទម្លាប់ទិញ និងការធ្វើដំណើរ និងកាត់បន្ថយការបរិភោគសាច់ និងកាកសំណល់អាហារជាដើម។
យុត្តិធម៌អាកាសធាតុមានន័យថា ជាការចាត់ទុកសមធម៌ និងសិទ្ធិមនុស្ស ជាស្នូលនៃការធ្វើសេចក្ដីសម្រេចចិត្ត និងការធ្វើសកម្មភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ទិដ្ឋភាពមួយនៃយុត្តិធម៌អាកាសធាតុ គឺពាក់ព័ន្ធនឹងការទទួលខុសត្រូវ ដែលបែងចែកមិនស្មើភាពគ្នាកន្លងមករបស់ប្រទេសនានា ពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុ។ ទស្សនទាននេះមានន័យថា ប្រទេស ឧស្សាហកម្ម និងធុរកិច្ច ណាដែលទទួលបានទ្រព្យសម្បត្តិស្តុកស្តម្ភ ពីសកម្មភាពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ គឺជាអ្នកដែលត្រូវទទួលខុសត្រូវ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតមានលើអ្នកដែលរងផលប៉ះពាល់ ជាពិសេសប្រទេស និងសហគមន៍ងាយរងគ្រោះជាងគេ ដែលជារឿយៗ ជាក្រុមដែលរួមចំណែកដល់វិបត្តិនេះ ក្នុងកម្រិតតិចតួចជាងគេ។
សូម្បីតែនៅក្នុងប្រទេសតែមួយ ដោយសារតែវិសមភាពសង្គម ផ្អែកតាមពូជសាសន៍ ជនជាតិ យេនឌ័រ និងស្ថានភាពសង្គមសេដ្ឋកិច្ច គេត្រូវបែងចែកការទទួលខុសត្រូវ ឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុឱ្យបានស្មើភាពគ្នាដោយយុត្តិធម៌ ដោយអ្នករួមចំណែកទទួលបានប្រយោជន៍ និងបង្កឱ្យមានវិបត្តិច្រើនជាងគេ គឺជាអ្នកដែលត្រូវទទួលខុសត្រូវធំជាងគេ។
ទិដ្ឋភាពមួយទៀតនៃយុត្តិធម៌អាកាសធាតុ គឺរឿងអន្តរជំនាន់។ កុមារ និងយុវជនជំនាន់នេះ ពុំបានរួមចំណែកនាំឱ្យមានវិបត្តិអាកាសធាតុយ៉ាងច្រើននោះឡើយ ប៉ុន្តែពួកគេត្រូវរ៉ាប់រងទាំងស្រុងនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៅពេលដែលពួកគេចម្រើនវ័យ។ ដោយសារតែការធ្វើសេចក្ដីសម្រេចចិត្តរបស់មនុស្សជំនាន់មុន ប៉ះពាល់សិទ្ធិរបស់ក្រុមនេះ ពួកគេមានតួនាទីសំខាន់នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងសកម្មភាពទាំងអស់ដែលពាក់ព័ន្ធអាកាសធាតុ។
ដំណោះស្រាយផ្អែកលើធម្មជាតិ សំដៅលើសកម្មភាព ដើម្បីការពារ អភិរក្ស ស្ដារឡើងវិញ ក៏ដូចជាការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្សាំ កាត់បន្ថយការប្រែប្រួលអាកាសធាតុ ការពារជីវៈចម្រុះ និងធ្វើឱ្យមានការប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព។ ដំណោះស្រាយផ្អែកលើធម្មជាតិនេះ សំដៅលើសកម្មភាពដែលចាត់ទុកសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះជាអាទិភាព ហើយវាត្រូវបានរៀបចំ និងអនុវត្តដោយមានការចូលរួមពេញលេញ ក៏ដូចជាមានការយល់ស្របពីសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដែលជាអ្នកមានចំណេះដឹងតជំនាន់អំពីរបៀបការពារធម្មជាតិ។
ដំណោះស្រាយផ្អែកលើធម្មជាតិ ត្រូវបានប្រើប្រាស់តាមបែបច្រើនយ៉ាង នៅតាមស្ថានភាពនៃប្រព័ន្ធអេកូឡូស៊ី លើដី ទឹកសាប តំបន់ឆ្នេរ និងសមុទ្រ។ ការស្ដារតំបន់ដីសើមឡើងវិញ ជួយការពារសហគមន៍ពីគ្រោះទឹកជំនន់ ចំណែកការអភិរក្សព្រៃកោងកាង ផ្តល់នូវប្រភពអាហារ និងកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ ដែលបង្កឡើងដោយសារព្យុះ។ ព្រៃឈើស្រូបយកឧស្ម័នកាបូនិក ជួយឱ្យជីវៈចម្រុះមានការរីកចម្រើន លើកកម្ពស់
សន្តិសុខទឹក និងការទប់ស្កាត់ការបាក់ដី ខណៈពេលដែលឧទ្យាន និងសួនច្បារក្នុងតំបន់ទីក្រុង ជួយឱ្យទីក្រុងចុះត្រជាក់ និងកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសាររលកកម្ដៅ។ ការធ្វើកសិកម្មដោយប្រើវិធីសាស្ត្រត្រឹមត្រូវ (Regenerative agriculture practices) បង្កើនបរិមាណកាបូនដែលស្រូបចូលទៅក្នុងដី និងស្ដារគុណភាព និងផលិតភាពរបស់ដីឡើងវិញ។
ដំណោះស្រាយផ្អែកលើធម្មជាតិ ត្រូវបានចាត់ទុកថាជាដំណោះស្រាយល្អ សម្រាប់ទាំងមនុស្ស និងធម្មជាតិ ព្រោះវាដោះស្រាយបញ្ហាជាច្រើនក្នុងពេលតែមួយ។ ដំណោះស្រាយទាំងនេះ អាចបង្កើតការងារ ផ្តល់នូវឱកាស ប្រកបមុខរបរចិញ្ចឹមជីវិតថ្មីៗដែលកាន់តែមានភាពធន់ ក៏ដូចជាបង្កើនប្រាក់ចំណូល ដោយអាចការពារភពផែនដី និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។
របៀបរស់នៅរបស់ជនជាតិដើមភាគតិច កន្លងមក មានការបញ្ចេញកាបូនទាប និងមានការយកចិត្តទុកដាក់លើការរក្សាលំនឹង រវាងមនុស្ស និងពិភពធម្មជាតិ។ ការអនុវត្តបែបប្រពៃណីរបស់ជនជាតិដើមភាគតិច បង្ក ផលប៉ះពាល់តិចតួចមកលើបរិស្ថាន ដែលជួយឱ្យប្រព័ន្ធអេកូឡូស៊ីនៅតែអាចបន្តរក្សានិរន្តរភាពដោយខ្លួនឯង។
ក្រុមជនជាតិដើមភាគតិច គឺជាក្រុមមនុស្សដំបូងៗដែលកត់សម្គាល់ឃើញការប្រែប្រួលអាកាសធាតុ ហើយចំណេះដឹង និងការអនុវត្តល្អរបស់ពួកគេ អាចជួយឱ្យយើងធ្វើការស្វែងយល់ និងបន្សាំខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ចំណេះដឹងរបស់ជនជាតិដើមភាគតិច ដែលបន្តផ្ទេរពីជំនាន់មួយ ទៅជំនាន់មួយនៅក្នុងសហគមន៍របស់ពួកគេ គឺជាប្រភពដំណោះស្រាយអាកាសធាតុដ៏មានអត្ថន័យ ដែលអាចជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជំរុញការអនុវត្តសកម្មភាពដែលអាចបន្សាំ និងកសាងភាពធន់ទៅនឹងអាកាសធាតុ។ វាក៏អាចបំពេញបន្ថែមទៅលើទិន្នន័យវិទ្យាសាស្ត្រផងដែរ តាមរយៈការផ្ដល់នូវព័ត៌មានជាក់លាក់ ដែលមានសារៈសំខាន់សម្រាប់វាយតម្លៃលើសេណារីយ៉ូនៃការប្រែប្រួលអាកាសធាតុ។
ជនជាតិដើមភាគតិចការពារជីវៈចម្រុះដែលនៅសេសសល់នៅក្នុងពិភពលោកប្រមាណ ៨០ ភាគរយ ប៉ុន្តែពួកគេភាគច្រើននៅតែបន្តត្រូវបានផាត់ចេញពីដំណើរការធ្វើសេចក្ដីសម្រេចចិត្ត អំពីការប្រែប្រួលអាកាសធាតុនៅក្នុងសកលលោកស្ទើរតែទាំងអស់។ គេត្រូវទទួលស្គាល់ និងបញ្ចូលចំណេះដឹងជាសមាសភាព ការយល់ដឹងដ៏មានតម្លៃ និងសិទ្ធិប្រើប្រាស់ដីដូនតា ដែនដី និងធនធានរបស់ពួកគេ និងរបៀបរស់នៅរបស់ពួកគេទៅក្នុង
គោលនយោបាយ និងសកម្មភាពអាកាសធាតុនានា។
នៅក្នុងការចរចាអាកាសធាតុអន្តរជាតិ ពុំទាន់មានការឯកភាពគ្នាលើនិយមន័យ “ការបាត់បង់ និងការខូចខាត” នៅឡើយ។ ទោះជាយ៉ាងនេះក្ដី ពាក្យនេះសំដៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលមិនអាច ចៀសរួច ពោលគឺផលប៉ះពាល់ដែលនៅតែបន្តកើតមានឡើង បើទោះជាមាន ឬមិនមានវិធានការកាត់បន្ថយ និងបន្សាំយ៉ាងណាក៏ដោយ។ ចំណុចសំខាន់នោះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុប្រាកដជានឹងកើតមានឡើងចៀសមិនរួច ដោយសារការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ មិនអាចជួយបានទាំងស្រុងនោះទេ។
ការបាត់បង់ និងការខូចខាត អាចសំដៅលើការបាត់បង់ផ្នែកសេដ្ឋកិច្ចផង និងមិនមែនសេដ្ឋកិច្ចផង។ ការបាត់បង់ និងការខូចខាតផ្នែកសេដ្ឋកិច្ច អាចមានដូចជាការចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដែលនៅតែបន្តទទួលរងការខូចខាតជាបន្តបន្ទាប់ដោយសារព្យុះស៊ីក្លូន ឬទឹកជំនន់ ឬការបាត់បង់ដី (និងលំនៅដ្ឋាន និងទីប្រកបអាជីវកម្មនៅតំបន់ឆ្នេរ) ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងការបាក់ឆ្នេរជាដើម។
ការបាត់បង់ និងការខូចខាតមិនមែនសេដ្ឋកិច្ច មានដូចជាផលប៉ះពាល់អវិជ្ជមាន ដែលគេមិនងាយស្រួលកំណត់តម្លៃជាប្រាក់។ នេះអាចមានដូចជាការប៉ះទង្គិចផ្លូវចិត្ត ដោយសារការធ្លាប់ជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ការបាត់បង់លំនៅដ្ឋាន និងធនធានរបស់សហគមន៍ ការបាត់បង់ប្រវត្តិសាស្ត្រ និងវប្បធម៌ ឬការបាត់បង់ជីវៈចម្រុះជាដើម។
ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានបញ្ហាអសន្តិសុខស្បៀង ទឹក និងប៉ះពាល់មុខរបរចិញ្ចឹមជីវិត កាន់តែធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់ជាបន្តបន្ទាប់ ដូចជាការបាត់បង់ទីលំនៅ និងការធ្វើចំណាកស្រុក និងការបង្កើនការប្រជែង ដណ្តើមធនធានធម្មជាតិ ដែលនាំឱ្យប្រទេសមួយ ឬតំបន់មួយ កាន់តែមានភាពតានតឹង និងអស្ថិរភាព។
លើសពីនេះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យជម្លោះហិង្សាដែលកំពុងមានស្រាប់ កាន់តែធ្ងន់ធ្ងរ ឬកាន់តែអូសបន្លាយពេលវេលា និងអាចធ្វើឱ្យគេពិបាកអនុវត្តសកម្មភាពអាកាសធាតុ និងសម្រេចបានសន្តិភាពយូរអង្វែង។
សន្តិសុខអាកាសធាតុ សំដៅលើការវាយតម្លៃ ការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ ដែលកើតមានចំពោះសន្តិភាព និងស្ថិរភាព បង្កឡើងដោយសារវិបត្តិអាកាសធាតុ។ វាមានន័យថា សកម្មភាពក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំនឹងអាកាសធាតុ ត្រូវមានវិសាលភាពលើសពីការបង្កគ្រោះថ្នាក់ និងត្រូវរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាព។ វាក៏មានន័យផងដែរថា អន្តរាគមន៍បង្ការជម្លោះ និងកសាងសន្តិភាព ត្រូវធ្វើការពិចារណាពីផលប៉ះពាល់ដែលកើតមានមកលើអាកាសធាតុ។ ដំណោះស្រាយបច្ចេកទេស ចំពោះសកម្មភាពអាកាសធាតុ និងការបន្សាំអាចផ្តល់នូវឱកាសសម្រាប់កសាងសន្តិភាព និងជួសជុលកោសិកាសង្គម ជាពិសេសនៅតាមប្រទេសដែលរងផលប៉ះពាល់ដោយសារជម្លោះ និងភាពផុយស្រួយនានា។
តើអ្នកដឹងទេ៖ សកម្មភាពអាកាសធាតុ អាចជួយបន្ធូរបន្ថយកត្តាដែលនាំឱ្យមានជម្លោះ និងហានិភ័យ។ ឧទាហរណ៍ ការទទួល បានថាមពលកកើតឡើងវិញអាចជួយគាំទ្រដល់ការទទួលបានទឹកស្អាត ភ្លើងបំភ្លឺ កម្ដៅ និងការប្រកបជីវភាពរស់នៅ ក៏ដូចជាការទទួលបានសេវាជាមូលដ្ឋាន និងសេវានៅក្នុងស្ថានភាពអាសន្ន។ វាក៏អាចផ្តល់នូវថាមពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ហើយក្នុងពេលជាមួយគ្នា ធ្វើឱ្យប្រទេសដើរលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញ។
ហិរញ្ញប្បទានធាតុអាកាសធាតុ សំដៅលើធនធាន និងឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ ហិរញ្ញប្បទានអាកាសធាតុ មានសារៈសំខាន់សម្រាប់ឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ដ្បិតគេត្រូវការការវិនិយោគក្នុងទ្រង់ទ្រាយធំ ដើម្បីធ្វើអន្តរកាលទៅរកសេដ្ឋកិច្ចសកល ដែលបញ្ចេញកាបូនទាប និងជួយឱ្យសង្គមកសាងភាពធន់ ក៏ដូចជាបន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ហិរញ្ញប្បទានអាកាសធាតុ អាចមានពីប្រភពផ្សេងៗ អាចជាប្រភពសាធារណៈ ឬឯកជន ជាតិ ឬអន្តរជាតិ ទ្វេភាគី ឬពហុភាគី។ ហិរញ្ញប្បទានអាកាសធាតុ មានច្រើនប្រភេទ ដូចជាការផ្ដល់ជំនួយឥតសំណង និងអំណោយ មូលបត្របៃតង ការផ្តោះប្តូរបំណុល សេវាធានា និងកម្ចីសម្បទានជាដើម។ គេអាចប្រើប្រាស់ហិរញ្ញប្បទានអាកាសធាតុ សម្រាប់សកម្មភាពផ្សេងៗ ដូចជាការកាត់បន្ថយ ការបន្សាំ និងការកសាងភាពធន់ជាដើម។
មូលនិធិពហុភាគីមួយចំនួន ដែលប្រទេសនានា អាចប្រើប្រាស់បាន មានដូចជាមូលនិធិអាកាសធាតុបៃតង (Green Climate Fund) កម្មវិធីបរិស្ថានសកល (Global Environment Facility) និងមូលនិធិបន្សាំ (Adaptation Fund)។ ប្រទេសដែលមានចំណូលខ្ពស់ ដែលកន្លងមកបានរួមចំណែកយ៉ាងច្រើនដល់ការប្រែប្រួលអាកាសធាតុ បានសន្យាថានឹងកៀរគរថវិកាឱ្យបាន ១០០ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ថវិកាគាំទ្រដល់ការអនុវត្តសកម្មភាពអាកាសធាតុនៅក្នុងប្រទេសមានចំណូលទាប។ ទោះជាយ៉ាងនេះក្ដី យើងនៅមិនទាន់សម្រេចគោលដៅនេះនៅឡើយ ហើយយើងត្រូវការថវិកាគាំទ្របន្ថែមទៀត សម្រាប់អនុវត្តអន្តរាគមន៍កាត់បន្ថយផង និងអន្តរាគមន៍បន្សាំផងដែរ។
តើអ្នកដឹងទេថា៖ ការសិក្សា និងរបាយការណ៍ជាច្រើនបង្ហាញថា ការវិនិយោគលើសកម្មភាពអាកាសធាតុ អាចផ្តល់ផលច្រើនលើសលុបជាងថ្លៃដើម។ ការសិក្សាមួយដែលធ្វើឡើងដោយធនាគារពិភពលោក បង្ហាញថាការវិនិយោគ ១ ដុល្លារ អាចផ្តល់ផលមកវិញគិតជាមធ្យម ៤ ដុល្លារ។
ការសម្រេចឱ្យបាននូវគោលដៅសូន្យសុទ្ធ តម្រូវឱ្យយើងទាំងអស់គ្នា ខិតខំធានាថា ការបញ្ចេញឧស្ម័នកាបូនិកពីសកម្មភាពរបស់មនុស្សត្រូវមានតុល្យភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់មនុស្ស ក្នុងការលុបបំបាត់ការបញ្ចេញឧស្ម័នកាបូនិក (ឧទាហរណ៍ តាមរយៈការបង្កើតនូវអាងស្រូបកាបូន ដើម្បីស្រូបយកឧស្ម័នកាបូនិកជាដើម) - ដែលទប់ស្កាត់មិនឱ្យមានការកើនឡើងនូវកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។
ការធ្វើអន្តរកាលទៅរកគោលដៅសូន្យសុទ្ធ នាំឱ្យមានការធ្វើបរិវត្តកម្ម ថាមពល ការដឹកជញ្ជូន ក៏ដូចជាផលិតកម្ម និងការប្រើប្រាស់របស់យើងទាំងស្រុង។ បរិវត្តកម្មបែបនេះ គឺចាំបាច់ដើម្បីបញ្ចៀសផលវិបាកធ្ងន់ធ្ងរបំផុត ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។
តើអ្នកដឹងទេថា៖ ដើម្បីទប់ការឡើងកម្តៅផែនដីឱ្យស្ថិតក្រោម ១,៥ អង្សាសេ រដ្ឋាភិបាលនានានៅក្នុងពិភពលោក ចាំបាច់ត្រូវធានាថា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គ្រប់ប្រភេទ កើនឡើងដល់ចំណុចកំពូលត្រឹមឆ្នាំ ២០២៥ និងឈានទៅសម្រេចបានគោលដៅសូន្យសុទ្ធ នៅឆ្នាំ ២០៥០។ ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានផ្តល់ជាអនុសាសន៍ ឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកជាសកលឱ្យបាន ៤៥ ភាគរយ មុនឆ្នាំ ២០៣០ (ធៀបនឹងកម្រិតឆ្នាំ ២០១០) និងសម្រេចបានគោលដៅសូន្យសុទ្ធ ត្រឹមពាក់កណ្ដាលសតវត្សរ៍នេះ។
ការកាត់បន្ថយបរិមាណកាបូន សំដៅលើការកាត់បន្ថយបរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅក្នុងសង្គមមួយ ក៏ដូចជាការបង្កើនបរិមាណនៃការស្រូបយកឧស្ម័នផ្ទះកញ្ចក់។ វាទាមទារឱ្យមានការផ្លាស់ប្តូរទិដ្ឋភាពជាច្រើនរបស់សេដ្ឋកិច្ច ដូចជារបៀបផលិតថាមពល របៀបផលិត និងផ្គត់ផ្គង់ទំនិញ និងសេវាកម្មនានា និងរបៀបដែលសាងសង់អាគារ និងការគ្រប់គ្រងដីជាដើម។
ដើម្បីសម្រេចគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស និងរក្សាការកើនឡើងនៃកម្រិតសីតុណ្ហភាពមធ្យមពិភពលោក ឱ្យនៅត្រឹម ១,៥ អង្សាសេ រដ្ឋាភិបាល និងធុរកិច្ចចាំបាច់ត្រូវកាត់បន្ថយកាបូនឱ្យបានច្រើនភ្លាមៗត្រឹមឆ្នាំ ២០៣០។ ការកាត់បន្ថយកាបូនប្រកបដោយអត្ថន័យទាមទារការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប ការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ សេដ្ឋកិច្ចចក្រា ប្រសិទ្ធភាពធនធាន (resource efficiency) និងការស្ដារដីឡើងវិញជាដើម។ វាក៏តម្រូវឱ្យមានការគិតគូរពិចារណាឡើងវិញពីគំរូសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលផ្ដោតទៅលើកំណើន ដោយមិនគិតពីការខាតបង់ផ្សេងទៀត។
ថាមពលកកើតឡើងវិញ សំដៅលើថាមពលដែលទាញចេញពីប្រភពធម្មជាតិ ដែលបន្តកើតមានឡើងវិញជានិច្ច ដូចជាខ្យល់ ពន្លឺព្រះអាទិត្យ ទឹកហូរ និងកម្ដៅជាដើម។ ផ្ទុយគ្នានឹងថាមពលដែលមានប្រភពពីឥន្ធនៈហ្វូស៊ីល ដូចជា ធ្យូងថ្ម ប្រេង និងឧស្ម័ន ដែលរួមចំណែក ៧៥ ភាគរយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រកប ដោយគ្រោះថ្នាក់ ហើយដែលជាមូលហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុ ថាមពលពីប្រភពកកើតឡើងវិញមានតម្លៃថោក ស្អាត មាននិរន្តរភាព និងអាចជួយបង្កើតការងារបន្ថែមទៀត។
ការធ្វើអន្តរកាលពីឥន្ធនៈហ្វូស៊ីល ទៅរកថាមពលកកើតឡើងវិញនៅក្នុងគ្រប់វិស័យ – ដូចជា ថាមពល ប្រព័ន្ធកម្ដៅនិងត្រជាក់ ការដឹកជញ្ជូន និងឧស្សាហកម្ម – គឺជាគន្លឹះ ដើម្បីឆ្លើយតទៅនឹងការប្រែប្រួលអាកាសធាតុ។ ដើម្បីបន្តកាត់បន្ថយការកើនកម្ដៅផែនដីឱ្យនៅក្រោម ១,៥ អង្សាសេ ពិភពលោកចាំបាច់ត្រូវកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាបន្ទាន់ និងត្រូវធ្វើបរិវត្តកម្មប្រព័ន្ធថាមពលរបស់ខ្លួន តាមរយៈការផលិតអគ្គិសនី និងថាមពលឱ្យបានភ្លាមៗ ចេញពីប្រភពកកើតឡើងវិញ។
តើអ្នកដឹងទេថា៖ នៅក្នុងឆ្នាំ ២០២០ ប្រភពថាមពលកកើតឡើងវិញ ផ្គត់ផ្គង់អគ្គិសនីស្មើនឹង ២៩ ភាគរយនៃការផ្គត់ផ្គង់អគ្គិសនីសរុបរបស់សកលលោក។ ជាមួយនឹងការវិនិយោគឱ្យចំគោលដៅ អគ្គិសនីពីប្រភពកកើតឡើងវិញអាចផ្គត់ផ្គង់អគ្គិសនីសរុបក្នុងពិភពលោកបាន ៦៥ ភាគរយ ត្រឹមឆ្នាំ ២០៣០។
អាងស្រូបកាបូន សំដៅលើដំណើរការ សកម្មភាព ឬយន្តការទាំងឡាយដែលស្រូបយកឧស្ម័នកាបូនិកពីក្នុងបរិយាកាស ច្រើនជាងបរិមាណឧស្ម័នកាបូនិក ដែលវាបញ្ចេញទៅក្នុងបរិយាកាស។ ព្រៃឈើ សមុទ្រ និងដី គឺជាអាងស្រូបកាបូនធម្មជាតិធំៗជាងគេរបស់ពិភពលោក។
សមុទ្រស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស តាមរយៈប្រព័ន្ធអេកូឡូស៊ីសមុទ្រ រុក្ខជាតិ និងជីវិតសត្វ ដែលរស់នៅក្នុងសមុទ្រ។ ជាទូទៅ គេហៅកាបូនដែលត្រូវបានស្រូបយកនៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ថាជាកាបូនពណ៌ខៀវ។ ព្រៃឈើ និងដី គឺជាអាងស្រូបកាបូនធម្មជាតិធំៗផ្សេងទៀតរបស់ផែនដី ដែលអាចរក្សាទុកកាបូននៅក្នុងដើមឈើ និងរុក្ខជាតិ ដីសើម និងវាលភក់ល្បាប់ ក៏ដូចជានៅក្នុងកម្ទេចកម្ទីរបស់រុក្ខជាតិ។
បច្ចុប្បន្ននេះ សកម្មភាពរបស់មនុស្ស ដូចជាការដុតឥន្ធនៈហ្វូស៊ីល នាំឱ្យមានការបំភាយកាបូនទៅក្នុងបរិយាកាស ក្នុងបរិមាណច្រើនជាងអ្វី ដែលអាងស្រូបកាបូនធម្មជាតិរបស់ផែនដីអាចស្រូបយកបាន ជាហេតុនាំឱ្យមានការឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ។ សកម្មភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ ក៏នាំឱ្យមានការរិចរឹលអាងស្រូបកាបូនធម្មជាតិទាំងនេះផងដែរ ដែលអាចធ្វើឱ្យកាបូនដែលអាងស្រូបកាបូនទាំងនេះរក្សាទុកកន្លងមកត្រូវបំភាយទៅក្នុងបរិយាកាសវិញ។ ដូច្នេះ ការការពារអាងស្រូបកាបូន និងការពង្រីកសមត្ថភាពរបស់អាងស្រូបកាបូនក្នុងការស្រូបយកកាបូន និងរក្សាទុកកាបូនក្នុងរយៈពេលវែង គឺជាយុទ្ធសាស្ត្រគន្លឹះសម្រាប់ឆ្លើយតបចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងអាចធ្វើឱ្យអាកាសធាតុមានលំនឹង។
ការដកហូតកាបូន គឺជាដំណើរការដកយកការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីក្នុងបរិយាកាស តាមរយៈដំណោះស្រាយ ធម្មជាតិ ដូចជាការដាំព្រៃឡើងវិញ និងការគ្រប់គ្រងដី ឬដំណោះស្រាយបច្ចេកទេស ដូចជា ការស្រូបយកខ្យល់ដោយផ្ទាល់ (direct air capture) និងការបន្ថយកំហាប់កាបូនឌីអុកស៊ីត (enhanced mineralization)។ ការដកហូតកាបូន មិនអាចជំនួសឱ្យការកាត់បន្ថយបរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឡើយ ប៉ុន្តែវាអាចពន្យឺតការប្រែប្រួលអាកាសធាតុ និងគឺជាអ្វីដែលចាំបាច់ ដើម្បីកាត់បន្ថយរយៈពេល ដែលយើងមិនអាចសម្រេចតាមចំណុចដៅនៃអាកាសធាតុជាបណ្ដោះអាសន្ន។
ការចាប់យកកាបូន និងការស្តុកទុកកាបូន គឺជាដំណើរការស្រូបយកការបញ្ចេញកាបូនចេញពីរោងចក្រអគ្គិសនីដើរដោយឥន្ធនៈហ្វូស៊ីល ឬដំណើរការឧស្សាហកម្មដទៃទៀត មុនពេលដែលកាបូនត្រូវបានបំភាយចូលទៅក្នុងបរិយាកាសរបស់យើង តាមរយៈការរក្សាទុកវាឱ្យនៅជ្រៅក្រោមដី។ គេមិនគួរចាត់ទុកការចាប់យក និងការស្តុកទុកកាបូន ថាជាជម្រើសនៃអន្តរកាលទៅរកថាមពលបៃតងឡើយ ប៉ុន្តែវាត្រូវបានលើកស្នើថាជាវិធីសាស្ត្រមួយ សម្រាប់ឆ្លើយតបចំពោះការបញ្ចេញឧស្ម័នពីវិស័យ ដែលគេពិបាកនឹងកាត់បន្ថយការបញ្ចេញកាបូន ជាពិសេសឧស្សាហកម្មធុនធ្ងន់ ដូចជាស៊ីម៉ងត៍ ដែកថែប និងសារធាតុគីមីជាដើម។
ទោះជាយ៉ាងនេះក្ដី បច្ចេកវិទ្យាទាំងនេះ ទើបតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងៗប៉ុណ្ណោះ និងទាមទារឱ្យមានការរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវ។ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានជាគំហុក ត្រូវតែបន្តជាអាទិភាពកំពូលក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។
ទីផ្សារកាបូន គឺជាគម្រោងជួញដូរកាបូនដែលផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំងឡាយ ដែលកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឬដកហូតឧស្ម័នផ្ទះកញ្ចក់។ នៅក្នុងគម្រោងទាំងនេះ ការបញ្ចេញឧស្ម័នត្រូវបានគណនាជាឥណទានកាបូន ដែលគេអាចទិញលក់បាន។ ឥណទានកាបូនដែលអាចជួញដូរបានមួយឯកតាស្មើនឹង ១ តោនឧស្ម័នកាបូនិក ឬបរិមាណសមមូលនៃឧស្ម័នផ្ទះកញ្ចក់ប្រភេទផ្សេងទៀត ដែលត្រូវបានកាត់បន្ថយ ស្រូបយក ឬបញ្ចៀសមិនឱ្យមានការបំភាយ។
ឥណទានកាបូន អាចទិញដោយប្រទេសនានា ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រ NDC របស់ខ្លួន ដោយសាជីវកម្ម ដើម្បីសម្រេចចំណុចគោលដៅប្រកបដោយចីរភាព និងដោយបុគ្គលឯកជន ដែលមានបំណងចង់ប៉ះប៉ូវដានកាបូនរបស់ខ្លួន។
ការផ្គត់ផ្គង់ឥណទានកាបូនមានប្រភពពីស្ថាប័នឯកជន ឬរដ្ឋាភិបាល ដែលបានរៀបចំជាកម្មវិធីសម្រាប់កាត់បន្ថយ ឬដកហូតការបញ្ចេញឧស្ម័ន។ កម្មវិធីទាំងនេះ មានការបញ្ជាក់ពីភាគីទី៣ និងត្រូវបានចុះបញ្ជីក្រោមស្តង់ដារនៃទីផ្សារកាបូន។
ដើម្បីឱ្យទីផ្សារកាបូនទទួលបានជោគជ័យ ប្រទេសនានាត្រូវធ្វើការងាររួមគ្នា ដើម្បីកត់ត្រាបរិមាណកាបូនឱ្យបានច្បាស់លាស់ ធានានូវតម្លាភាពសម្រាប់ប្រតិបត្តិការទីផ្សារកាបូន អនុវត្តយន្តការការពារសុវត្ថិភាពពីការរំលោភបំពានសិទ្ធិមនុស្ស និងផលប៉ះពាល់អវិជ្ជមានផ្សេងទៀតនៅក្នុងសង្គម ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការបោកបញ្ឆោត របស់ស្ថាប័នណាមួយពីការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ (greenwashing) ក៏ដូចជាការបង្ហាញព័ត៌មានមិនត្រឹមត្រូវពីផលិតផល និងសេវាកម្មដែលមានអព្យាក្រឹតភាពផ្នែកកាបូន។
ការធ្វើកសិកម្មស្តារឡើងវិញ គឺជារបៀបធ្វើកសិកម្មដែលថែទាំ និងស្ដារគុណភាពដីឡើងវិញ ដោយការកាត់បន្ថយការប្រើប្រាស់ទឹក បង្ការការរីករាលនៃការទន្ទ្រានយកដីធ្លី និងការពារជីវៈចម្រុះ។ តាមរយៈការកាត់បន្ថយការភ្ជួរដីឱ្យនៅតិចជាអប្បបរមា ការដាំដំណាំឆ្លាស់ និងការប្រើប្រាស់លាមកសត្វ និងជីកំប៉ុស ការធ្វើកសិកម្មកកើតឡើងវិញ ធានាថាដីអាចរក្សាទុកកាបូនបានកាន់តែច្រើន ការរក្សាសំណើម និងកាន់តែមានសុខភាព មាំមួន ដោយសារតែក្រុមពពួកមីក្រូសរីរាង្គនៅក្នុងដីក៏មានភាពរឹងមាំផងដែរ។
ការធ្វើប្រពលវប្បកម្មកសិកម្ម ជាកត្តាដែលរួមចំណែក ១ ភាគ ៣ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងសកលលោក ទាំងមូល ប្រើប្រាស់ទឹកប្រមាណ ៧០ ភាគរយ ក្នុងចំណោមបរិមាណទឹកនិងដីយើងប្រើប្រាស់ និងនាំឱ្យមានការសឹករិចរឹលដីធ្លី តាមរយៈការប្រើប្រាស់គ្រឿងយន្តធុនធ្ងន់ ជីគីមី និងថ្នាំកសិកម្មជាដើម។ វាក៏ជាវិស័យធំជាងគេដែលរួមចំណែកធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះផងដែរ។ ផ្ទុយទៅវិញ ការធ្វើកសិកម្មស្តារឡើងវិញជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សន្សំសម្ចៃទឹក និងស្ដារដីឡើងវិញ។ លើសពីនេះ ដីដែលមានសុខភាពមាំមួន អាចនាំឱ្យមានការផលិតស្បៀងបានកាន់តែច្រើន និងផ្តល់នូវសារធាតុចិញ្ចឹមកាន់តែប្រសើរ និងអាចមានផលវិជ្ជមានផ្សេងទៀត មកលើប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។
ព្រៃឈើផ្ដល់នូវអត្ថប្រយោជន៍យ៉ាងធំធេង តាមរយៈការស្រូបយកឧស្ម័នកាបូនិក និងជាតិពុលពីបរិយាកាស ការពារដីមិនឱ្យបាក់ ជាប្រព័ន្ធចម្រោះទឹក និងផ្តល់នូវជម្រកសម្រាប់ពពួកសត្វ រុក្ខជាតិ និងសត្វល្អិតលើដីគោកពាក់កណ្តាលរបស់ពិភពលោក។ ការស្តារព្រៃឡើងវិញ និងការដាំព្រៃឈើ គឺជាដំណោះស្រាយផ្អែកលើធម្មជាតិ ដែលមានប្រសិទ្ធភាពជាងគេចំនួន ២ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកំហិតផល
ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។
ការស្តារព្រៃឡើងវិញ គឺជាដំណើរការដាំព្រៃឡើងវិញនៅក្នុងតំបន់ដែលទើបមានគម្របព្រៃ ប៉ុន្តែមានការបាត់បង់ព្រៃឈើដោយសារភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ជំងឺ ឬសកម្មភាពមនុស្ស ដូចជាការសម្អាតដីសម្រាប់ធ្វើកសិកម្មជាដើម។
ការដាំព្រៃឈើ គឺជាដំណើរការដាំដើមឈើនៅក្នុងតំបន់ដែលពុំធ្លាប់មានព្រៃកន្លងមកថ្មីៗនេះ។ ការដាំព្រៃឈើ ជួយស្ដារដីកសិកម្មដែលត្រូវបានគេទុកចោល និងរិចរឹល ទប់ស្កាត់ទីរហោឋាន បង្កើតអាងស្រូបកាបូន និងផ្តល់នូវឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់សហគមន៍មូលដ្ឋាន។
Rewilding គឺជាការស្តារទ្រង់ទ្រាយធំនូវប្រព័ន្ធអេកូឡូស៊ី ដែលទទួលរងការខូចខាតដោយសារសកម្មភាពមនុស្ស។ លើសពីការអភិរក្ស ដែលផ្ដោតលើការសង្គ្រោះពពួកសត្វ និងរុក្ខជាតិជាក់លាក់ តាមរយៈអន្តរាគមន៍ពិសេសពីមនុស្ស Rewilding សំដៅលើការបែងចែកតំបន់ដ៏ធំណាមួយ ដើម្បីឱ្យធម្មជាតិកកើតឡើងវិញដោយខ្លួនឯង។ ពេលខ្លះអន្តរាគមន៍នេះ ទាមទារឱ្យមានការនាំយកពពួកសត្វ រុក្ខជាតិសំខាន់ៗ ដែលជិតផុតពូជនៅក្នុងតំបន់មួយចំនួន ដូចជា សត្វ beavers សត្វចចក ឬពពួកសត្វស៊ីស្មៅធំៗ មកកាន់តំបន់នេះ ដែលជួយដល់ការរៀបចំប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់វា។
Rewilding ក៏អាចជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ តាមរយៈការដកហូតឧស្ម័នកាបូនិកកាន់តែច្រើនពីបរិយាកាស និងដំណើរការធម្មជាតិ ដែលមានភាពល្អប្រសើរ ដូចជាការបង្កើតដីព្រៃធម្មជាតិឡើងវិញជាដើម។ វាក៏ជួយការពារការដាច់ពូជនៃពពួកសត្វមួយចំនួន តាមរយៈការបង្កើតដែនជម្រកធម្មជាតិ ដែល ជួយឱ្យសត្វព្រៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ ខណៈពេលដែលផែនដីកាន់តែឡើងកម្ដៅ។
សេដ្ឋកិច្ចចក្រា សំដៅលើគំរូផលិតកម្ម និងការប្រើប្រាស់ ដែលកាត់បន្ថយបរិមាណសំណល់ឱ្យនៅតិចជាអប្បបរមា កាត់បន្ថយការបំពុល ជំរុញការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងជួយធ្វើឱ្យធម្មជាតិកកើតឡើងវិញ។
គោលវិធីសេដ្ឋកិច្ចចក្រា គឺស្ថិតនៅជុំវិញយើងទាំងអស់គ្នា គេអាចយកគោលវិធីនេះមកអនុវត្តនៅតាមវិស័យផ្សេងៗជាច្រើន ចាប់ពីវិស័យវាយនភណ្ឌ រហូតដល់វិស័យសំណង់ និងនៅដំណាក់កាលនានានៃវដ្តជីវិតរបស់ផលិតផល ដូចជាការរចនា ការផលិត ការចែកចាយ និងការចោលសំណល់ចុងក្រោយជាដើម។
ក្រៅពីជួយឆ្លើយតបចំពោះបញ្ហានៃការបំពុល គោលវិធីសេដ្ឋកិច្ចចក្រា ក៏អាចបំពេញតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមស្មុគស្មាញផ្សេងទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះជាដើម។ គោលវិធីទាំងនេះ អាចជួយឱ្យប្រទេសនានា ពន្លឿនការធ្វើអន្តរកាលរបស់ខ្លួនទៅរកសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និងបញ្ចេញកាបូនកាន់តែតិច ហើយទន្ទឹមពេលជាមួយគ្នាក៏អាចបង្កើតការងារបៃតងថ្មីៗផងដែរ។
តើអ្នកដឹងទេ៖ បច្ចុប្បន្ននេះ មានសម្ភារៈដែលប្រើប្រាស់រួចត្រឹមតែ ៧,២ ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃបញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់យើងវិញ បន្ទាប់ពីប្រើប្រាស់រួច។ កត្តានេះដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរមកលើបរិស្ថាន និងរួមចំណែកនាំឱ្យមានវិបត្តិអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុល។ ជាលទ្ធផល បច្ចុប្បន្ន យើងត្រូវការផែនដី ប្រហែលជា ១,៧ ដើម្បីឆ្លើយតបចំពោះតម្រូវការធនធានទាំងអស់នៅក្នុងពិភពលោក។
សមុទ្ររបស់ពិភពលោក ព្រមទាំងសីតុណ្ហភាព លក្ខណៈគីមី រលក និងជីវិតរបស់វា – ជាកត្តាជំរុញប្រព័ន្ធទូទាំងសកល ដែលធ្វើឱ្យផែនដីជាកន្លែងដែលមនុស្សជាតិអាចរស់នៅបាន។ ទឹកភ្លៀង ទឹកសម្រាប់បរិភោគ ធាតុអាកាស អាកាសធាតុ តំបន់ឆ្នេរ ស្បៀងអាហារភាគច្រើន ឱសថ និងសូម្បីតែអុកស៊ីសែននៅក្នុងខ្យល់ ដែលយើងដកដង្ហើមចូល សុទ្ធតែបានពីសមុទ្រ និងគ្រប់គ្រងដោយសមុទ្រ។ ទោះជាយ៉ាងនេះក្ដី ដោយសារការប្រែប្រួលអាកាសធាតុ បច្ចុប្បន្ននេះ ធ្វើឱ្យស្ថានភាពនៃសមុទ្ររបស់យើងកំពុងប្រឈមនឹងហានិភ័យគួរឱ្យកត់សម្គាល់។
ទស្សនទាន “សេដ្ឋកិច្ចខៀវ” មានបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បរិយាបន្នសង្គម និងការការពារ ឬការលើកកម្ពស់ជីវភាពរស់នៅ ហើយក្នុងពេលទន្ទឹមគ្នា ធានាយ៉ាងណាឱ្យបរិស្ថាននៃសមុទ្រ និងតំបន់ឆ្នេរមានចីរភាព។
សេដ្ឋកិច្ចខៀវ មានសមាសភាគជាច្រើន ដូចជាឧស្សាហកម្មសមុទ្របែបប្រពៃណី ដែលមានជាយូរមកហើយ ដូចជាវិស័យនេសាទ ទេសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ព្រមទាំងសកម្មភាពលេចចេញថ្មី ដូចជាថាមពលកកើតឡើងវិញនៅក្នុងសមុទ្រ វារីវប្បកម្ម សកម្មភាពដកហូតធនធាននៅបាតសមុទ្រ និងបច្ចេកវិទ្យា ជីវសាស្ដ្រសមុទ្រជាដើម។
ការងារបៃតង សំដៅលើការងារសមរម្យ ដែលរួមចំណែកដល់ការការពារ និងការស្ដារឡើងវិញនូវបរិស្ថាន និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ ការងារបៃតងអាចមាននៅក្នុងការងារផលិតកម្ម ផលិតផល និងសេវាបៃតង ដូចជាថាមពលកកើតឡើងវិញ និងក្នុងដំណើរការដែលមានលក្ខណៈមេត្រីភាពបរិស្ថាន ដូចជា ការកែច្នៃសំណល់ជាដើម។ ការងារបៃតងជួយបង្កើនប្រសិទ្ធភាពថាមពល និងវត្ថុធាតុដើម កំហិតការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយសំណល់ និងការបំពុលឱ្យនៅតិចជាអប្បបរមា ការពារនិងស្តារប្រព័ន្ធអេកូឡូស៊ី និងការគាំទ្រដល់ការបន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ខណៈពេលដែលទីផ្សារការងារបៃតងកំពុងពង្រីកខ្លួន ប្រទេសនានាចាំបាច់ត្រូវធានាថាកម្លាំងពលកម្មរបស់ខ្លួនបានទទួលការបំពាក់បំប៉ននូវជំនាញ និងការអប់រំជាក់លាក់ ដែលចាំបាច់សម្រាប់បំពេញការងារទាំងនេះ។ គេអាចសម្រេចគោលដៅនេះបាន តាមរយៈការវិនិយោគលើការបណ្ដុះបណ្ដាលយុវជន ដើម្បីត្រៀមខ្លួនទទួលយកការងារបៃតងនាពេលអនាគត និងផ្តល់ការបណ្តុះបណ្តាលឡើងវិញដល់កម្មករនិយោជិតមកពីឧស្សាហកម្មដែលបញ្ចេញកាបូនច្រើន។ ការបណ្តុះបណ្តាលសម្រាប់ឱ្យកម្មករនិយោជិតទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីធានាឱ្យប្រទេសនានាធ្វើអន្តរកាលប្រកបដោយភាពយុត្តិធម៌ និងមិនទុកនរណាម្នាក់ចោល។
ដោយមានការដាក់សម្ពាធពីសាធារណជនឱ្យឆ្លើយតបចំពោះវិបត្តិអាកាសធាតុដែលបន្តមានការកើនឡើង ក្រុមហ៊ុនវិស័យឯកជននានា កំពុងចូលរួមនៅក្នុងអន្តរកាល ឆ្ពោះទៅរកសេដ្ឋកិច្ចសកល ដែលបញ្ចេញកាបូនទាប។ ទោះជាយ៉ាងនេះក្ដី ពេលខ្លះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទាំងនេះ បែរជាក្លាយជាការផ្សព្វផ្សាយទីផ្សារទៅវិញ ជាជាងការធ្វើសកម្មភាពប្រកបដោយអត្ថន័យពិតប្រាកដ។
ពាក្យថា Greenwashing សំដៅលើស្ថានភាពដែលក្រុមហ៊ុនធ្វើការបញ្ជាក់អះអាង ដែលនាំឱ្យមានការយល់ច្រឡំ អំពីផលជះជាវិជ្ជមានដែលក្រុមហ៊ុនទាំងនេះមានលើបរិស្ថាន ឬអំពីនិរន្តរភាពនៃផលិតផល និងសេវាកម្មរបស់ពួកគេដើម្បីបញ្ចុះបញ្ចូលអតិថិជនថា ពួកគេពិតជាកំពុងធ្វើសកម្មភាព ដើម្បីឆ្លើយតបចំពោះបញ្ហាប្រែប្រួលអាកាសធាតុ។ ក្នុងករណីមួយចំនួន Greenwashing អាចកើតឡើងដោយអចេតនា ដោយសារតែការពុំមានចំណេះដឹងគ្រប់គ្រាន់អំពីបញ្ហាបរិស្ថាន។ ទោះជាយ៉ាងនេះក្ដី Greenwashing ក៏អាចត្រូវបានគេធ្វើដោយចេតនា ដើម្បីគោលបំណងផ្សព្វផ្សាយទីផ្សារ និងទំនាក់ទំនងសាធារណៈ ពោលគឺអាចទាញប្រយោជន៍ពីការគាំទ្ររបស់សាធារណៈជន លើគោលនយោបាយបរិស្ថាន ដើម្បីគោលបំណងបង្កើនប្រាក់ចំណេញ។
Greenwashing អាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណៈជន លើបញ្ហានិរន្តរភាព ហើយផលប៉ះពាល់ អវិជ្ជមានមកលើបរិស្ថាននឹងនៅតែបន្តដោយពុំទទួលបានដំណោះស្រាយ។
ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការធ្វើអន្តរកាលទៅរកសេដ្ឋកិច្ចដែលមានការបញ្ចេញកាបូនទាប ឬ សូន្យសុទ្ធ (net-zero) ទាមទារឱ្យមានការធ្វើបរិវត្តកម្មប្រព័ន្ធសេដ្ឋកិច្ចរបស់យើងក្នុងទ្រង់ទ្រាយធំ។ បរិវត្តកម្មបែបនេះ អាចបង្កជាហានិភ័យនាំឱ្យមានការកើនឡើងនូវវិសមភាពសង្គម ការផាត់ចេញ ការបះបោររបស់ពលរដ្ឋ និងធ្វើឱ្យវិស័យធុរកិច្ច និងទីផ្សារនានាមិនសូវមានភាពប្រកួតប្រជែង។
ខណៈពេលដែលប្រទេសនានាខិតខំសម្រេចគោលដៅអាកាសធាតុរបស់ខ្លួន ជាការសំខាន់ណាស់ដែលប្រទេសទាំងនេះត្រូវធានាថាគ្រប់តួអង្គទាំងអស់នៅក្នុងសង្គម – ពោល គឺគ្រប់សហគមន៍ គ្រប់កម្មករនិយោជិត និងគ្រប់ក្រុមសង្គមទាំងអស់ – បានចូលរួមនៅក្នុងការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ។
ការធានានូវអន្តរកាលយុត្តិធម៌ មានន័យថាប្រទេសនានា សម្រេចចិត្តរៀបចំសេដ្ឋកិច្ចរបស់ខ្លួនឱ្យមានភាពបៃតង តាមរយៈមាគ៌ា និងអភិក្រមអន្តរកាល ដែលមានការពង្រឹងសមភាព និងបរិយាប័ន្ន។ នេះមានន័យថា ជាការពិនិត្យលើផលជះដែលអន្តរកាលមានលើក្រុមកម្មករនិយោជិតផ្សេងៗនៅក្នុងសេដ្ឋកិច្ច និងផ្តល់ឱកាសបណ្ដុះបណ្ដាល និងកសាងជំនាញឡើងវិញ ដែលជួយគាំទ្រដល់ការលើកកម្ពស់ការងារសមរម្យ និងមិនទុកនរណាម្នាក់ចោល។
អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) គឺជាសន្ធិសញ្ញាបរិស្ថានអន្តរជាតិ ដែលត្រូវបានអនុម័តកាលពីឆ្នាំ ១៩៩២ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំខានប្រកបដោយគ្រោះថ្នាក់របស់មនុស្ស លើប្រព័ន្ធការពារអាកាសធាតុ។ អនុសញ្ញានេះបានចូលជាធរមាននៅក្នុងឆ្នាំ១៩៩៤ និងមានប្រទេសជាសមាជិកស្ទើរតែទូទាំងសកលលោក ដែលក្នុងនោះមានរដ្ឋភាគីចំនួន ១៩៨ បានចុះហត្ថលេខា។ នេះគឺជាសិទ្ធិសញ្ញាដែលគ្របដណ្ដប់លើកិច្ចព្រមព្រៀងប៉ារីស និងពិធីសារក្យូតូ (Kyoto Protocol)។
លេខាធិការដ្ឋាន UNFCCC គឺជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ គាំទ្រដល់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រ ដល់ការឆ្លើយតបជាសកល ចំពោះការគំរាមកំហែងដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។ លេខាធិការដ្ឋាននេះ សម្របសម្រួលកិច្ចចរចាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំកិច្ចប្រជុំចរចាចន្លោះពី២ ទៅ ៤ លើក ជារៀងរាល់ឆ្នាំ ដែលក្នុងនោះកិច្ចចរចាដែលធំជាងគេ និងមានសារៈសំខាន់ជាងគេ គឺសន្និសីទភាគី (COP)។ លេខាធិការដ្ឋាននេះ ក៏ផ្តល់នូវជំនាញបច្ចេកទេស និងជួយវិភាគ និងពិនិត្យលើព័ត៌មានស្ដីពីការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សាប្រព័ន្ធទិន្នន័យស្ដីពីការរួមចំណែករបស់ប្រទេសនីមួយៗ ក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ (NDC) ផងដែរ។
សន្និសីទរបស់អង្គការសហប្រជាជាតិ ដែលរៀបចំជារៀងរាល់ឆ្នាំ ផ្ដោតលើបញ្ហាប្រែប្រួលអាកាសធាតុ ដែលគេហៅថា “សន្និសីទភាគី” ឬ “COP” ត្រូវបានរៀបចំឡើង ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ចាប់តាំងពីឆ្នាំ ១៩៩៥ មកម្លេះ។ នៅក្នុងកិច្ចប្រជុំ COP លើកទី ២១ ឬ COP21 ដែលធ្វើឡើងកាលពីឆ្នាំ ២០១៥ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។
បច្ចុប្បន្ន សន្និសីទនេះមានការចូលរួមពីគ្រប់ប្រជាជាតិទាំងអស់ ដែលជាភាគីនៃកិច្ចព្រមព្រៀងប៉ារីស ដើម្បីពិភាក្សាពីជំហានបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានដាក់ចេញនូវកិច្ចព្រមព្រៀង (legally binding agreements) ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអាកាសធាតុ។
កិច្ចព្រមព្រៀងប៉ារីស គឺជាសន្ធិសញ្ញាអន្តរជាតិ ដែលមានគោលបំណងកំហិតការឡើងកម្តៅផែនដី ដែលនៅក្រោម ២ អង្សាសេ ល្អបំផុតត្រឹម ១,៥ អង្សាសេ បើធៀបនឹងកម្រិតមុនឧស្សាហកម្ម។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តដោយភាគីចំនួន ១៩៦ កាលពីឆ្នាំ ២០១៥ នៅក្នុងកិច្ចប្រជុំ COP21 នៅក្នុងទីក្រុងប៉ារីស និងចូលជាធរមាននៅក្នុងឆ្នាំ ២០១៦។
កិច្ចព្រមព្រៀងប៉ារីស គឺជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុ ដ្បិតវាគឺជាកិច្ចព្រមព្រៀងចងកាតព្វកិច្ច ដើម្បីឱ្យរាល់ភាគីទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់នូវឧបករណ៍ ដើម្បីឱ្យប្រទេសអភិវឌ្ឍន៍ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ និងបន្សាំទៅនឹងអាកាសធាតុរបស់ខ្លួន ហើយទន្ទឹមគ្នានេះ ក៏បានបង្កើតនូវក្របខ័ណ្ឌសម្រាប់ធ្វើការតាមដាន និងរាយការណ៍ពីលទ្ធផលនានាប្រកបដោយតម្លាភាពផងដែរ។
ការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDCs) គឺជាការសន្យា និងផែនការសកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ ដែលប្រទេសនីមួយៗចាំបាច់ត្រូវរៀបចំឡើង ស្របតាមគោលដៅកំហិតការឡើងកម្តៅផែនដីត្រឹម ១,៥ អង្សាសេ ដែលត្រូវបានដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងប៉ារីស។ NDCs គឺជាផែនការរយៈពេលខ្លី ទៅមធ្យម ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ ៥ ឆ្នាំម្ដង ជាមួយនឹងការដាក់ចេញនូវគោលដៅប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាអាកាសធាតុ។
NDCs រៀបរាប់ពីអាទិភាពកាត់បន្ថយ និងបន្សាំ ដែលប្រទេសមួយត្រូវខិតខំអនុវត្ត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កសាងភាពធន់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារៀបរាប់ពីយុទ្ធសាស្ត្រផ្តល់ហិរញ្ញប្បទាន និងអភិក្រមសម្រាប់តាមដាន និងផ្ទៀងផ្ទាត់។ ក្នុងឆ្នាំ ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបលើកទី ១ “ក្នុងចំណោមកិច្ចប្រជុំបូកសរុប” ដែលរៀបចំធ្វើឡើងជាស៊េរីនៅក្នុងសកលលោក នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្ត NDCs និងគោលដៅដែលត្រូវបានដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងប៉ារីស។
ក្រោមកិច្ចព្រមព្រៀងប៉ារីស ប្រទេសនានាត្រូវរាយការណ៍ជាប្រចាំអំពីបញ្ហាការអនុវត្ត ការរួមចំណែករបស់ជាតិដល់ការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុរបស់ខ្លួន។ ជាការសំខាន់ណាស់ដែលការរាយការណ៍នេះ ត្រូវធ្វើឡើងប្រកបដោយតម្លាភាព ដើម្បីផ្តល់លទ្ធភាព ឱ្យសហគមន៍សកល អាចវាយតម្លៃដោយសុក្រឹតលើវឌ្ឍនភាពដែលសម្រេចបានជារួម និងកសាងការជឿទុកចិត្តឱ្យប្រាកដថាគ្រប់គ្នាពិតជាបានបំពេញតួនាទីរបស់ខ្លួន។
ការរាយការណ៍ប្រកបដោយតម្លាភាព ធ្វើឱ្យរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិនានា អាចប្រើប្រាស់ទិន្នន័យ ដែលអាចជឿទុកចិត្តបាន ដែលអាចធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង។ ការរាយការណ៍បែបនេះ ក៏បង្កើនការយល់ដឹងជាលក្ខណៈវិទ្យាសាស្ត្រ អំពីការប្រែប្រួលអាកាសធាតុ និងអំពីសកម្មភាព និងគោលនយោបាយនានា ដែលចាំបាច់ ដើម្បីកាត់បន្ថយ និងការបន្សាំនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ចុងក្រោយ តម្លាភាព គឺជាគន្លឹះ ដើម្បីសម្រេចសក្ដានុពលនៃកិច្ចព្រមព្រៀងប៉ារីសឱ្យបានពេញលេញ តាមរយៈការជំរុញ ការជឿទុកចិត្តការសហការ និងការផ្ទេរចំណេះដឹង និងការជំរុញឱ្យមានការដាក់ចេញនូវចំណុចអាកាសធាតុ ដែលកាន់តែមានមហិច្ឆតាខ្ពស់បន្ថែមទៀត។
ផែនការបន្សាំថ្នាក់ជាតិ (NAPs) ជួយប្រទេសនានា ក្នុងការរៀបចំផែនការ និងអនុវត្តសកម្មភាព ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងពង្រឹងសមត្ថភាពបន្សាំ និងភាពធន់។ ផែនការបន្សាំថ្នាក់ជាតិ មានទំនាក់ទំនងជាមួយនឹងការរួមចំណែករបស់ជាតិដល់ការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ (NDCs) ព្រមទាំងគោលនយោបាយ និងកម្មវិធីជាតិ និងយុទ្ធសាស្ត្រវិស័យដទៃទៀត។
ដើម្បីឱ្យផែនការបន្សាំថ្នាក់ជាតិទទួលបានជោគជ័យ ផែនការទាំងនេះ តម្រូវឱ្យមានការរៀបចំដោយមានការចូលរួមពេញលេញ មានបរិយាបន្ន ឆ្លើយតបចំពោះយេនឌ័រ និងមានតម្លាភាព។ នេះមានន័យថា នៅដំណាក់កាលរៀបចំផែនការបន្សាំថ្នាក់ជាតិ ចាំបាច់ត្រូវវាយតម្លៃលើតម្រូវការ និងភាពងាយរងគ្រោះជាក់លាក់របស់ក្រុមនានានៅក្នុងប្រទេស ដោយត្រូវផ្ដោតការយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមដែលងាយរងគ្រោះពីផល
ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាងគេ ព្រមទាំងផ្តល់ឱកាសឱ្យក្រុមងាយរងគ្រោះទាំងនេះ បានចូលរួមនៅក្នុងការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីនានា។
ក្រោមកិច្ចព្រមព្រៀងប៉ារីស ប្រទេសនានាត្រូវបានអញ្ជើញឱ្យបង្ហាញពីយុទ្ធសាស្ត្ររយៈពេលវែង (LTS) ស្ដីពីការកាត់បន្ថយការបញ្ចេញឧស្ម័នជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យ ជំរុញគ្រប់បរិវត្តកម្ម ក្នុងសង្គមទាំងមូលសម្រាប់រយៈពេលជាច្រើនទសវត្សរ៍បន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ ២០៥០។ យុទ្ធសាស្ត្ររយៈពេលវែងនេះ ត្រូវស្របតាមគោលដៅរយៈពេលវែង ក្នុងការកាត់បន្ថយការឡើងកម្តៅផែនដី និងសម្រេចគោលដៅសូន្យសុទ្ធ ត្រឹមឆ្នាំ២០៥០។
យុទ្ធសាស្ត្ររយៈពេលវែង ដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដែលមានភាពស៊ីសង្វាក់គ្នា និងមានទិសដៅស្របគ្នានឹងការសន្យារបស់ជាតិរយៈពេលខ្លីពាក់ព័ន្ធនឹងអាកាសធាតុ ដូចជា NDCs ជាដើម។ យុទ្ធសាស្ត្ររយៈពេលវែងជាសេចក្តីណែនាំ សម្រាប់តម្រង់ទិសដល់បណ្ដាប្រទេសនានា ក្នុងការបន្តការអភិវឌ្ឍដែលមានការបញ្ចេញកាបូនទាប ទប់ស្កាត់មិនឱ្យមានការវិនិយោគដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលច្រើន និងបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍ផ្នែកសង្គមសេដ្ឋកិច្ចនៃអន្តរកាលបៃតង។ យុទ្ធសាស្ត្រទាំងនេះ លើកកម្ពស់នវានុវត្តន៍ និងអាចជួយជំរុញឱ្យមានការវិនិយោគលើដំណោះស្រាយដែលមានការបញ្ចេញកាបូនទាប និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។ លើសពីនេះ យុទ្ធសាស្ត្រទាំងនេះ ក៏ជួយសម្រួល និងជំរុញឱ្យមានការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ និងសមធម៌ សម្រាប់អ្នកដែលរងផលប៉ះពាល់ជាងគេ ដើម្បីធានាថាដំណោះស្រាយចំពោះបញ្ហាអាកាសធាតុ អនុវត្តទៅបានប្រកបដោយភាពយុត្តិធម៌ និងបរិយាប័ន្ន។
នៅពេលដែលប្រទេសនានាបង្ហាញពីយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនជាផ្លូវការទៅកាន់ UNFCCC យុទ្ធសាស្ត្រនេះត្រូវបានហៅថា ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលវែង ដែលមានការបញ្ចេញឧស្ម័នតិចតួច(LT-LEDS)។
ការអភិរក្ស និងការស្ដារព្រៃឈើអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង ១ ភាគ ៤ ដែលចាំបាច់ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃការប្រែប្រួលអាកាសធាតុ។ រេដបូក គឺជាក្របខ័ណ្ឌដែលប្រទេសនានា ឯកភាពទទួលយកនៅក្នុងការចរចាអាកាសធាតុអន្តរជាតិ ក្នុងគោលបំណងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបាត់បង់ព្រៃឈើ និងការរិចរឹលព្រៃឈើ ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ក៏ដូចជាការអភិរក្សព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
រេដ មានន័យថា “ការកាត់បន្ថយការបញ្ចេញឧស្ម័នពីការបាត់បង់ព្រៃឈើ និងការរិចរឹលព្រៃឈើ”។ បូក “+” សំដៅលើតួនាទីនៃការអភិរក្ស ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព និងការបង្កើនស្តុកកាបូននៅក្នុងព្រៃឈើ។
ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) គឺជាស្ថាប័នឯករាជ្យដែលត្រូវបានបង្កើតឡើង ស្ថិតនៅក្រោមអង្គការឧតុនិយមពិភពលោក (WMO) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។
តួនាទីចម្បងរបស់ IPCC គឺការវាយតម្លៃលើឯកសារស្រាវជ្រាវវិទ្យាសាស្ត្រផ្អែកលើលទ្ធផលរកឃើញអំពីការប្រែប្រួលអាកាសធាតុ ផ្តល់ព័ត៌មានវិទ្យាសាស្ត្រ ក៏ដូចជាអនុសាសន៍ផ្អែកលើភស្តុតាងសំខាន់ៗដល់អ្នកធ្វើគោលនយោបាយ និងសាធារណជន។ គណៈកម្មាធិការនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានបំផុតពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ និងការវិភាគលម្អិតលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហានិភ័យ ក៏ដូចជាជម្រើសនៃការបន្សាំ និងកាត់បន្ថយនានា។