សរសេរដោយលោកស្រី មាស ម៉ៅ មន្ត្រីកម្មវិធី នៅយូអិនឌីភី កម្ពុជា
លើកដំបូងដែលខ្ញុំបានឮអំពីសន្ធិសញ្ញាMarrakesh – ខ្ញុំចង់ដឹងថាវាជាសន្ធិសញ្ញាអ្វី?
4 December 2020
ខ្ញុំបានធ្វើការក្នុងវិស័យពិការភាពរយៈពេលជាង ១៤ ឆ្នាំហើយ ក្នុងនោះខ្ញុំបានធ្វើការនៅ UNDP ជាង ៦ ឆ្នាំ ក្នុងតួនាទីជាមន្ត្រីបង្គោលទទួលបន្ទុកផ្នែកពិការភាព។ ខ្ញុំមានតួនាទីផ្តល់ការគាំទ្របច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យឡើងវិញ តាក់តែង អនុវត្ត និងតាមដានវឌ្ឍនភាពនៃការអនុវត្តច្បាប់ គោលនយោបាយ និងក្របខ័ណ្ឌពាក់ព័ន្ធនឹងពិការភាពតាមរយៈការធានាយ៉ាងណាឱ្យលិខិតតុបករណ៍គោលនយោបាយ ក៏ដូចជាការអនុវត្តទាំងនេះស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ(UNCRPD)។
ខ្ញុំដឹងអំពីសន្ធិសញ្ញា Marrakesh លើកដំបូង ក្នុងឆ្នាំ២០១៨ នៅពេលដែលទីប្រឹក្សាថ្នាក់តំបន់របស់UNDPធ្វើបទបង្ហាញពីសន្ធិសញ្ញានេះនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងថ្នាក់ជាតិស្ដីពីផែនការយុទ្ធសាស្រ្តជាតិស្ដីពីវិស័យពិការភាពឆ្នាំ២០១៤-២០១៨។ ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំគឺ៖ អ្វីទៅគឺជាសន្ធិសញ្ញា Marrakesh និងថាតើសន្ធិសញ្ញានេះផ្ដល់ប្រយោជន៍អ្វីខ្លះដល់ព្រះរាជាណាចក្រកម្ពុជា? ខ្ញុំចាំបាច់ត្រូវដឹងចម្លើយឱ្យបានច្បាស់លាស់ មុននឹងខ្ញុំអាចយកព័ត៌មាននេះទៅបង្ហាញជូនក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់ការងារទាំងអស់ ពាក់ព័ន្ធនឹងវិស័យពិការភាព។
នៅពេលដែលខ្ញុំកាន់តែយល់ពីសន្ធិសញ្ញា Marrakesh ខ្ញុំចាប់ផ្ដើមដឹងថា សន្ធិសញ្ញានេះផ្ដល់ប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូល និងជួយលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព។
សន្ធិសញ្ញា Marrakesh គឺជាសន្ធិសញ្ញាអន្តរជាតិទី២ ដែលផ្ដោតការយកចិត្តទុកដាក់ជាក់លាក់លើសិទ្ធិរបស់ជនមានពិការភាព បន្ទាប់ពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ។ សន្ធិសញ្ញា Marrakesh ក៏ជាសន្ធិសញ្ញាស្ដីពីការរក្សាសិទ្ធិអ្នកនិពន្ធទី១ដែលផ្ដល់សារៈសំខាន់បំផុតដល់គោលការណ៍សិទ្ធិមនុស្ស។ សន្ធិសញ្ញានេះមានគោលបំណងបញ្ចប់នូវអ្វីដែលគេតែងហៅថាទុរភិក្សសៀវភៅ ក្នុងសកលលោកទាំងមូល តាមរយៈការលុបបំបាត់ឧបសគ្គផ្នែកច្បាប់ដែលរារាំងដល់ការផលិត និងការចែករំលែកស្នាដៃនិពន្ធនានា ដូចជា សៀវភៅ ទិន្នានុប្បវត្តិ និងសៀវភៅពុម្ភ ក្នុងទម្រង់ដែលផ្ដល់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ដូចជា អក្សរស្ទាប និងជាសម្លេង ទាំងក្នុងប្រទេស និងក្នុងតំបន់។
ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញានេះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣។ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរគត់នៅអាស៊ាន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញា Marrakesh នេះ ដែលជាការបង្ហាញការប្ដេជ្ញាចិត្តខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ទាំងនៅថ្នាក់ជាតិ និងជាសកល។ ព្រះរាជាណាចក្រកម្ពុជាពុំទាន់បានផ្ដល់សច្ចាប័នដល់ សន្ធិសញ្ញានេះនៅឡើយទេដែលនេះគឺជាជំហានដ៏ចាំបាច់មុនពេលដែលប្រទេសនេះអាចចូលរួមជាផ្លូវការនៅក្នុងសន្ធិសញ្ញានេះ និងដើម្បីទទួលប្រយោជន៍ពីសន្ធិសញ្ញានេះ។
ការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញា Marrakesh នេះតម្រូវឱ្យមានការកែប្រែមួយចំនួននៅក្នុងច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងសន្ធិសញ្ញានេះ។ ឧទាហរណ៍ ព្រះរាជាណាចក្រកម្ពុជាចាំបាច់ត្រូវបញ្ចូលខចែងមួយដែលអនុញ្ញាតឱ្យមានការរៀបចំ និងចែកចាយស្នាដៃនិពន្ធក្នុងទម្រង់ដែលផ្ដល់ការរបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។ វិសាលភាពនៃបញ្ញត្តិមួយចំនួននៅក្នុងច្បាប់នេះ ក៏ចាំបាច់ត្រូវពង្រីកបន្ថែមផងដែរដើម្បីផ្ដល់លទ្ធភាពឱ្យស្ថាប័នដែលទទួលបានការអនុញ្ញាត (ឧទាហរណ៍ ស្ថាប័នមិនរកប្រាក់ចំណេញដែលផ្ដល់សេវាដល់ជនមានពិការភាព ដូចជា រាជរដ្ឋាភិបាល បណ្ណាល័យ និងអង្គការមិនមែនរដ្ឋាភិបាល ដូចជា អង្គការគ្រួសារថ្មី និងសមាគមជនពិការភ្នែកកម្ពុជាជាដើម) អាចនាំចូល និងនាំចេញនូវស្នាដៃនិពន្ធក្នុងទម្រង់ដែលផ្ដល់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។
តាមរយៈការផ្ដល់លទ្ធភាពឱ្យមានការចែករំលែកជាសកលនូវស្នាដៃនិពន្ធក្នុងទម្រង់ដែលផ្ដល់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពបែបនេះ សន្ធិសញ្ញាMarrakesh អាចផ្ដល់ប្រយោជន៍ពិសេសដល់ប្រទេសតូចៗដូចជាព្រះរាជាណាចក្រកម្ពុជាជាដើម ដែលមានសៀវភៅទាំងនេះក្នុងចំនួនតិចតួចនៅឡើយ។ ជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ភ ជាច្រើននាក់នឹងទទួលបានផលប្រយោជន៍ពីសន្ធិសញ្ញានេះក៏ដូចជាសិស្សនិស្សិតដែលចង់រៀនភាសាអង់គ្លេស ឬភាសាផ្សេងទៀត ដែលចាប់អារម្មណ៍ចង់រៀនអក្សរសាស្រ្តបរទេស ឬឯកសារស្រាវជ្រាវវិទ្យសាស្រ្តថ្មីៗ ដែលអាចរកបានពីបណ្ណាល័យនៅក្នុងប្រទេសផ្សេងទៀត។[1]
បន្ថែមលើអត្ថប្រយោជន៍ខាងលើ សន្ធិសញ្ញា Marrakesh អាចផ្ដល់ឱ្យព្រះរាជាណាចក្រកម្ពុជា នូវលិខិតុបករណ៍គតិយុត្តបន្ថែមមួយទៀត ក្រៅតែពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ ដើម្បីស្វែងរកការគាំទ្រ ការគាំពារ និងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព។ សន្ធិសញ្ញានេះក៏អាចជួយឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចលនាអន្តរជាតិ ដែលផ្ដោតលើសិទ្ធិជនមានពិការភាពផងដែរ។
ក្នុងឆ្នាំ២០១៩ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលអំពីច្បាប់ពាក់ព័ន្ធនឹងសន្ធិសញ្ញា ដោយមានការសម្របសម្រួលពីមេធាវីឯកទេសកម្មសិទ្ធិបញ្ញាដែល មកពីសហរដ្ឋអាមេរិក និងជាអ្នកដែលបានចូលរួមផ្ទាល់ក្នុងការរៀបចំ និងការចរចាសន្ធិសញ្ញាMarrakesh នេះ។ វគ្គបណ្ដុះបណ្ដាលនេះបានជួយឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា យល់ដឹងកាន់តែច្បាប់ពីសន្ធិសញ្ញានេះ ក៏ដូចជាពីតួនាទីរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងយល់ដឹងថាតើស្ថាប័នទាំងនេះអាចធ្វើការងាររួមគ្នាបែបណាដើម្បីឈានទៅដល់ការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញានេះ។ ខ្ញុំខ្លួនឯងបានជួយសម្របសម្រួលការពិភាក្សារបស់ក្រសួងទាំងនេះដើម្បីរៀបចំផែនការជំហានបន្ទាប់ដែលនឹងត្រូវធ្វើ។
បើគិតមកដល់ពេលនេះ គឺត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ ក្រោយពេលដែលខ្ញុំបានដឹងពីសន្ធិសញ្ញា Marrakesh លើកដំបូង ហើយចាប់តាំងពីពេលនោះមក អ្នកដែលធ្វើការងារនៅក្នុងវិស័យពិការភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមដឹងនិងស្គាល់ពីសន្ធិសញ្ញានេះយ៉ាងទូលំទូលាយ។ បើទោះជាសន្ធិសញ្ញាមិនទាន់ត្រូវបានផ្តល់សច្ចាប័ន តែយើងមានស្ថាប័នរាជរដ្ឋាភិបាលជាច្រើនដែលបានចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការដើម្បីឈានទៅដល់ការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញានេះ។ ខ្ញុំអាចនិយាយបានថា នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាវឌ្ឍនភាពដ៏ឆាប់រហ័ស ព្រោះថាគេត្រូវការពេលរាប់ឆ្នាំ ទើបអាចឈានដល់ដំណាក់កាលនេះ។ នៅពេលដ៏ខ្លីខាងមុខនេះ UNDPសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំសិក្ខាសាលាជាតិផ្សព្វផ្សាយសន្ធិសញ្ញា Marrakeshដើម្បីបន្តពន្លឿនវឌ្ឍនភាពឆ្ពោះទៅដល់ការផ្ដល់សច្ចាប័នជាមួយនឹងការបង្កើតក្រុមការងារពហុវិស័យដែលជាសមិទ្ធផលដ៏ធំមួយទៀត។
ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានរំលេចឱ្យឃើញអំពីបញ្ហាប្រឈមរបស់ជនមានពិការភាពក្នុងការទទួលបានព័ត៌មាន ដែលនេះគឺជាបញ្ហាប្រឈមសម្រាប់ជនមានពិការភាពបើទោះបីជាក្នុងកាលៈទេសៈធម្មតា។ នេះគឺជាពេលដ៏សមស្របដែលព្រះរាជាណាចក្រកម្ពុជាត្រូវបោះជំហានទៅមុខដើម្បីលុបបំបាត់ឧបសគ្គដែលកើតមាននេះ។
ការផ្ដល់សច្ចាប័ន និងការអនុវត្តសន្ធិសញ្ញា Marrakesh ពិតជាអាចជួយឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរក្នុងទិសដៅមួយដ៏ត្រឹមត្រូវ។ ការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញានេះ គឺស្របទៅតាមការសន្យាជាសកលថាមិនទុកនរណាម្នាក់ចោល និងការឆ្ពោះទៅរកអ្នកដែលត្រូវការជំនួយជាងគេបំផុតមុនគេ ដែលត្រូវបានដាក់ចេញនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាស្របតាមប្រធានបទនៃទិវាជនមានពិការភាពអន្តរជាតិនៅឆ្នាំនេះ នោះគឺ៖ «កសាងឡើងវិញឱ្យកាន់តែប្រសើរ៖ ឆ្ពោះទៅរកពិភពលោកដែលគិតគូរពីការងារពិការភាព បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព និងប្រកបដោយនិរន្តរភាព ក្រោយកូវីដ-១៩។»
ខ្ញុំពិតជារំភើបរីករាយដែលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ និងថ្នាក់សកល ដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីសន្ធិសញ្ញា Marrakesh សូមមើលឯកសារដូចខាងក្រោម៖
ឯកសារសង្ខេបស្ដីពីសន្ធិសញ្ញា Marrakesh សម្រាប់ប្រទេសកម្ពុជា រៀបចំដោយ UNDP កម្ពុជា WBUAP, EIFL, ABC (២០១៧) (មានជាភាសាខ្មែរ) សម្លេង (ភាសាអង់គ្លេស និងភាសាខ្មែរ) និងអក្សរប្រ៊េល។
ការពិនិត្យឡើងវិញផ្នែកច្បាប់ ដើម្បីឈានទៅដល់ការផ្ដល់សច្ចាប័នសន្ធិសញ្ញា Marrakesh សម្រាប់ជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ភបាន៖ កំណែសម្រាប់ព្រះរាជាណាចក្រកម្ពុជា រៀបចំដោយ UNDP កម្ពុជា និង WBUAP (២០១៧) (សំណៅជាភាសាខ្មែរអាចផ្ដល់ជូនបាន ទៅតាមការស្នើសុំ)
[1] ឯកសារសង្ខេបស្ដីពីសន្ធិសញ្ញា Marrakesh សម្រាប់ព្រះរាជាណាចក្រកម្ពុជា